ទស្សនាទាន !

S
suos-khly

ទស្សនាទាន !
តើវប្បធម៌ អរិយធម៌ និងសង្គមធម៌ខុសគ្នាដូចម្តេច?
វប្បធម៌គឺជាធម៌សំរាប់បណ្តុះបណ្តាលបន្តឲ្យមានជីវិតតទៅសម័យកាលជាខាងក្រោយៗទៀត។អរិយធម៌ ជាធម៌ខ្ពង់ខ្ពស់នៃជនជាតិនិមួយៗ វាសំគាល់ដល់ភាពជឿនលឿននៃប្រទេសជាតិ ឯសង្គមធម៌គឺជាធម៌ដែលនាំឲ្យមានការរស់នៅជួបជុំមិនបែកបាក់គ្នា។ការកាប់សម្លាប់គ្នានៃជនជាតិមួយ ការបែកបាក់គ្នានៃជនជាតិមួយ គឺជាតុរង្វាន់សម្រាប់ជនជាតិមួយទៀត។
នយោបាយមួយដែលចង់កែប្រែឬលុបបំបាត់វប្បធម៌សាសនាគឺត្រូវមានការពិចារណាឲ្យបានត្រឹមត្រូវជាទីបំផុត មិនមែនធ្វើតាមនឹកឃើញបាននោះទេ!។ព្រោះវាមានការទាក់ទងជាមួយអ្នកចូលរួម តើគេយល់ស្របតាមឬទេ? បើការកែប្រែនោះវាជារឿងត្រឹមត្រូវនោះគេនឹងធ្វើតាមឬធ្វើដោយខ្លួនឯងជាមិនខាន ប៉ុន្តែបើវាជាការមិនត្រឹមត្រូវវិញ សូម្បីតែមានការបង្ហូរឈាមគ្នាក៏ពិបាកនឹងកែប្រែបានណាស់ ។ ជនជាតិមួយដែលគេទទួលស្គាល់ថាត្រឹមត្រូវតាមច្បាប់លុះត្រាតែមានលក្ខណះដូចតទៅ
មានពលរដ្ឋ មានភាសាកំណើតផ្ទាល់ មានព្រំដែនទឹកដី មានប្រពៃណីវប្បធម៌ផ្ទាល់ខ្លួន មានប្រវត្តិសាស្ត្រ មានបាវចនាជាតិ មានរដ្ឋធម្មនុញ្ញជាដើម។ល។ប្រពៃណីវប្បធម៌គឺក្តោបយកទាំងអស់ មានវិស័យអក្សរសាស្ត្រ ជំនឿសាសនានិងសិល្បៈ....។ជនជាតិនិមួយៗគេខិតខំថែរក្សាអត្តសញ្ញាណរបស់ជនជាតិគេណាស់ ព្រោះតែមានការបាត់បង់គឺដូចជាមនុស្សអត់ក្បាលរស់អត់ព្រលឹង មិនមានគេស្គាល់នៅក្នុងលោក។ខ្មែរក្រោមលោកខិតខំថែរក្សាមរតកវប្បធម៌ជាតិស្មើនឹងជីវិត នៅថ្ងៃសីលថ្ងៃដាក់បិណ្ឌគេនាំគ្នាទៅវត្តបើទោះជាត្រូវរដ្ឋអំណាចហាមឃាត់យ៉ាងណាក៏ដោយ ចំឡែកតែខ្មែរនៅកម្ពុជាដែលតាំងពីណាពីណីចេះតែនាំគ្នាបំផ្លាញវប្បធម៌របស់ខ្លួនឯងដោយខ្លួនឯង ព្រោះតែស្រវឹងនឹងជីវិត ស្រវឹងនឹងទ្រឹស្តី ហើយអួតថាខ្លួនគឺជាមនុស្សស្នេហាជាតិដល់កំពូលទៀតផង ។ តើប្រពៃណីវប្បធម៌ពិតជាបានធ្វើឲ្យរបបនយោបាយរបស់ជនជាតិមួយចុះទន់ខ្សោយមែនទេ?ថ្វីត្បិតតែវប្បធម៌ខ្ពង់ខ្ពស់នាំឲ្យនយោបាយរឹងមាំ តែការដែលយកប្រពៃណីវប្បធម៌ទៅឡូកឡំនឹងរឿងនយោបាយឋិតក្នុងស្ថានភាពខ្លះគឺមិនត្រឹមត្រូវទេ ព្រោះនយោបាយគឺធ្វើដើម្បីការពារផលប្រយោជន៍និងសេចក្តីសុខតាមផ្លូវកាយចិត្តរបស់មនុស្ស បើធ្វើនយោបាយបានផលត្រឹមតែដេកក្តៅក្រហាយស្តាយក្រោយឬបានត្រឹមតែការបែកបាក់គ្នាមិនដឹងជាខំប្រឹងធ្វើធើអី? ព្រោះតែមនុស្សមានទុក្ខទើបខំនាំគ្នាធ្វើនយោបាយ។ប្រពៃណីវប្បធម៌គឺជាអំនួតរបស់ជនជាតិនិមួយៗ វាជាសេចក្តីសុខតាមផ្លូវចិត្តរបស់មនុស្ស មើលស្រុកថៃចុះ បើតាមជំនឿរបស់ពួកគេសមតែជាមនុស្សទន់ខ្សោយ ប៉ុន្តែតើមានអ្នកណាហ៌ានប៉ះពាល់គេបានទេ?ព្រោះតែគេមិនយកប្រពៃណីវប្បធម៌មកឡូកឡំជាមួយរឿងនយោបាយនេះឯង ។នយោបាយត្រូវមានការសំរបសំរួលនិងសាមគ្គីធម៌ យកព្រលឹងជាតិនិងប្រយោជន៍រួមជាធំទើបផ្លែផ្ការបស់វាមានរសផ្អែម ។

Comments