ឈឺច្រើន ដេកមិនលក់ បញ្ឈភ្នែកដល់ម៉ោង១ ម៉ោង២យប់

T
ឈឺច្រើន ដេកមិនលក់ បញ្ឈភ្នែកដល់ម៉ោង១ ម៉ោង២យប់។
អាការបែបនេះ មានជិត១ខែហើយ។ 
ហើយនេះក៏ជាហេតុផល ដែលខួរក្បាលធ្វើការយឺត ស្ពឹកស្រពន់ គិតមិនរហ័ស ឬ អសមត្ថភាពក្នុងការគិត ឬ ប្រើគំនិត ។
ពេលខ្លះ ត្រឹមអត្ថបទខ្លីមួយ ក៏សរសេរមិនបានល្អ ឬ សរសេរមិនបានសោះ បើកបិទៗ ហើយក៏ហីទៅ......
ក៏គិតថា ប្រហែលជាដល់ពេលត្រូវសម្រាក លម្ហែខ្លះទើបបាន។ តែនៅតែគ្មានលទ្ធផល...អារម្មណ៍បែកខ្ញែកមិនដឹងទៅណាខ្លះទេ។
ការភ្លេចភ្លាំង ចាប់ផ្ដើមចូលមកជំនួស ការចងចាំ ...។
មួយរយៈនេះធ្វើអីក៏មិនបានល្អ ងាកទៅណាក៏ឃើញតែភាពប្រេះស្រាំ និង បរាជ័យ។ បែរមកសុខភាពផ្លូវកាយ ក៏ចាប់ផ្ដើមប្រែប្រួល ដេកមិនលក់ ខ្ជិលច្រអូស ផ្លូវចិត្តក៏លែងនឹងន ។
ពេលខ្លះអង្គុយគន់មើលខ្សែជីវិតខ្លួនឯង ហើយសួរថា ថ្ងៃមុខនឹងទៅជាយ៉ាងណា? សួរហើយ មិនត្រឹមតែមិនបានចំលើយ តែបែរមានសម្ពាធលើសលន់។
សរុបមក ពេលនេះបើមានគេសួរថា អ្វីជាអត្ថន័យជីវិតសម្រាប់អ្នក?
ពេលនេះខ្ញុំមានចំលើយលឿនរហ័សគឺ៖
📍ការមានសុខភាពល្អ ការមានដំណេកដ៏សុខស្កប់ ដោយមិនបាច់ភ្ញាក់ឡើងកណ្ដាលអាធ្រាត្រស្ងាត់។ ការបានប្រើប្រាស់ពេលវេលានៅសល់ ឱ្យពេញលក្ខណៈ និងបត្រឹមត្រូវ។
បើមានគេសួរទៀតថា ពេលវេលាដ៏ស្រស់ស្អាតបំផុតតើមាននៅពេលណា?
ក៏នឹងឆ្លើយថា៖
📍ពេលវេលាដែលស្រស់ស្អាតបំផុតសម្រាប់ខ្ញុំគឺការ មានពុក មានម៉ែ ដែលមានសុខភាពល្អ ហើយកំពុងនៅជាមួយខ្ញុំ។
អាយុកាន់តែច្រើន ការផ្លាស់ប្ដូរក៏ចូលមករកយើងគ្រប់រូបភាព។បំណងប្រាថ្នាធំៗជាច្រើន បានផ្លាស់មកនៅត្រឹមការមានសុខភាពល្អ មានម៉ែ មានពុក ដែលមានសុខភាពល្អ ហើយនៅជុំគ្នា។
ខ្ញុំសង្កេតឃើញថា រឿងរ៉ាវច្រើនណាស់មានជ្រុះបាត់ទៅតាមកាលវេលា មានទាំងមនុស្សល្អ និង មនុស្សមិនល្អ បានចូល ហើយក៏ចេញពីជីវិតរបស់យើងទៅ ដោយមិនបាច់ដេញ និង មិនអាចឃាត់ ។
គ្រប់យ៉ាងហាក់បីដូចជាមានដែនកំណត់ មានរង្វាស់រង្វាល់រួចស្រេច។ ពេលវេលាចូល និង ចេញពីជីវិតរបស់យើង ក៏ត្រូវបានកំណត់រួចស្រេច។

Comments