សម័យដែលក្រុងរាជគ្រឹះកំពុងតែរុងរឿង ពេលនោះមេសាសនាធំៗបានចូលទៅផ្សព្វផ្សាយលទ្ធិសាសនាតែរៀងៗខ្លួន ម្នាក់ៗបានប្រកាសថា គឺខាងយើងទើបត្រឹមត្រូវ ដទៃទៀតមិនត្រឹមត្រូវទេ ខាងយើងទើបបានសុខ ដទៃទៀតមិនបានសុខទេ ! ហើយមានការលបកាប់សម្លាប់គ្នាមិនឈប់ឈរ សម្លាប់ដោយចំហរក៏មាន សម្លាប់ដោយការទំលាក់កំហុសដាក់គ្នាក៏មាន ។ ពេលនោះឯងព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនា ក៏បានចូលទៅប្រកាសផ្សាយពីការប្រៀនប្រដៅរបស់ព្រះមានព្រះភាគនឹងគេដែរ ព្រះសារីបុត្តឃើញហេតុបែបនេះលោកបាននិមន្តភិក្ខុដែលមិនសមគួរនឹងគង់នៅឲ្យចាកចេញ ព្រះអង្គគង់តែមួយអង្គឯងនៅក្រុងនោះ ។ ការពោលតែពាក្យពិតធ្វើឲ្យដាច់លាភសក្ការៈរបស់ពួកព្រាហ្មណ៍ ទីបំផុតមានព្រាហ្មណ៍ម្នាក់បានលីដងរែកសំងំនៅញ៉កផ្លូវចាំសំពងលោក ។ ព្រះសារីបុត្តនិមន្តមកដល់ ព្រាហ្មបានសំពងខ្នងនិងព្រះសីសៈលោកត្រាតែទប់ជំហរមិនបាន ព្រះសារីបុត្តជ្រមុញទៅមុខពីរបីជំហាន ! អ្នកស្រុកឃើញដូច្នេះក៏ស្រែកកងរំពងថា ឯងបានប្រហារព្រះអរហន្តយើងដោយដងរែក ! យើងនឹងប្រហារឯងដោយដុំថ្ម កណ្តាប់ដៃ អង្កត់អុស ! អ្នកស្រុកចោមរោមវាយព្រាហ្ម ព្រះសារីបុត្តលោកនិមន្តត្រឡប់មកវិញ ហើយត្រាស់ថា ៖ នេះមិនមែនជាទោសរបស់អាត្មា ក៏មិនមែនជាទោសរបស់ព្រាហ្មណ៍ គឺជាទោសរបស់វដ្តៈ អវិជ្ជានិងតណ្ហាជាមេបិសាចប្រចាំវដ្តៈនេះ ការដណ្តើមលាភគ្នា ជៀសមិនផុតពីការកាប់សម្លាប់ ! ដរាបណាអាត្មាមិនទាន់ចូលបរមនិព្វាន អាត្មានៅតែត្រូវទទួលរងការវាយដំ ការអារបំពង់ក ជាមិនខាន ! ឲ្យតែនៅមានអវិជ្ជាគឺនៅតែមានកំហុសជាធម្មតា ។ សត្វលោករមែងបង្កពៀរនឹងគ្នា អារបំពង់កគ្នាទៅវិញទៅមកជាអនេកជាតិជាធម្មតា បើគេមិនរំងាប់ពៀរដោយការមិនចងពៀរ ! ។ ពេលនោះឯងអ្នកបានស្តាប់ជ្រះថ្លានឹងគាថាព្រះសារីបុត្ត មនុស្សនិងទេព្តារាប់សែនបានសម្រេចមគ្គផលព្រមៗគ្នា ! ។
ព្រះអរហន្តគឺជាមនុស្សដែលគ្មានប្រតិកម្មចិត្ត មនុស្សបែបនេះគឺដូចជាមនុស្សដែលអត់ដឹងអ្វីទាំងអស់ មិនចួលរួមជួយសង្គម អាត្មានិយមតែម្នាក់ឯងអញ្ចឹងទៅឬ ? ទំនងដូចជាការគិតបែបនេះមែន ព្រោះយើងមិនដែលបានពាល់ត្រូវសភាពចិត្តដែលបរិសុទ្ធិបែបនេះឡើយ។ចិត្តបរិសុទ្ធគឺធ្វើអ្វីមិនជាប់ជំពាក់ មិនមួរម៉ៅក្តៅក្រហាយ មិនខាំមាត់បង្ហូរទឹកភ្នែក មិនឋិតក្រោមអំណាចចង់ លោកពន្យល់ប្រាប់តែការពិត គេធ្វើតាមក៏មិនអរ គេមិនធ្វើតាមក៏មិនខឹង ក្នុងចិត្តមានតែសច្ចៈយុត្តិធម៌និងព្រហ្មវិហារធម៌ បំពេញការងារដែលត្រឹមត្រូវជាប់ជានិច្ច គឺដូចជាប្រឆាំងនិងកែប្រែសភាវៈអាក្រក់ដូច្នោះដែរ។ចិត្តបរិសុទ្ធគឺបំពេញការងារក្នុងសង្គមយ៉ាងសកម្ម ព្រោះមើលឃើញប្រយោជន៍របស់ខ្លួនត្រូវបានបញ្ចប់រួចអស់ហើយ។ចិត្តដែលមានតុល្យភាពបែបនេះ គឺលែងធ្លាក់ចុះក្នុងអារម្មណ៍ស្រឡាញ់ស្អប់ ហេតុនេះការងាររបស់លោកគឺលែងចេះធ្វើខុសតទៅទៀតហើយ។កុំឃើញនិយមន័យខាងលើ ហើយស្មានថាមនុស្សអស់កិលេសលែងចេះធ្វើការងារសម្រាប់សង្គមឲ្យសោះ សូមមើលព្រះពុទ្ធចុះ លោកជាបិតាបដិវត្តិជំនឿវប្បធម៌ដ៏ខ្លាំងមហិមា ! ក្នុងសង្គមឥណ្ឌាតើមានអ្នកណាហ៌ានពោលថាជីវិតរបស់ខ្លួនមិនឋិតក្រោមអំណាចព្រះអាទិទេពនោះ ? អ្នកណាហ៊ានពោលពាក្យបែបនេះនឹងត្រូវស្លាប់មុនថ្ងៃរះជាមិនខាន មានតែព្រះពុទ្ធប៉ុណ្ណោះដែលហ៊ានប្រកាសពេញព្រះឪស្ឋ ឥតក្រែងរអែងនរណា លោកនិមន្តដោយបាទាទទេរក្នុង១ថ្ងៃប្រមាណ៤៥គីឡូ ដើម្បីប្រឆាំងនឹងការយល់ខុសរបស់មនុស្ស។នេះហើយជាការងាររបស់មនុស្សដែលមិនមានប្រតិកម្មចិត្តនោះ ! ។

