សទ្ធា៤យ៉ាងតើដូចម្តេច?
១- កម្មសទ្ធាៈ ការជឿជាក់លើច្បាប់កម្មផល ។ កម្មៈប្រែថាអំពើ សត្វលោកគ្រប់រូបតែងធ្វើអំពើដោយចេតនាខ្លះ ដោយអចេតនាខ្លះ តែច្បាប់កម្មធ្វើការគឺអំពើដោយចេតនា ដោយអចេតនាកម្មមិនធ្វើការទេ ។ បើអ្នកមិនជឿលើច្បាប់កម្ម មានន័យថាអ្នកមិនជឿលើអំពើរបស់ខ្លួនឯងទេ ច្បាប់កម្មគឺអ្វីដែលអ្នកធ្វើចេញទៅវានឹងឡងត្រឡប់លទ្ធផលមកអ្នកវិញក្នុងថ្ងៃណាមួយ ច្បាប់កម្មគឺជាច្បាប់ហេតុនិងផល(Cause and result , Action and reaction) មានហេតុទើបមានផល ផលជារបស់ហេតុ ផលមិនដែលកើតប្រាសចាកហេតុ ហេតុមិនដែលគ្មានផល កម្មមិនដែលវង្វេងម្ចាស់ ។ សត្វលោកមានកម្មជារបស់ខ្លួន តែងប្រព្រឹត្តិទៅតាមកម្ម កម្លាំងដទៃស្មើដោយកម្លាំងកម្មមិនមាន កម្មដ៏តិចតួចឯណាមិនឲ្យផលមិនមាន យ៉ាងនេះជាដើម ។ កម្មចែកជា កម្មស កម្មខ្មៅ កម្មសលាយខ្មៅ កម្មចាស់ កម្មថ្មី ឯកជនកម្ម សមូហកម្ម នឹងចែកជា១២យ៉ាងទៅតាមការឲ្យផល ។
២- វិបាកសទ្ធាៈ ជឿច្បាស់ថា កម្មមានផលរបស់កម្ម ។
៣- កម្មស្សកតាសទ្ធាៈ ជឿថាសត្វលោកមានកម្មជារបស់ខ្លួន មានកម្មជាទីពឹង ទៅមកដោយកម្មរៀងៗខ្លួន ។
៤- តថាគតពោធិសទ្ធាៈ ជឿលើការត្រាស់ដឹងរបស់ព្រះពុទ្ធ គោរពតាមការប្រៀនប្រដៅរបស់ព្រះអង្គ ជឿថាការប្រៀនប្រដៅនោះពិតជារួចចាកទុក្ខបានយ៉ាងពិតប្រាកដ ។

