អំពើសព្វបែបយ៉ាងតែងសាងនូវកម្លាំងរញ្ជួយតៗគ្នាគ្មានទីបញ្ចប់ ដោយភាពសមហេតុសមផលជានិច្ច វារុញច្រានទៅក្រៅខ្លះ វាឡងត្រឡប់មករកប្រភពដើមខ្លះ តែទីបំផុតគឺវាសំរុកមករកប្រភពដើមទាំងស្រុង ។ ឧ- យើងកើតក្តីក្រោធហើយអត់ធន់មិនបានក៏ជេរប្រទេចអ្នកដែលយើងទាស់ចិត្ត កម្លាំងរញ្ជួយទីមួយគឺបោកបក់មកលើបេះដូងនិងផ្លូវចិត្តខ្លួនឯង កម្លាំងរញ្ជួយទីពីរ គឺជះទៅលើអ្នកនៅក្បែរខ្លួន ហើយឡងត្រឡប់មកវិញ ដោយពាក្យសំដីខ្លះ ដោយដុំដី កាំបិតពូថៅខ្លះ ។ ចលនការនេះហៅថាច្បាប់កម្មដែលព្រះពុទ្ធលោកប្រដៅ ឲ្យយើងមានការប្រុងប្រយ័ត្នជានិច្ចក្នុងការធ្វើកម្ម ព្រោះអ្វីៗដែលធ្វើចេញទៅតែម្តង គឺវាអាចត្រូវឡងត្រឡប់មកវិញរាប់លានដងផងក៏មាន ហេតុនេះសេចក្តីសុខក្នុងការរស់នៅ ក្រៅពីអំពើល្អមិនមានឡើយ ! ។

