ត្រូវចេះបង្វែរការគិតផ្តោតចិត្តពេលនោះជីវិតនឹងបានធូរស្រាលៈ
មានបុរសម្នាក់ត្រូវប្រពន្ធស្លាប់ចោលមិនបានប៉ុន្មានខែផង កូនប្រុសច្បងត្រូវលង់ទឹកស្លាប់ទៀត ! គាត់ក្លាយជាមនុស្សភ្លេចមុខភ្លេចក្រោយ ដើរភាំងៗដូចមនុស្សឥតវិញ្ញាណ។ថ្ងៃមួយកូនពៅយំរំអុកទារកូនឡានដាច់បាយដាច់ទឹក ទើបគាត់ភ្លេចគិតទុក្ខលំបាកក្នុងចិត្ត ផ្ចង់ស្មារតីមកគិតរឿងកូនពៅវិញម្តង ។គាត់ទាញកាំបិតកាប់ចាំងឈើយ៉ាងផ្ចិតផ្ចង់ធ្វើឡានឲ្យកូន ព្រោះខ្លាចវាទាស់ចិត្ត ទីបំផុតគាត់បានភ្លេចទុក្ខសោកដោយមិនដឹងខ្លួន ។ជីវិតមនុស្សដែលឆ្លងកាត់ការឈឺចាប់ ហើយចេះតែបន្តរស់ទៅមុខទៀតបាន ព្រោះតែចេះបង្វែរការផ្តោតចិត្តនេះឯង ប្រពន្ធដែលត្រូវប្តីក្បត់ចិត្ត ក៏ឈប់គិតរឿងប្តីមកគិតជាមួយរឿងកូនវិញម្តង បើនៅតែគិតរឿងប្តី នោះនឹងត្រូវរីងរៃទាំងម្តាយទាំងកូនជាមិនខាន បើយើងគិតរឿងមួយនោះវានឹងភ្លេចរឿងមួយទៀត ព្រោះចិត្តកើតឡើងម្តងបានតែមួយដួងទេ កើតហើយរលត់ទៅ បញ្ជូនឧប្បនិស្ស័យឲ្យចិត្តកើតក្រោយៗទៀត ដែលកាន់តែគិតគឺកាន់តែឈឺចាប់។ថ្ងៃថ្មីជួបបញ្ហាថ្មីនិងរកវិធីដោះស្រាយថ្មី ជីវិតចេះតែបន្តរស់បែបនេះជារៀងរហូតទៅ ! ពេលវេលាគឺរត់ទៅមុខជានិច្ច យើងមិនអាចទ្រាំនៅជាមួយរឿងចាស់ៗបានជារៀងរហូតនោះទេ ត្រូវតែបំភ្លេចចោលដើម្បីរត់តាមពេលវេលា ! ! !សុខទុក្ខ ជួបព្រាត់គឺជាវាសនារបស់មនុស្ស ដែលត្រូវស៌ូទ្រាំជាមួយវាដោយការកាត់ចិត្តនេះឯង ! ។

