ដំណើរជីវិតមនុស្សម្នាក់ៗ

T
tehongly

ក្នុងដំណើរជីវិតមនុស្សម្នាក់ៗ តែងតែជួបរលកជីវិតឡើងចុះជាធម្មតា ! បរាជ័យនិងការលំបាកគឺជារលកចុះ ពេលនោះគេតែងមានអារម្មណ៍អវិជ្ជមានកើតឡើង ឆ្ងល់ពីខ្លួនឯងខ្លះ ស្តីបន្ទោសខ្លួនឯងខ្លះ ស្តាយក្រោយខ្លះ ខឹងក្រោធខ្លះ ភាគច្រើនមិនបានគិតថា វាគឺជារឿងធម្មតារបស់ជីវិតដែលត្រូវសិក្សាយកជាបទពិសោធជីវិតនោះទេ ។ យើងមិនអាចគ្រប់គ្រងស្ថានភាពខាងក្រៅទាំងអស់បានទេ ប៉ុន្តែយើងអាចគ្រប់គ្រងចិត្តនិងអារម្មណ៍របស់យើងបាន ។
លុបចោលគំនិតអវិជ្ជមានទាំងឡាយណាដែលធ្វើឲ្យខ្លួនឯងបាត់បង់ការតស៊ូព្យាយាម ធ្វើឲ្យអស់សង្ឃឹមៈ រឿងអាក្រក់ហេតុអីតែងតែកើតឡើងចំពោះខ្ញុំ ? កម្មខ្ញុំក្រាស់ជាងគេម៉្លេះ ? រាល់បទពិសោធន៍មិនល្អដែលខ្ញុំជួបប្រទះគឺដោយសារតែអ្នកដទៃបង្កឡើងមកលើខ្ញុំទាំងអស់ ! ជីវិតមួយនេះចាំបាច់កែប្រែវាធ្វើអី បើកែប្រែហើយអត់មានអីប្រសើរជាងមុនផង មានតែព្រមតាមកម្មទៅចុះ ! ស្មារតីធ្វើខ្លួនជាជនរងគ្រោះនេះ មិនមែនកើតឡើងចេញពីសតិសម្បជ្ជញ្ញៈត្រឹមត្រូវនោះទេ ត្រូវចេះស្តាប់គេស្តាប់ឯងដើម្បីផ្ទៀងផ្ទាត់ជាមួយគំនិតខ្លួនឯងផង ។ ជារឿយៗវាបង្កឡើងដោយការគិតផ្តោតទៅលើទុក្ខព្រួយ ការឈឺចាប់ និងបទពិសោធន៍មិនល្អខ្លាំងពេក។ អ្នកដែលមានគំនិតគិតថាខ្លួនគឺជាជនរងគ្រោះ ភាគច្រើនគឺភ័យខ្លាច ហើយមានអារម្មណ៍ថាខ្លួននឹងរងគ្រោះដោយសារអ្វីមួយជាមិនខាន ។ ហេតុនេះហើយទើបពួកគេតែងតែមិនព្រមទទួលខុសត្រូវ រកលេសបន្ទោសអ្នកដទៃ ឬបង្កើតលេសសម្រាប់ខ្លួនឯងដើម្បីគេចវេសពីការពិត ! ។

Comments