ការចេះគ្រប់គ្រងចិត្តគឺចេះគ្រប់គ្រងសកម្មភាព គ្រប់គ្រងពាក្យសំដី គ្រប់គ្រងទំលាប់ក្នុងការរស់នៅ ពិសេសគឺគ្រប់គ្រងអារម្មណ៍ក្នុងការគិត ។ចិត្តជាធម្មជាតិមើលមិនឃើញ តែគេអាចដឹងមុខងារវាបានតាមរយះសកម្មភាព ទីតាំងរបស់វានៅក្នុងខួរក្បាលផ្នែកខាងមុខ(Frontal lobe ) ការគិតគឺជាលំហាត់ផ្លូវចិត្ត ដើម្បីធ្វើឲ្យចិត្តចេះធ្វើការបានត្រឹមត្រូវ ជីវិតគ្មានអ្វីក្រៅពីការគិតនេះឡើយ កាន់តែចេះគិតគឺកាន់តែឆ្លាតវៃ ។ ការសិក្សាពីរចនាសម្ព័ន្ធរបស់ខួរក្បាល នាំឲ្យគេសង្កេតឃើញថា ខួរក្បាលគឺជាប្រភេទកុំព្យូទ័រ ដែលដំណើរការដោយឋាមពលចំលែកមួយ ដែលគេពិបាកកំណត់បានដោយឧបករណ៍វិទ្យាសាស្ត្រ ពិសេសគឺការប្រតិកម្មចិត្តនិងចរន្តនៃការគិតវិភាគផ្សេងៗ ។ពត៌មានដែលកត់ត្រាបញ្ចូលតាមភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ សុទ្ធតែស្តុកទុកក្នុងមេម័រីរបស់ខួរក្បាល ដែលនឹងត្រូវច្របូកច្របល់បើគេប្រើវាមិនបានល្អទេ ។ការដេកគ្រប់គ្រាន់ ការសំរាកលំហែរ ការហូបអាហារបានត្រឹមត្រូវ ការលេងកីឡា ការគិតមានរបៀប សុទ្ធតែជាវិធីថែទាំខួរក្បាលទាំងអស់ ។

