"ប្រវត្តិប្រសាទភ្នំជីសូរ"
អ្នកកសាង:
ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង:
ដើមសតវត្សរ៍ទី១១
ឧទ្ទិសថ្វាយ:
ព្រះសិវៈ ព្រាហ្មណ៍សាសនា
" ស្ថាបត្យកម្ម:"
រចនាបថឃ្លាំង និងបាពួន
ទីតាំង:
ភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ
"ប្រវត្តិប្រាសាទ "
កែប្រែ
សំណង់នៃប្រាង្គប្រាសាទបុរាណជាមត៌កវប្បធម៌ខ្មែរដ៏មានតម្លៃដោយមិនអាចកាត់ថ្លៃបានឡើយ។ លក្ខណៈពិសេសនៃបុរាណដ្ឋាននេះគេតែងមានការកត់សំគាល់នូវប្រវត្តិនៃការកសាងពីរ បែបខុសគ្នា គឺតាមរយៈអ្នកបុរាណវិទ្យាធ្វើការសិក្សាស្រាវជ្រាវតាម រយៈសិលាចារឹកផង និងមួយបែបទៀតតាមរយៈរឿងព្រេង និទានដែលប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញប្រាសាទមានការចេះចាំមាត់ហើយបាននិយាយតៗ គ្នាផង។ តាមសិលាចារឹក លើភ្នំជីសូរ មានឈ្មោះថា ស្រីសូរ្យបព៌ត ឫ សូរ្យបព៌ត ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១។នៅក្នុងប្រាសាទភ្នំជីសូរមាន សិលាចារឹកពីរ សិលាចារឹកទីមួយនិយាយពីការថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថា នៅសូរ្យបព៌ត ដែលមានន័យថា ភ្នំសូរ្យ នៅក្នុងឆ្នាំ១០១៩ នៃគ្រិស្តសករាជ។ ចំនែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទីពីរ បានអធិប្បាយពីរាជវង្សរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអាយ្យកាអាយ្យកោរបស់ព្រះអង្គគឺជាកូនចៅរបស់ស្ដេចហិន្យវរ្ម័ន៕
" មណ្ឌប"
តាមសិលាចារឹកនៅប្រាសាទព្រះវិហារខេត្តព្រះវិហារ បានរៀបរាប់ពី ការធ្វើពិធីសេវលិង្គឈ្មោះសូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឫ ជីសូរនៅក្នុងឆ្នាំ១០១៨ នៃគ្រិស្តសករាជ។ ចំណែកឯសិលាចារឹកអង្គរខេត្តសៀមរាប បានហៅប្រាសាទភ្នំជីសូរថា ស្រីសូរ្យគីរី និងរៀបរាប់អំពីព្រះអាទិទេពដែលជាស្ដេចនៃចក្រវាល ដែលខ្មែរបុរាណហៅថា កម្រតេងជគត ដែលបានតម្កល់នៅប្រាសាទនេះ។ ប៉ុន្តែបើយើងនិយាយ អំពីតាមបែបរឿងព្រេងនិទានវិញនោះ មានប្រវតិ្តនៃការកសាងប្រាសាទភ្នំជីសូរ ដូចតទៅនេះ ៖
សិលាចារឹកនៅប្រាសាទភ្នំជីសូរ
ចាស់ទុំដែលរស់នៅតំបន់ជុំវិញភ្នំជីសូរ នៅតែមានការចេះចាំហើយបានតំណាលរឿងព្រេងនិទាននេះបន្តឲ្យកូនចៅបានចេះចាំតៗគ្នាពីមាត់មួយទៅមាត់មួយថាកាលពីព្រេងនាយមានមហាក្សត្រមួយអង្គគង់នៅព្រះរាជនិវេសន៍មួយកន្លែងឋិតនៅខាងកើតភ្នំជីសូរនៅជិតទន្លេមួយឈ្មោះថាទន្លេឱម។ រាជនិវេសន៍នោះឈ្មោះថា «សែនភូវាំង» ដែលមានឈ្មោះ និងស្លាកស្នាមនៃទីកន្លែងមកទល់នឹងសព្វថ្ងៃនេះ។កាលណោះមានការរៀបចំពិធីមួយហៅថាជាការកោរសក់កូនស្តេច ដែលពាក្យរាជស័ព្ទ ហៅថាពិធីចម្រើនព្រះកេសព្រះរាជឱរស។ ក្នុងគ្រានោះដែរ ក៏មានពួកព្រាហ្មណ៍ ជាគ្រូអាចារ្យសំខាន់ៗ បានជូនពរសព្ទ សាធុការពរជ័យដល់ព្រះរាជ ឱរសនោះ។ ប៉ុន្តែគេបានធ្វើការចាប់អារម្មណ៍ចំពោះព្រាហ្មណ៍ចុងក្រោយដែលបានជូនពរជ័យដល់ព្រះ រាជឱរសថាសូមឲ្យខ្លាំងដូចស្រមោចឱ្យពូកែដូចខ្មោច និងមានចិត្តមុតដូចស្រី។ គ្រានោះដែរមជ្ឈដ្ឋាន
ភ្ញៀវចូលរួមទាំងអស់និង ព្រះមហាក្សត្រផងដែរ បានឆ្ងល់ទៅនឹងខ្លឹមសារនៃពរជ័យនោះហើយសេ្តក៏បាន
ឱ្យព្រាហ្មណ៍នោះធ្វើការពន្យល់ដើម្បីឱ្យអស់សង្ស័យ។ ព្រាហ្មណ៍នោះបានបកស្រាយដូចតទៅៈ
ពរទី១ ខ្លាំងដូចស្រមោច គឺសំដៅទៅលើការកំណត់ច្បាស់ថា ស្រមោចវាជាសត្វមានកម្លាំងខ្លាំង។ ទន្ទឹមនេះដែរព្រាហ្មណ៍បានបញ្ជាក់ថាឱ្យយកដែកប៉ុនខ្លួនមនុស្សហើយឲ្យមនុស្សលើកម្នាក់ឯង។ ពេលនោះមនុស្សលើកដែកនោះពុំរួចទេ។ ប៉ុន្តែបើគេយកម្ជុលទំហំប៉ុនខ្លួនស្រមោចហើយមានការប្រឡាក់ទឹកឃ្មុំនោះគេ ឃើញស្រមោចមួយពាំទៅបាត់។ នេះហើយដែលហៅថា ខ្លាំងដូចស្រមោច។
ពរទី២ពូកែដូចខ្មោច គឺឲ្យយកខ្មោចតៃហោងទាំង៧ ទៅកប់នៅផ្នូរ ជិតៗគ្នាបរិវេណតែមួយមានរាងជារង្វង់ហើយមានកប់ផ្តិលប្រាក់នៅទីកណ្តាលនោះដែរ។ នៅពេលយប់គេមានរៀបចំ ពែអុជធូបសែននៅទីនោះដែលគេសួរថា តើមាននរណាហ៊ានទៅជីកកកាយយកផ្តិលប្រាក់ទាំងយប់ ឬក៏អត់? គេថាមិនមាននរណាហ៊ានទៅជីកយកទេ។ នេះហើយ
ដែលគេហៅថាមានឫទ្ធិពូកែដូចខ្មោចនោះ។
ពរទី៣ ចិត្តមុតដូចស្រី គឺមានដំណើររឿងជាក់ស្តែងដែលបានបង្ហាញថា ស្រ្តីមានចិត្តដាច់ដោយហ៊ានសម្លាប់ប្តី ដើម្បីបានទ្រព្យសម្បត្តិ និងកិត្តិយស។ ចំណែកឯប្តី វិញមិនហ៊ានសម្លាប់ប្រពន្ធដើម្បីទ្រព្យសម្បត្តិ និងបុណ្យសក្តិនោះឡើយ។ នេះហើយដែលមានការលើកឧទាហរណ៍បញ្ជាក់ឱ្យឃើញជាក់ស្តែងថាពិតជាស្រ្តីភាពមានចិត្តមុតមែន។
" ផ្លូវឡើងទៅខាងលើភ្នំ"
នៅពេលដែលបានជ្រាបនិងទ្រង់ជ្រាបបានច្បាស់ពីអត្ថន័យតាមការជូនពរនោះហើយ ភ្ញៀវទាំងអស់ក្នុងពិធីនោះព្រមទាំងព្រះមហាក្សត្រផង មានការយល់ព្រមហើយមានការគាំទ្រនិងលើកតម្លើង ព្រាហ្មណ៍នោះជារាជគ្រូក្នុងការបង្ហាត់បង្រៀនដល់កូនស្តេចទៀតផង។ មិនតែប៉ុណ្ណោះព្រះមហាក្សត្របានកសាងអាស្រមនៅលើភ្នំជីសូរ គឺប្រាសាទភ្នំ
ជីសូរទុកជាមរតកមកទល់នឹងបច្ចុប្បន្ននេះ ដើម្បីជូនដល់ព្រាហ្មណ៍នោះ គង់នៅព្រមទាំងធ្វើជាបូជនីយ ដ្ឋាននៃការគោរពសក្ការៈផងដែរ។

