សេចក្តីសុខពីរយ៉ាងដែលមនុស្សតែងរង្គៀសគ្នាៈ
១- សេចក្តីសុខក្នុងកាមៈ សុខក្នុងអាសវៈ សុខព្រោះជួបជុំសីុផឹក លេងស្រាលេងស្រី លេងល្បែងពាលា សុខក្នុងលាភយស សុខដោយការសរសើរជាដើម ។ ពួកនេះមិនដែលស្គាល់សុខក្នុងការលះបង់ឡើយ ហើយតែងតិះដៀលពួកសមណៈថាជាមនុស្សឆោតល្ងង់ មនុស្សចាញ់បោកមនោគមវិជ្ជា មនុស្សអភ័ព្វព្រោះអាទិទេពបង្កើតមនុស្សមកឲ្យនាំគ្នាសប្បាយ បែរជាមិនចេះសប្បាយទៅនាំគ្នាកើតទុក្ខ មើលឃើញក្តីស្ងប់ថាជាទុក្ខ ។
២- ក្តីសុខព្រោះលះបង់កាមៈ ពាក្យថាកាមតណ្ហាគឺជាធម្មជាតិមិនចេះឆ្អែត ដូចជាមនុស្សដាច់ទឹកហើយនាំគ្នាផឹកទឹកសមុទ្ទ កាន់តែផឹកគឺកាន់តែស្រេក ឬដូចជាសុនខដាច់អាហារបានជួបឆ្អឹងស្ងួត កាន់តែខំអង្គៀមកាន់តែស្រក់ទឹកមាត់ ។ បើវាមិនចេះឆ្អែតដដែលគឺមានតែឈប់ប្រព្រឹត្តិ ! ។ ពួកនេះតំបូងឡើយនៅរង្គៀសគ្នា នៅតិះដៀលឲ្យគ្នា ដល់ទឹកចុងក្រោយដែលជាទឹកផ្តាច់ព្រ័ត្រ ពួកលោកលែងមើលរឿងក្រៅខ្លួនទាំងអស់ ក្នុងចិត្តមានសល់តែក្តីមេត្តាករុណា គំនុំនិងការសងសឹកបានស្លាប់អស់ពីក្នុងចិត្ត ដែលធ្វើឲ្យពួកទីមួយខឹងសំបារហើយចោទថា ជាមនុស្សអាត្មានិយមរត់គេចយករួចខ្លួន ។ ពួកទីមួយចង់ឲ្យព្រះពុទ្ធមកកាន់អាវុធដឹកនាំទ័ពចេញច្បាំងដើម្បីការពារយុត្តិធម៌ ចង់ឲ្យព្រះអរហន្តទាំងអស់នាំគ្នាធ្វើនយោបាយដឹកនាំពិភពលោក អត់ដឹងថាលោកអត់មានចិត្តទាំងនោះដូចយើងទៀតទេ ភារៈរបស់លោកបានត្រឹមតែការនិយាយដើម្បីឲ្យកើតសន្តិភាពតែប៉ុណ្ណោះ ! ។
សង្ឃពីរពួកៈ
១-សម្មតិសង្ឃៈ ជាសង្ឃដែលមិនទាន់មានសីលមានវិន័យល្អ ជាភិក្ខុបុថុជ្ជន(នៅស្អប់នៅស្រឡាញ់ នៅទ្រុស្តសីលដោយអន្លើ)ហើយកំពុងតែដឹកនាំខ្លួនក្នុងផ្លូវល្អ ។
២-អរិយសង្ឃៈ លោកជាអ្នកឃើញភ័យឃើញទោសក្នុងវដ្តៈ ដូចភ្លើងកំពុងឆេះក្បាលឬដូចមច្ចុរាជកំពុងផ្គងដាវដាក់លើ ក លោកប្រឹងប្រែងបំពេញកិច្ចវត្តដើម្បីយកឈ្នះលើច្បាប់ធម្មជាតិ លែងតាមរកមើលកំហុសអ្នកដទៃ លោកតាមមើលតែកំហុសខ្លួនឯងលុះបានជាញជ័យលើសមរភូមិកិលេសជាស្ថាពរទៅហោង ។

