កុំព្រលែងចិត្តទៅកាន់អារម្មណ៍ក្នុងលោក វាបានតែការក្តៅក្រហាយយកមកវិញទេ ! ។ ទិវានិទាន
មានវត្តនៅភូមិដាច់ស្រយាលមួយ មានតែលោកតាចាស់មួយអង្គគត់នៅគ្រប់គ្រង លោកក្មេងៗបានសឹកទៅរកកាងារធ្វើនៅទីក្រុងអស់ទៅហើយ។លោកតានៅតែឯងកើតរោគអផ្សុក លួចដេកអោប យាយក្មេងម្នាក់ជាគូកំណាន់ចិត្តសឹងរាល់យប់។មានឧបាសិកាជាដូនចាស់ម្នាក់គាត់តែងទៅសុំសីលនៅវត្តនោះមិនដែលខាន ទើបបុរសម្នាក់ដែលបានដឹងរឿងសំងាត់នេះលួចប្រាប់ដូនចាស់ថា អឺយាយ! យាយឯងមិនដឹងទេឬថាលោកតានោះគឺជាសង្ឃបរាជិកទេ រឿងនេះគេដឹងពេញភូមិណា ! យាយឯងគាំទ្រមនុស្សអាក្រក់គឺដូចជាបំផ្លាញសាសនាអញ្ចឹងណា !ឈប់ទៅៗ ! ។លោកយាយញញឹមតបធ្វើងើយ អានាង ! អញមិនមែនមិនដឹងទេ តែបើអត់ពីលោកតាហ្នឹងទៅ តើមានអាណាព្រមទៅដេកចាំវត្តទៅហ្អា ! មុខហ្អែងឬអ្នកទៅដេកចាំ ? លោកនៅយ៉ាងម៉េចក៏គ្រាន់ជាងអត់ លោកនាំឲ្យធ្វើបុណ្យ ឲ្យកូនក្មេងសារក្រោយវាស្គាល់វត្តវ៉ាផង កំហុសតូចមួយនឹងប្រយោជន៍ធំអញសុខចិត្តយកប្រយោជន៍ធំវិញ ឯងកុំម៉្ងៃៗគិតតែពីដើររិះគន់គេខ្លាំងពេក អញមិនដែលឃើញមុខអាពួកពូកែរិះគន់វាបានចូលវត្តម្តងណាឡើយ ! បានហើយ ! អំពើតានោះ ទុកឲ្យគាត់ធ្លាក់នរកខ្លួនឯងទៅ សត្វលោកតែងតែធ្វើកម្មខ្មៅលាយសដូច្នោះឯង។តែពុទ្ធសាសនានៅគង់វង់គឺជារឿងសំខាន់ណាស់ អញឲ្យតែនឹកឃើញជំនាន់អាពតអត់សាសនារលីង អញព្រឺក្បាលប៉ុនពាងទឹកឯណោះ ! ថាហើយលោកយាយងើបបោសគូទចាកចេញទៅ ! ។តើអ្នកយល់យ៉ាងណាដែរពីរឿងនេះ ?

