តាមពិតនៅក្នុងការអនុវត្តន៍ក្នុងការរស់នៅរបស់យើង នៅពេលអ្នកធ្វើសមាធិ ឬចេញពីសមាធិ អ្នកត្រូវកំណត់ដឹងរាល់ការដេក ការដើរ ការឈរ ការអង្គុយ គឺក្នុងស្មារតីដឹងខ្លួនជានិច្ច(កាយនេះឈរ កាយនេះដេក កាយនេះដើរ កាយនេះអង្គុយ ត្រូវនិយាយក្នុងចិត្តជានិច្ចដើម្បីឲ្យកើតសតិដឹងទាន់)។ ពេលអង្គុយសមាធិ អ្នកគួរផ្តោតលើការធ្វើតែប៉ុណ្ណឹង និងការដឹងទាន់រាល់គំនិតដែលកើតរលត់ មិនថាអ្នកកំពុងឈរ ដើរ អង្គុយ ឬដេកទេ អ្នកគួរតែខំប្រឹងដើម្បីចងចិត្តឲ្យតាំងនៅជាមួយរូបកាយជាសមូហភាព កុំឲ្យវាបែកចេញពីគ្នា ត្រាច់រង្គាត់ទៅឆ្ងាយពីរូបកាយ។.
ប៉ុន្តែនៅពេលដែលមនុស្សសិក្សាទ្រឹស្តីច្រើនពេកទៅ ចិត្តពោរពេញដោយពាក្យសម្ដីដែលមាននៅលើសៀវភៅ ហើយតាំងភ្លេចខ្លួនព្រោះជាប់នឹងអញចេះ ពួកគេក៏វង្វេងជាមួយរឿងខាងក្រៅ ហើយតាំងគិតថា សមាធិគឺសម្រាប់តែអ្នកដែលមិនមានប្រាជ្ញា អ្នកដែលមិនចេះទប់ចិត្ត និងមិនមានចិត្តជាប់លាប់នៅក្នុងខ្លួន ។.
សម្រាប់មនុស្សទាំងនេះការសិក្សាអាចជាមូលហេតុនៃការធ្លាក់ចុះការអត់ធន់ ទៅជាកាចមានះទៅវិញផងក៏មាន ។ នៅពេលដែលមនុស្សបែបនេះចូលរួមក្នុងការសិក្សា ពួកគេមិនធ្វើសមាធិ អង្គុយ ឬដើរណាមួយឡើយ ហើយកាន់តែមានភាពអន្ទះសារមិនអត់ធ្មត់បានកើតឡើង ចិត្តរបស់គេកាន់តែវង្វេងក្នុងទ្រឹស្តី ចេះតែលើកហេតុផលមកជំទាស់កិច្ចបដិបត្តិព្រះធម៌ ។ ទីបំផុតឈានទៅដល់ការជជែកគ្នាដោយគ្មានគោលដៅ ខ្វះការអត់ធ្មត់ កើតតែទិដ្ឋិមានះ នេះហើយជាហេតុនាំឲ្យការបដិបត្តិក្នុងសាសនាបានថយចុះ។ មិនមែនដោយសារការសិក្សាពីខ្លួនឯងទេ ប៉ុន្តែដោយសារការសិក្សារឿងខាងក្រៅ ទើបពួកគេត្រូវភ្លេចខ្លួនឯងចោលទាំងស្រុង ! ។

