ច្រណែន
នៅពេលដែលខ្ញុំឃើញនរណាម្នាក់មានប្រាជ្ញាឆ្លាតវាងវៃ មានទ្រព្យសម្បត្តិ មានរូបសម្រស់ស្រស់ស្អាត មានអ្នករាប់អានច្រើន...ខ្ញុំតែងមានអារម្មណ៍តូចចិត្តនឹងខ្លួនឯងដែលមិនឆ្លាត មិនមានទ្រព្យសម្បត្តិ និងមិនស្អាតដូចគេ។ ហេតុអ្វីក៏គេល្អបែបនេះ? ហេតុអ្វីខ្ញុំមិនមែនជាគេ?
ប៉ុន្តែនៅពេលដែលខ្ញុំគិតយូរៗទៅ ក៏នឹកឃើញថា ទម្រាំគេឆ្លាតបែបនេះ តើគេត្រូវប្រឹងរៀនដល់កម្រិតណា ស្របពេលដែលខ្ញុំវិញគ្រាន់តែរៀនបែបលេងៗ។ គេមានលុយបែបនេះ តើគេខិតខំរកខ្លាំងប៉ុនណាទៅ ស្របពេលខ្ញុំមិនបានធ្វើអ្វីសោះ។ គេមានរូបសម្រស់ស្អាតដោយសារតែគេបានមើលថែរាងកាយនិងសុខភាពរបស់គេបានល្អ ចំណែកឯខ្ញុំមិនបានខ្វល់អំពីសុខភាពផ្ទាល់ខ្លួនបន្តិចសោះ។ គេជាមនុស្សមានអ្នករាប់អានច្រើនក៏ព្រោះតែគេអាចរីករាយសាទរជាមួយនឹងរឿងល្អរបស់អ្នកដទៃ ខុសពីខ្ញុំដែលគិតតែច្រណែនគេដែលល្អជាងខ្លួនទៅវិញ។
បើខ្ញុំរវល់តែគិតបែបនេះ តើពេលណាទើបខ្ញុំអាចរស់នៅដោយស្ងប់ចិត្តបានទៅ? បើរវល់តែគិតបែបនេះ តើកាលណាទើបខ្ញុំអាចបានល្អដូចគេទៅ? បើខ្ញុំយកពេលដែលគិតបែបនេះទៅប្រឹងប្រែងធ្វើអ្វីផ្សេងដែលខ្លួនចង់បាន ខ្ញុំច្បាស់ជាទទួលបាននូវអ្វីដែលប៉ងទុកនោះហើយ។
បើយើងមានចិត្តបែបនេះ ផ្លូវដោះស្រាយគឺមានតែអប់រំចិត្តឱ្យវាបំបាត់ចិត្តដែលច្រណែនអ្នកដទៃ ងាកមកមើលខ្លួនឯង ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ប្រឹងប្រែងធ្វើអ្វីសម្រេចបំណងដែលខ្លួនចង់បាន។ បើយើងចាំតែច្រណែនគេ ចាំតែប្រៀបធៀបជាមួយនឹងអ្នកផ្សេង យើងរកក្តីសុខមិនឃើញឡើយ។ យើងឃើញគេល្អជាងខ្លួន ប៉ុន្តែតើធ្លាប់គិតទេថា មានមនុស្សមិនតិចទេដែលគេក៏ចង់ក្លាយជាអ្នក ចង់រស់នៅដូចអ្នកដែរ។ នេះបញ្ជាក់ថា អ្នកក៏មិនអន់អីប៉ុន្មានដែរ ត្រូវពេញចិត្តជាមួយនឹងអ្វីដែលខ្លួនមាន។

