រឿងតារាសម្តែងខ្ញុងបានរំលេចឡើងរឿងដ៏សំខាន់ជាងគេមួយសម្រាប់ខ្ញុំ÷ កម្ចីអនឡាញ។ អ្នកនាងខ្ញុងបានបង្ហើបពីការខ្ចីលុយឆាប់រហ័សតាមអនឡាយដែលមានការប្រាក់ខ្ពស់រហូតដល់ទៅ 30%-40% ក៏មាន។ តែលក្ខខណ្ឌខ្ចីងាយៗ។ ខ្ញុំធ្លាប់បានដឹងនិងស្វែងយល់ខ្លះៗកន្លងមក។ ខ្ញុំសូមចែករំលែកខ្លីៗ បើខ្វះចន្លោះ សូមជួយបំពេញបន្ថែមផងព្រោះខ្ញុំមិនមានបទពិសោធន៏ខ្ចីលុយជាក់ស្តែងទេ។ ក្រុមហ៊ុនទាំងនោះមាន App ផ្ទាល់ខ្លួនដែលអ្នកខ្ចីអាចចូលទៅបំពេញព៌តមានខ្លីៗតាមទូរសព្ទ័ដៃមុនទទួលបានកម្ចី។ ធនាគារមួយចំនួនក៏មានបែបបទកម្ចីតាម App ដែរ តែលក្ខខណ្ឌកម្ចីគឺមិនចេញឆ្ងាយពីគោលការណ៏កម្ចីធនាគារទេ។ តើទីផ្សារនេះសុខៗក៏កើតនៅស្រុកខ្មែរយើងតែម្តង?បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បានជំរុញអោយមានសេវាកម្ចីអនឡាញនេះឡើង។ រូបមន្តកម្ចីថ្មីនេះគេហៅជាភាសាអង់គ្លេស P2P lending (Peer-to-peer lending)។ ដោយខ្លីគឺថា P2P ប្រើ online ជាកន្លែងអោយអ្នកមានលុយនិងអ្នកអត់លុយជួបចរចារខ្ចីលុយ ហើយក្រុមហ៊ុនជាអ្នកកាត់កម្រៃតាមនោះទៅ។ ប្រវត្តិ P2P ចេញពីប្រទេសអង់គ្លេសដំបូងដោយក្រុមហ៊ុន Zopa ឆ្នាំ 2005។ ឆ្នាំ 2006 បានរីកសាយភាយនៅសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន Prosper និង Lending Club។ ដោយមើលឃើញហានិភ័យ គណៈកម្មការមូលបត្រអាមេរិក (SEC) បានចេញបទបញ្ញត្តិបន្តបន្ទាប់រឹតបន្តឹង ធ្វើអោយទីផ្សារ P2P នៅអាមេរិក ដួលរលំប៉ុន្មានឆ្នាំក្រោយមក។ អ្វីដែលចាប់អារម្មណ៏គឺនៅពេល P2P ចូលមកដល់ចិនឆ្នាំ 2007 ដំណើរការដំបូងដោយក្រុមហ៊ុន Paipaidai (PPDAI Group Inc.)។ ទីផ្សារ P2P ចាប់ផ្តើមរីកដូចផ្សិត។ ត្រឹមឆ្នាំ 2015 ក្រុមហ៊ុន P2P កើនដល់ 4000 ក្រុមហ៊ុន។ ឆ្នាំ2016 រដ្ឋាភិបាលចិនចាប់ផ្តើមចេញបទបញ្ញត្តិដូចសហរដ្ឋអាមេរិកធ្វើកាល10ឆ្នាំមុន។ មានបញ្ហាជាច្រើនបានកើតឡើង តែខ្ញុំសូមកាត់ខ្លីៗ។ ក្រុមហ៊ុន P2Pចិន ក៏បានបិទជាបន្តបន្ទាប់ ហើយគេរកឃើញថាជិតពាក់កណ្តាលជាក្រុមហ៊ុនឆបោក (Ponzi schemes)។ ឆ្នាំ2020 គណៈកម្មការនិយតកម្មនិងធនាគារចិន (CBRC) ប្រកាសថាម្ចាស់លុយរាប់លាននាក់ដែលបានដាក់លុយចូលទីផ្សារ P2P បាត់បងទឹកប្រាក់ទំហំសរុប $115bn។ ឆ្នាំ2020ដដែល ទីផ្សារ P2P ចិនបានដួលរលំទាំងស្រុង។ លុយបាត់បង់ទាំងនោះ ត្រូវបានអ្នកឆបោកបង្វិលទៅវិនិយោគលើដីធ្លីនៅក្រៅប្រទេសនិងតាមច្រកធនាគារក្នុងស្រុកប្រទេសទាំងនោះដើម្បីបង្វែងដាន។ នៅកម្ពុជាយើងក្រុមហ៊ុន P2P ដំបូងចាប់ផ្តើមដំណើរផ្លូវការនៅថ្ងៃ 26 ខែវិច្ឆិកា ឆ្នាំ 2020 កន្លងទៅនេះ។ ខ្ញុំសូមបិទបញ្ចប់ត្រឹមនេះ។ សូមបន្តស្វែងយល់ទាំងអស់គ្នា ពិសេសបែងចែករវាងក្រុមហ៊ុនត្រឹមត្រូវនិងក្រុមហ៊ុនឆបោកអោយបានល្អ។ សូមអរគុណ។

