នាពេលអនាគត លំហអាកាសនឹងក្លាយជាផ្ទះរបស់មនុស្សជាតិ ហើយមនុស្សនឹងមកលេងផែនដីនៅថ្ងៃវិស្សមកាល នេះបើយោងតាមមហាសេដ្ឋី ជេហ្វ បេហ្សូស។ស្ថាបនិកក្រុមហ៊ុន Blue Origin រូបនេះបាននិយាយកាលពីថ្ងៃពុធថា នៅប៉ុន្មានសតវត្សរ៍ទៀត មនុស្សនឹងកើតក្នុងលំហអាកាស ហើយរស់នៅក្នុងស៊ីឡាំងអណ្តែតយក្ស ដែលអាចផ្ទុកមនុស្សបានដល់ទៅមួយលាននាក់ ហើយបង្កើតទំនាញផែនដី និងបរិស្ថានឡើងវិញជាមួយនឹង "ទន្លេ ព្រៃឈើ និងសត្វព្រៃ" និងអាកាសធាតុធម្មតាស្រួលរស់នៅ។

លោកបេហ្សូសបានធ្វើការទស្សន៍ទាយបែបនេះក្នុងអំឡុងពេលបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅឯការពិភាក្សាអំពីគោលនយោបាយអវកាសរបស់សហរដ្ឋអាមេរិកដែលមានអ្នកគ្រប់គ្រងអង្គការណាសាលោក ប៊ីល នែលសុននិងនាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិលោក អាល់រីល ហៃណេស ចូលរួម។លោកបេហ្សូសបាននិយាយថា "ក្នុងរយៈពេលប៉ុន្មានសតវត្សរ៍ទៀត មនុស្សជាច្រើននឹងកើតនៅក្នុងលំហអាកាស វានឹងក្លាយជាផ្ទះដំបូងរបស់ពួកគេ ។ ពួកគេនឹងកើតនៅលើអាណានិគមទាំងនោះ រស់នៅលើអាណានិគមទាំងនោះ បន្ទាប់មកពួកគេនឹងមកលេងផែនដីតាមរបៀបដែលអ្នកចង់ទៅលេងនៅឧទ្យានជាតិ Yellowstone យ៉ាងអ៊ីចឹង"។

កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនៅវិហារគ្រិស្តវ៉ាស៊ីនតោន ដែលជាផ្នែកមួយនៃវេទិកាអ៊ីនហ្គាធៀស (Ignatius Forum) ឆ្នាំ ២០២១ នៅវ៉ាស៊ីនតោន ដែលរៀបចំដោយលោក អាឌី អ៊ីនហ្គាធៀស ជានិពន្ធនាយកទស្សនាវដ្ដី Harvard Business Review ។លោកបេហ្សូសបានលើកឡើងអំពីគំនិតរបស់គាត់សម្រាប់ជម្រកអវកាសដែលហៅថា "អាណានិគម O'Neill" ពីមុនមកដែរ។នៅក្នុងបទបង្ហាញរបស់ក្រុមហ៊ុន Blue Origin ឆ្នាំ ២០១៩ មហាសេដ្ឋីទី ២ របស់ពិភពលោករូបនេះបានពណ៌នាអាណានិគមនេះថា ស៊ីឡាំងដែលមានប្រវែង ៥គីឡូម៉ែត្រ មានការដឹកជញ្ជូនល្បឿនលឿន និង តំបន់កសិកម្ម ជាមួយនឹងការរចនាមួយចំនួនសម្រាប់ការកម្សាន្ត។

តំបន់ខ្លះនឹងមានទំនាញផែនដីសូន្យ ដើម្បីអនុញ្ញាតឱ្យអ្នករស់នៅហោះហើរកម្សាន្ត ហើយកន្លែងខ្លះទៀតអាចធ្វើត្រាប់តាមទីក្រុងរបស់ផែនដី។យោងទៅតាមកាសែត The Guardian លោកបេហ្សូសបាននិយាយអំពីអាណានិគមនេះក្នុងឆ្នាំ ២០១៩ ថា "នេះគឺជាកោះហាវ៉ៃនៅថ្ងៃរុងរឿងបំផុតរបស់វាពេញមួយឆ្នាំ ។ គ្មានភ្លៀងទេ។ គ្មានការរញ្ជួយដីទេ។ មនុស្សនឹងចង់រស់នៅទីនោះ"៕ ប្រភព ៖ Daily Mail

