គ្រាប់រុក្ខជាតិ ដុះលូតលាស់បានជាដើមឈើ រួចហើយវាអភិវឌ្ឍបានជាផ្កា ផ្លែ លុះផ្លែទុំជ្រុះ គ្រាប់រុក្ខជាតិដែលនៅក្នុងនោះមានចារឹកពីលក្ខណៈឬស ដើម មែក ស្លឹក ផ្កាផ្លែនិងរសជាតិ បានដុះបន្តជាដើមរុក្ខជាតិថ្មីជាបន្តៗទៀត ។ យ៉ាងណាមិញចិត្តមនុស្សក៏ដូចគ្នា វាមានភវង្គជាពួជ ដែលក្នុងភវង្គមានចារឹកលក្ខណៈ កាចស្លូត រួសរាយ រាក់ទាក់ ឆេវឆាវ គម្រោះគម្រើយ រូបរាងល្អ អាក្រក់ ....ទៅតាមចេតនាដែលខ្លួនបានធ្វើទុកមកដោយខ្លួនឯង ។ បើគេមិនអភិវឌ្ឍចិត្ត ចេតសិក ឲ្យបានល្អពីឥឡូវនេះទេ ទៅជាតិមុខ គេនឹងកាន់តែអាក្រក់ទៅ នាំឲ្យមានទុក្ខកាន់តែខ្លាំងឡើង អភិវឌ្ឍរហូតទាល់តែស្ងួតអស់ឋាមពលរបស់ចិត្ត ទើបចិត្តដាច់ពួជលែងកើតតទៅទៀត ។ កម្មជាស្រែ វិញ្ញាណជាពួជ តណ្ហាជាទឹក កុំឲ្យពួជប៉ះទឹកតទៅទៀត ទើបវាលែងដុះ ។ វិញ្ញាណជាបច្ច័យដល់នាមនិងរូប គឺវិញ្ញាណជាឋាមពលដើមរបស់ខ្លួនឯងផ្ទាល់ផង ឯនាមរូបគឺទទួលបានពីមេពីបាខ្លួនឯងផង ។

