ចិត្តមានលក្ខណះ៥យ៉ាង ៖
១- ចិត្តជាធំៈ ចិត្តសាងលោក ចិត្តរំលាយលោក ចិត្តតែមួយអាចបំផ្លាញលោកបាន ចិត្តឲ្យរូបស្លាប់ រូបក៏ស្លាប់ ចិត្តឲ្យរូបរស់ រូបក៏រស់ ធ្វើអ្វីបានសម្រេច មិនបានសម្រេចក៏ព្រោះចិត្ត។ បើចិត្តយើងមិនបានធំដូចជាចិត្តគេ ក៏មិនត្រូវក្រឡកតាមចិត្តគេពង្វក់យើងដែរ ! សំភារៈក្នុងលោកកើតពីចិត្តគេ ដើម្បីបោកប្រាស់ចិត្តយើង បើយើងមិនមានស្មារតីដឹងទាន់ទេ យើងនឹងវង្វេងព្រោះតែចិត្តគេបោកជាមិនខាន ។
២- ចិត្តកើតរលត់ជាប់មិនដាច់ៈ នេះជាលក្ខណះសំខាន់ដែលយើងត្រូវដឹង ព្រោះក្នុងជំងឺផ្លូវចិត្ត អ្នកជំងឺតែងភិតភ័យជ្រួលច្របល់តាមអារម្មណ៍កើតឡើង តែពីរ បី នាទីប៉ុណ្ណោះវាក៏រលត់ទៅវិញបាត់ តែគាត់ចេះតែទទួលយកអារម្មណ៍ភិតភ័យនោះយកមកគិត ទើបត្រូវបាក់ស្បាតជាមួយការភិតភ័យនោះ។
៣- ចិត្តដឹងច្បាស់នូវអារម្មណ៍ៈ ធ្វើល្អ អាក្រក់មានខ្លួនជាអ្នកដឹង មិនអាចកុហកខ្លួនឯងបានឡើយ វិប្បដិសារីយ៍គឺជាផលកម្មដែលមិនអាចគេចផុតបានទេ បើទោះជាខ្លួនអះអាងថា ខ្លួនជាមនុស្សមិនចេះឈឺចាប់ដោយសារវិប្បដិសារីយ៍ក៏ដោយ ក៏កម្មចាត់ចែងមិនឲ្យរួចខ្លួនឡើយ កុំសាកលេងជាល្បែងឲ្យសោះ។
៤- ចិត្តមានកាយជាហេតុជាប់គ្នាៈ បើចិត្តគិតរឿងមួយ មានវេទនាមួយបានកើតឡើងលើរាងកាយជានិច្ច ហេតុនេះបើចិត្តគិតអាក្រក់ វាកើតទុក្ខវេទនាលើរាងកាយ បើចិត្តឈឺ កាយក៏ឈឺ បើកាយឈឺ ចិត្តក៏ឈឺ ។
៥- ចិត្តសន្សំនូវវិបាកៈ អ្វីដែលអ្នកបានធ្វើទៅលើអ្នកដទៃ ភវង្គឬ memory របស់ចិត្តនឹងកត់ត្រាទុកទាំងអស់ ហើយវារង់ចាំឪកាសសមស្រប(ច្បាប់រលកសញ្ញា)នឹងហុចផលឲ្យអ្នកវិញមិនបានបាត់បង់ឡើយ ! ។ បើអ្នកជេរគេ អ្នកនឹងត្រូវគេជេរវិញ បើអ្នកប្រើគេឲ្យសម្លាប់ អ្នកនឹងត្រូវគេប្រើឲ្យអ្នកដទៃសម្លាប់អ្នកវិញសមគួរដល់ហេតុ ! កម្មមិនដែលវង្វេងម្ចាស់ម្តងណាឡើយ ! ។ សូមអនុមោទនា !
(បើមិនទាន់ជឿសូមហាត់សង្កេតពិនិត្យមើលដោយប្រុងប្រយ័ត្ន ! )

