អំពើអាក្រក់ឲ្យផលទាន់ហន់បើទោះជាអ្នកដទៃមើលមិនឃើញក៏ខ្លួនឯងមើលឃើញដែរ ព្រោះវាធ្វើបាបចិត្តខ្លួនឯងតាមផ្លូវអារម្មណ៍ខ្លាំងណាស់ បើទោះជាជីវិតជួបភាពរីករាយ(បុណ្យចាស់)យ៉ាងណាក៏ដោយ ។ ពេលប្រះខ្លួនដេកនៅពេលយប់ស្ងាត់ ត្រូវវិប្បដិសារីយ៍តាមជេរស្តី តាមដុកដាន់ឥតឈប់ឈរ ការក្តៅក្រហាយស្តាយក្រោយ ការដឹងខ្លួនថាជាអ្នកប្រព្រឹត្តិខុសប្រាកដឡើងយ៉ាងច្បាស់នៅក្នុងខ្លួន ការឆក់ប្លន់បានពីអ្នកដទៃប្រៀបដូចជាការប្លន់បានពីខ្លួនឯង ការជិះជាន់រឹបអូសកេងប្រវ័ញ្ចន៍ពីអ្នកដទៃដូចជិះជាន់រឹបអូសខ្លួនឯង ប្លន់ពីជីវិតគ្រួសារ ប្លន់ពីទំនាក់ទំនងល្អជាមួយអ្នកដទៃ ។ ជោគជ័យដែលគ្មានភាពរីករាយ គឺជាជោគជ័យដែលប្រាសចាកចិត្តស្ងប់ ខុងជឺនិយាយថា វិធីសម្លាប់មនុស្សមានច្រើនរាប់មិនអស់ ប៉ុន្តែអ្នកដែលសម្លាប់គេទេដែលត្រូវឈឺចាប់អស់មួយជីវិត ! ។ តើមានប្រយោជន៍អីនឹងភាពមានបាន បើមានបានទាំងដេកមិនលក់ ទាំងមានអារម្មណ៍ថាខ្លួនមានអំពើបាបនៅក្នុងចិត្តនោះ ? ខិតខំសព្វបែបយ៉ាងគឺដើម្បីសេចក្តីសុខ ប៉ុន្តែបើខិតខំហើយត្រូវចុះនរកទាំងរស់ ហើយត្រូវចុះនរកនៅជាតិមុខទៀត តើខំដើម្បីអ្វី ? ។ អ្នកខ្លះនិយាយថា បើអញចេះជឿកម្មផល អញគ្មានថ្ងៃនេះទេ ! តាមពិតគេនិយាយនេះគ្រាន់តែដើម្បីលួងចិត្តខ្លួនឯងកុំឲ្យភ័យខ្លាចទេ ក្នុងចិត្តគេដឹងខ្លួនឯងច្បាស់ណាស់ ! រាល់ពេលបានធ្វើអំពើល្អ គេតែងនឹកដល់អំពើអាក្រក់ដែលខ្លួនបានធ្វើជានិច្ច គេកាត់ទោសខ្លួនឯងដោយខ្លួនឯងនៅថ្ងៃខាងមុខឲ្យច្បាស់ចែស ! ។

