១ -ការប្រៀនប្រដៅនិយាយតែការពិត មិននាំឲ្យវង្វេងក្នុងជំនឿដែលឥតហេតុផល
២- នាំមនុស្សឲ្យជឿលើសមត្ថភាពខ្លួនឯងមិនពឹងកម្លាំងក្រៅខ្លួន នាំឲ្យមានភាពរឹងមាំតាមផ្លូវចិត្ត។
៣- ពាក្យប្រៀនប្រដៅអាចពិសោធន៍បាន មិនផុតវិស័យរបស់មនុស្សអាចធ្វើបាន។
៤ -ការប្រៀនប្រដៅនាំឲ្យមានសេចក្តីសុខ មិនមែនជាប្រភពនៃទំនាស់ នាំសុខសន្តិភាពជាសកល ព្រោះបានប្រដៅឲ្យទំលាក់ការមានះប្រកាន់ ទម្លាក់ភាពអាត្មានិយមដែលជាមូលហេតុនៃអសន្តិសុខ។
៥- ប្រដៅមនុស្សឲ្យរស់នៅក្នុងជីវិតបរិសុទ្ធិមានការស្ងប់រម្ងាប់តាមផ្លូវចិត្ត មានចរិយាធម៌ មានសាមគ្គីធម៌ ការមិនបៀតបៀនគ្នា។
៦ -រាល់ការប្រៀនប្រដៅនាំមនុស្សឲ្យមានសេចក្តីបរិសុទ្ធិតាមកាយវាចាចិត្ត(សីល) សេចក្តីសុខស្ងប់តាមផ្លូវចិត្ត(សមាធិ) លះបង់ការមានះប្រកាន់(វិបស្សនា)។
ព្រះពុទ្ធគឺជាមហាវេជ្ជបណ្ឌិតដែលបានព្យាបាលជំងឺខ្វាក់ងងឹតងងល់ក្នុងជំនឿផ្កាប់មុខឥតហេតុផលរបស់ពិភពលោក ព្រះអង្គបានបើកភ្នែកពិភពលោកឲ្យបានមើលឃើញការពិត ព្រះពរដែលជាមរតកសម្រាប់ពិភពលោកគឺនិព្វាន ដែលប្រែមកថាសន្តិភាពសកលនេះឯង។ ពិបាកនឹងអធិប្បាយឲ្យអស់ន័យព្រោះមហាករុណាទិគុណរបស់ព្រះអង្គមានវិសាលភាពធំធេងលើសពីបញ្ញាញាណដែលយើងមាន ហេតុនេះសូមសង្ខេបតែប៉ុណ្ណឹងចុះ ! ។

