គោលដៅត្រូវការតម្លៃ ហើយតម្លៃក៏ត្រូវការគោលដៅវិញដែរ ទើបធ្វើឲ្យទិសដៅ និងទង្វើដែលអ្នកធ្វើមានន័យទៅបាន។ ប្រសិនបើគោលដៅពុំមានតម្លៃ ឬគោលដៅពុំស្របជាមួយនឹងតម្លៃ គោលដៅនោះមិនទាន់ឈ្មោះថាជាគោលដៅពិតប្រាកដនោះទេ។ គោលដៅ គឺជាផ្នែកពិសេសមួយនៃតម្លៃ ហើយ គោលដៅ គឺជាតម្លៃដែលគេឲ្យទៅតាមកាលៈទេសៈ។ តម្រូវការអាចសម្រេចបានតាមយៈការបន្តស្វែងរកតម្លៃ ហើយតម្លៃក៏អាចកើតមានតាមរយៈការបន្តស្វែងរកគោលដៅ។ តើការបន្តគោលដៅមានអ្វីខ្លះ? ការបន្តគោលដៅមានដូចជាការបន្តការសិក្សានៅមហាវិទ្យាល័យ ការបន្តការសិក្សានៅបរទេស ការខិតខំស្វែងរកការងារដែលខ្លួនស្រឡាញ់ជាដើម។ គោលដៅចាំបាច់ត្រូវការឋានានុក្រមដូចតម្លៃដែរ ប៉ុន្តែឋានា នុក្រមនៃគោលដៅនេះងាយនឹងផ្លាស់ប្តូរញឹកញាប់ជាងឋានានុក្រមនៃតម្លៃ។ ការកំណត់ពីឋានានុក្រមនៃតម្លៃ និងការកំណត់ពីឋានានុក្រមនៃគោលដៅ គឺពិតជាសំខាន់ណាស់ក្នុងការគ្រប់គ្រង និងដឹកនាំជីវិតទាំងក្នុងរយៈពេលខ្លីនិងក្នុងរយៈពេលវែង។ តម្រូវការជំរុញឲ្យមានការជ្រើសរើសតម្លៃ និងបន្តរក្សាតម្លៃនោះ។ ការសម្រេចបានតម្លៃសំខាន់ណាស់សម្រាប់ការដាក់គោលដៅ និងបន្តគោលដៅ។ គេអាចនិយាយបានថា គោលដៅសម្រេចបាននូវតម្លៃ ហើយតម្លៃបំពេញឲ្យតម្រូវការ។ ប្រសិនបើគោលដៅដែលអ្នកត្រូវធ្វើមិនស្របជាមួយនឹងតម្លៃជីវិតរបស់អ្នក តើអ្នកគប្បីធ្វើយ៉ាង ដូចម្តេច? តើគួរផ្លាស់ប្តូរតម្លៃ ឬផ្លាស់ប្តូរគោលដៅ? គោលដៅនាំអ្នកទៅរកភាពជោគជ័យ ឬសមិទ្ធផល ប៉ុន្តែតម្លៃនាំអ្នកទៅរកគុណធម៌ ឬអត្ថន័យជីវិត។ ប្រសិនបើគោលដៅរបស់អ្នកពុំស្របជាមួយនឹងតម្លៃរបស់អ្នក អ្នកគប្បីផ្លាស់ប្តូរគោលដៅរបស់អ្នក ហើយបន្តរក្សាតម្លៃរបស់អ្នក ព្រោះតម្លៃមិនងាយនឹងយកត្រឡប់មកវិញបាននោះឡើយ។ គោលដៅអាចសម្រេចបាន ប៉ុន្តែតម្លៃវិញមិនអាចសម្រេចបានឡើយ។ ឧទាហរណ៍ៈ តម្លៃខាងការច្នៃប្រតិដ្ឋមិនអាចត្រូវបានសម្រេចបានមិនអាចបំពេញបានឡើយ។ ជាក់ស្តែង ជាងគំនូរម្នាក់បានគូរគំនូរដ៏ស្រស់ស្អាតមួយផ្ទាំង (សម្រេចគោលដៅ)។ ប៉ុន្តែវាមិនសមហេតុផលឡើយក្នុងការនិយាយថា “គាត់បានសម្រេចសមិទ្ធផលខាងការច្នៃប្រតិដ្ឋរួចរាល់ហើយ ព្រោះគាត់បានគូររូបដ៏ ស្រស់ស្អាតមួយផ្ទាំងរួចរាល់ហើយ” ព្រោះការនិយាយបែបនេះគឺមានន័យថា គាត់នឹងឈប់គូររូបតទៅ ទៀតចាប់ពីពេលនេះតទៅ។ តម្លៃមិនអាចបញ្ចប់ត្រឹមការសម្រេចគោលដៅឡើយ ព្រោះវាមិនអាចត្រូវបានសម្រេចដោយពេញលេញឡើយ។ ដូច្នេះ គោលដៅរបស់អ្នក គឺមិនមែនជាការធ្វើយ៉ាងណាដើម្បីឲ្យសម្រេចតម្លៃជីវិតរបស់អ្នកឡើយ។

