មនុស្សគ្រប់រូបសុទ្ធតែអាចធ្វើឱ្យសុបិន្តរបស់ខ្លួនក្លាយជាការពិត
ដើមឈើមួយដើមនេះបានផ្ដល់កន្លែងឲខ្ញុំដេកអានសៀវភៅជាង១០ឆ្នាំ។ ខ្ញុំចាំថារាល់ពេលដែលខ្ញុំ ទៅឃ្វាលគោ តែងមានសៀភៅមួយ ឬពីរក្បាលតាមខ្លួន។ មានពេលមួយនោះ ខ្ញុំរៀនប្រហែលថ្នាក់ទី៧ ដោយរវល់តែជក់ចិត្តអានសៀភៅអំពីជីវិតនៅតំបន់ប៉ូល ស្រាប់តែបាត់គោមិនដឹងទៅណា។
ខ្ញុំភ័យយ៉ាងខ្លាំងព្រោះវាជាគោដែលខ្ញុំប្រវាស់ពីគេដើម្បីយកកូនតែប៉ុណ្ណោះ បើបាត់ខ្ញុំប្រាកដជាមិនមានលទ្ធភាពសងគេទេ។ ខ្ញុំខំដើររកកាត់តាមព្រៃមាត់អូរ រួចឆ្លងអូរដែលមានទឹកហូរខ្លាំងទៅភូមិផ្សេងទើបរកឃើញមេគោនោះរិញរហូតម៉ោងជិត៩យប់ទៅហើយដោយមានភ្លៀងផង រន្ទះផង ផ្គរផង និងមានខ្យល់ខ្លាំងផង។ ពេលនោះយាយខ្ញុំគាត់ភ័យខ្លាំងណាស់។ តែអ្វីដែលគួរឲស្ដាយនោះគឺពេលត្រលប់មកដល់ផ្ទះវិញ ទើបខ្ញុំដឹងថា សៀវភៅជាទីស្រលាញ់របស់ខ្ញុំបានបាត់ទៅហើយ។
ព្រឹកឡើងខ្ញុំខំក្រោកពីព្រឹកដើររកគ្រប់កន្លែងដែលខ្ញុំបានដើររកគោ។ តែរកមិនឃើញសោះ។ ខ្ញុំអង្គុយយំអស់ជិតមួយថ្ងៃ ហើយតូចចិត្តអស់មួយថ្ងៃទៀតដោយសារតែបាត់សៀវភៅដែលខ្ញុំបានអានចប់៣ទៅ៤ដងរួចហើយ ឬអាចសូត្រឡើងវិញផងក៏បាន។ ចំពោះមនុស្សទូទៅប្រហែលជាយល់ថា វាជារឿងតូចតាចព្រោះសៀវភៅដែលមានតំលៃត្រឹមតែ ៦០០០រៀលអាចទិញពេលណាក៏បាន ។ ដោយឡែកខ្ញុំស្ថិតនៅក្នុងស្ថានភាពខុសគ្នា ទម្រាំតែបាន១ ក្បាលៗ យកមកអាន ត្រូវសន្សំមិនតិចជាង ២ ទៅ ៣ខែទេ ដោយត្រូវស៊ីឈ្នួលគេនៅវាលស្រែ ជីកដី ឬ អូសទឹកលក់ជាដើម ព្រោះត្រូវជូនប្រាក់ភាគច្រើនទៅយាយដែលជាស្រ្តីមេម៉ាយដ៏កំសត់ដែលខំផ្គត់ផ្គងខ្ញុំគ្រប់យ៉ាង។ រាល់ពេលដែលខ្ញុំទៅលេងស្រុក ខ្ញុំតែងតែទៅកន្លែងមួយនេះជាប្រចាំ នឹកឃើញម្លប់ដែលខ្លួនធ្លាប់ជ្រក។
ដប់ឆ្នាំក្រោយមក ក្តីសុបិន្តដែលខ្ញុំស្បថនៅចំពោះមុខព្រះអាទិត្យរៀបអស្ដង្គតនៅក្រោមដើមឈើមួយដើមនេះ ថានឹងយកអោយបាន បានក្លាយជាការពិត។ ចំពោះខ្ញុំអ្វីដែលខ្ញុំបានឆ្លងកាត់ វាមិនមែនជាឧបសគ្គនោះទេ ប៉ុន្តែវាជាវិថីនៃជីវិតដ៏ល្អដែលខ្ញុំបានឆ្លងកាត់ដែលនាំអោយខ្ញុំមកដល់ទីនេះ នឹងស្គាល់ការលំបាកដែលលត់ដំខ្ញុំអោយរឹងមាំសម្រាប់ប្រឈមមុខនឹងឧបសគ្គនាបច្ចុប្បន្នកាល នឹងទៅអនាគតកាល។
សូមអរគុណដល់បងដើមជ្រៃក្រឹម។

