ទស្សនៈ

T
tehongly

ទស្សនៈដ៏ល្បីល្បាញមួយយល់ឃើញថា អ្វីដែលល្អបំផុតសម្រាប់មនុស្ស គឺភាពរីករាយជាមួយនឹងអាហារមានរសឆ្ងាញ់ៗ ពិសាអ្វីៗដែលឆ្ងាញ់ៗ ឬការរួមសង្វាសជាដើម។ អ្នកខ្លះទៀតប្រាថ្នាឲ្យបាននូវជីវិតពោរពេញដោយទង្វើប្រកបដោយគុណធម៌ក្នុងរឿងនយោបាយ។ ទស្សនៈមួយទៀតជឿថា អ្វីដែលល្អបំផុតរបស់មនុស្ស គឺជាការពិចារណាស៊ីជម្រៅតាមបែបទស្សនវិជ្ជា ឬតាមបែបវិទ្យាសាស្រ្ត។ សុភមង្គលរបស់យើងពិតជាអាស្រ័យខ្លាំងលើការងារប្រចាំថ្ងៃរបស់យើង ពីព្រោះមនុស្សម្នាក់ៗចំណាយពេលវេលាយ៉ាងច្រើនទៅលើការងាររបស់ខ្លួន។ ការងារប្រភេទណានឹងនាំឲ្យមានជីវិតប្រភេទនោះ ព្រោះធម្មជាតិនៃការងារពិតជាសំខាន់ក្នុងការស្វែងរកសុភមង្គល។ ដូច្នេះ ដើម្បីស្វែងរកសុភមង្គល យើងគប្បីស្វែងយល់ពីប្រភេទជីវិតនីមួយៗឲ្យបានច្បាស់លាស់ បន្ទាប់មកចាំសម្រេចចិត្តថា យើងគប្បីរស់នៅក្នុងជីវិតប្រភេទណា។ ជីវិតដែលពឹងលើសំណាង ពឹងលើភាពល្បីល្បាញ ពឹងលើអំណាច សុទ្ធតែមិនមែនជាជីវិតដែល អារីស្តូតប៉ងប្រាថ្នា។ អារីស្តូតបានលើកយកជីវិតទាំង៣ប្រភេទ យកមកពិភាក្សាវែកញែកនៅក្នុងសីលវិជ្ជារបស់លោក។ ជីវិតទាំង៣ប្រភេទនោះរួមមាន ជីវិតតាមបែបសម្ភារនិយម ជីវិតតាមបែបនយោបាយ និង ជីវិតតាមបែបទស្សនវិជ្ជា។

Comments