ជីវប្រវត្តិ សង្ខេប៖ នួន ជា បងធំ ទីពីរ នៃ របប ខ្មែរ ក្រហម

T
នួនជា ត្រូវគេ ស្គាល់ថា គឺជា មេដឹកនាំ ខ្ពស់ បំផុត លំដាប់ ទីពីរ ឬ ជា បងធំ ទីពីរ ក្នុង សម័យ កម្ពុជា ប្រជា ធិបតេយ្យ។ គាត់ ត្រូវ ចាប់ខ្លួន ដោយ សាលាក្ដី ខ្មែរ ក្រហម ពី ខេត្ត ប៉ៃលិន នៅ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០៧ ក្រោម ការចោទ ប្រ កាន់ ពី បទ ឧក្រិដ្ឋកម្ម ប្រឆាំង នឹង មនុស្សជាតិ ឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ ដែល ទាក់ទង នឹង ការ ធ្វើ ទារុណកម្ម និង ការធ្វើ ទុក្ខ បុកម្នេញ ខាង ផ្នែក សាសនា ការធ្វើ មនុស្ស ឃាត និង ការចោទ ប្រកាន់ ពី បទ ឧក្រិដ្ឋកម្ម សង្រ្គាម។ បទ ចោទ ទាំងនេះ ទាក់ទង ទៅនឹង ការស្លាប់ របស់ ប្រជាពលរដ្ឋ កម្ពុជា យ៉ាង តិច ១,៧ លាន នាក់។
នួន ជា បាន កាន់កាប់ តួនាទី ជា ប្រធាន សភា ប្រជាជន នៃ របប កម្ពុជា ប្រជាធិបតេយ្យ ជា អនុលេខា បក្ស នៃ បក្ស កុម្មុយនីស្ត កម្ពុជា ជា សមាជិក គណៈ កម្មាធិការ អចិន្រៃ្តយ៍ និង គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយ នីស្ត កម្ពុជា។
សាលាក្ដី ខ្មែរ ក្រហម ក៏បាន ចោទ ប្រកាន់ លោក នួន ជា ថា ជា សមាជិក គណៈ កម្មាធិការ យោធា នៃ គណៈ កម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត កម្ពុជា។ ប៉ុន្តែ នួន ជា បាន បដិសេធ តួនាទី ចុង ក្រោយ នេះ។ នេះ បើ ផ្អែក តាម ឯកសារ របស់ សាលាក្ដី ខ្មែរ ក្រហម។
លោក ឆាំង យុ នាយក មជ្ឈ មណ្ឌល ឯកសារ កម្ពុជា មាន ប្រសាសន៍ ថា លោក នួន ជា គឺជា មនុស្ស ដែល ប្រកាន់ គោល នយោបាយ បក្ស កុម្មុយនីស្ដ ជ្រាលជ្រៅ បំផុត។
«គាត់ ជាទូទៅ ត្រូវ បាន គេ វិនិច្ឆ័យ ថា ជាមនុស្ស ដែល មាន គំនិត មនោ គមវិជ្ជា ជ្រៅជ្រះ ជាង មេដឹក នាំ មួយ ចំនួនទៀត នៅក្នុង របប កម្ពុជា ប្រជាធិបតេយ្យ។ ហើយ មួយទៀត គាត់ នៅក្នុង គណៈ កម្មាធិការ មជ្ឈិម បក្ស នៃបក្ស កុម្មុយនីស្ដ នៃ បក្សកុម្មុយនីស្ដ កម្ពុជា ដែល ជា អ្នកសម្រេច នូវ គោលនយោបាយ និង ផែនការ ហើយ គោលនយោបាយ និង ផែនការ នេះ ឯង ដែល ដាក់ ចុះមកឲ្យ កម្មាភិបាល ថ្នាក់ក្រោម អនុវត្ត ហើយ ដែល បង្ក ឲ្យមាន ការអត់អាហារ មនុស្ស ស្លាប់ ដោយ ជំងឺ អត់ថ្នាំ សង្កូវ និង ការកាប់សម្លាប់ អស់ មនុស្ស រាប់លាន នាក់»។
កើត នៅ ភូមិ វត្ត គ ខេត្ត បាត់ ដំបង នៅ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ១៩២៦ នួន ជា មាន ឈ្មោះ ដើម គឺ ឡុង ប៊ុនរួត។
គាត់ បាន ទៅ បំពេញ ការ សិក្សា ផ្នែក ច្បាប់ នៅ សាកល វិទ្យាល័យ ធម្មសាស្រ្ត ក្នុង ទីក្រុង បាងកក ប្រទេស ថៃ។ ក្នុង ពេល ស្នាក់នៅ ទីនោះ ចន្លោះ ពីឆ្នាំ ១៩៤៥ ដល់ ឆ្នាំ ១៩៤៨ នួន ជា បាន ចូលរួម ជា មួយ បក្ស កុម្មុយនីស្ត ថៃ និង បាន បម្រើការ ជាបុគ្គលិក ម្នាក់ ក្នុង ក្រសួង ការ បរទេស ថៃ ក្នុង នាយកដ្ឋាន ឥណ្ឌូចិន និង ប្រទេស ភូមា។
នៅ ឆ្នាំ ១៩៦០ គាត់ ត្រូវបាន តែងតាំង ជា អនុលេខា បក្ស នៃបក្ស កុម្មុយនីស្ត កម្ពុជា និង ជា សមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃ បក្សកុម្មុយនីស្តក ម្ពុជា។ គាត់ ស្ថិត នៅក្នុង តំណែង ទាំងពីរ នេះពេញ មួយ របប កម្ពុជា ប្រជា ធិបតេយ្យ របស់ ពួក ខ្មែរ ក្រហម។
គឺជា កូន ទី បី ក្នុង គ្រួសារ ដែល មាន កូន ចំនួន ប្រាំបួន នាក់ ឪពុក របស់ នួន ជា គឺជា ជនភៀស ខ្លួន មក ពី ប្រទេស ចិន នៅ ចំ សម័យ ដែល ខេត្ត បាត់ដំបង ស្ថិត ក្រោម ប្រទេស ថៃ កាន់កាប់ នៅ ឡើយ។
យោងតាម ឯកសារ ដែល មាន ចំណង ជើង ថា វចនានុក្រម ខ្មែរ ក្រហម របស់ លោក សូឡូម៉ុង កាន់ បាន បង្ហាញ ថា នៅចុង ឆ្នាំ ១៩៥០ នួន ជា បាន ចូលរួម ចលនា តស៊ូ កុម្មុយនីស្ដ ទ័ព ព្រៃ ប្រឆាំង នឹង បារាំង ដើម្បី ទាមទារ ឯករាជ្យ។
គាត់ បាន ឡើង កាន់កាប់ តួនាទី ជា នាយក រដ្ឋមន្ដ្រី ស្ដីទី ចាប់ពី ខែ កញ្ញា ឆ្នាំ ១៩៧៦ ដល់ ខែ មករា ឆ្នាំ ១៩៧៧ និង ឡើង ធ្វើ ជា ប្រធាន សភា ពីឆ្នាំ ១៩៧៦ ដដែល រហូតដល់ ឆ្នាំ ១៩៧៩។
គេហទំព័រ ដែល មាន ឈ្មោះ ថា យុត្តិធម៌ សម្រាប់ កម្ពុជា បញ្ជាក់ ថា នួន ជា ត្រូវបាន ចាត់តាំង ជា បង ធំ ទី ២ នៃ គណៈកម្មការ អចិន្ដ្រៃយ៍ របស់ គណៈកម្មាធិការ កណ្ដាល នៅ ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ១៩៧៥។ គាត់ មាន មុខងារ ទទួល ខុសត្រូវ ផ្នែក សុខមាលភាព សង្គម វប្បធម៌ ឃោសនាការ និង ការ អប់រំ។
នួន ជា បាន ដាក់ បញ្ជា ឲ្យ បង ខៀវ ឬ សុន សេន មើល ការខុស ត្រូវ ឌុច ដោយ ផ្ទាល់ នៅ ទួលស្លែង ឬ មន្ទីរ ស២១ នៅ ទីនោះ ដែល មនុស្ស យ៉ាងតិច ចំនួន ១២.៣៨០ នាក់ បាន ត្រូវ បាន សម្លាប់។
យ៉ាងហោច ណាស់ នួន ជា ទទួល បាន ឯកសារ សារភាព របស់ កងទ័ព ខ្មែរ ក្រហម ចំនួន ២៧។ កងទ័ព ទាំងនេះ ដែល ត្រូវ បាន ចាប់ យក ទៅ ឃុំឃាំង និង សម្លាប់ ចោល នៅ មន្ទីរ ស ២១។
វចនានុ ក្រម ខ្មែរ ក្រហម របស់ លោក សូឡូម៉ុង កាន បញ្ជាក់ ថា នួន ជា ក៏បាន ដាក់ បញ្ជា នៅចុង ឆ្នាំ ១៩៧៨ ឲ្យ សម្លាប់ យោធា ខ្មែរ ក្រហម ចំនួន ៣០០ នាក់ នៅ តំបន់ បូព៌ា និង សម្លាប់ វន វ៉េត។ វន វ៉េត ជា អតីត ឧបនាយក រដ្ឋមន្ដ្រី និង ជាអ្នក ស្និទ្ធ បំផុត ម្នាក់ របស់ ប៉ុល ពត ដែល ជា មេ ស្ថាបនិក របប ខ្មែរក្រហម។
ដោយ ជាប់ ទាក់ទង នឹង ការសម្លាប់ បោស សម្អាត មនុស្ស ដែល កើន ដល់ ចំនួន១០០.០០០នាក់ នៅ តំបន់ បូព៌ា នៅ ពាក់ កណ្ដាល ឆ្នាំ ១៩៧៨ នួន ជា ដើរ តួយ៉ាង សំខាន់ ក្នុង ការបញ្ជា ឲ្យ សម្លាប់ បញ្ញជន កម្ពុជា មកពី ក្រៅ ប្រទេស ដែល ត្រូវ ឃុំឃាំង នៅគុក បឹង ត្របែក ប ៣២ នៅ ភ្នំពេញ និង គុក ប ១៧ និង ប ១៨ នៅ ខេត្ត កំពង់ចាម។ក៏ប៉ុន្ដែ នៅក្នុង បទសម្ភាសន៍ មួយ ជាមួយ ទូរទស្សន៍ PBS (Public Broadcasting Service) របស់ សហរដ្ឋ អាមេរិក នួន ជា មិន ទទួល ស្គាល់ ការកាប់ សម្លាប់ នេះ ទេ។ គឺ គ្រាន់តែ មាន ការស្ដាយ ក្រោយ តែ ប៉ុណ្ណោះ។
«ខ្ញុំ គោរព នូវ វិញ្ញាណក្ខន្ធ របស់ ប្រជាពលរដ្ឋ ខ្ញុំ ដែល បាន លះបង់ អាយុ ជីវិត ហើយ ក៏ខ្ញុំ សម្តែង នូវ ការសោកស្តាយ ហើយ ជម្រាប ឲ្យ ឃើញ ថា មិនមែន កម្ពុជា ប្រជាធិបតេយ្យ ជា អ្នក សម្លាប់ ប្រជាជន កម្ពុជា របស់ ឯង ទេ គឺ ប្រទេស ដែល គេ តាំងខ្លួន ជា អមិត្ត ជាមួយ កម្ពុជា ប្រជាធិបតេយ្យ ហើយ ខ្ញុំ សូម អនុញ្ញាត មិន ចេញ ឈ្មោះ ប្រទេសណា ដើម្បី បែក បាក់ សាមគ្គី ទេ»។
ក៏ ដូចជា មេដឹកនាំ ខ្មែរ ក្រហម ដទៃ ទៀត ដូចជា ប៉ុល ពត ដែល បាន ស្លាប់ ក្នុង ព្រៃ ជ្រៅ កាលពី ឆ្នាំ ១៩៩៨ តា ម៉ុក ដែល ត្រូ វបាន ចាប់មក ឃុំ ខ្លួន ដោយ រដ្ឋាភិបាល ហើយ បាន ស្លាប់ នៅមុន ពេល ការកាត់ ទោស មក ដល់ នួន ជា បាន យក ចង្អុល ដៃ តម្រង់ ទៅរក ប្រទេស វៀតណាម ថា ជាអ្នក បង្ក ការកាប់ សម្លាប់ ប្រជាជន ខ្មែរ ទាំង ជិត ពីរ លាន នាក់ នោះ។

Comments