វត្ថុមួយតែងរក្សាលក្ខណះផ្ទាល់របស់វាដែលព្រះពុទ្ធហៅថាធាតុឬសភាវៈដែលមិនអាចកែប្រែបាន ខ្យល់មានលក្ខណះរហើយ ទឹកមានលក្ខណះរាវសើមជ្រាប ភ្លើងមានលក្ខណះក្តៅ ដីមានលក្ខណះរឹង តើមានអ្នកណាអាចប្តូរលក្ខណះរបស់វាបានទៅ ? ។ នាមធម៌ក៏មានលក្ខណះដូចគ្នា លោភៈមានលក្ខណះជាប់ជំពាកអារម្មណ៍ ទោសៈប្រទូសអារម្មណ៍ មោហៈវង្វេងក្នុងអារម្មណ៍ មនុស្សម្នាក់សុទ្ធតែមានបុគ្គលិកលក្ខណះផ្ទាល់របស់គេមួយ មានតែខ្លួនគេប៉ុណ្ណោះដែលអាចដឹងថា គេត្រូវរៀបចំខ្លួនបែបណា អ្វីដែលខ្វះត្រូវខំបំពេញ អ្វីដែលលើសត្រូវកាត់ចេញ ព្រោះហេតុនេះហើយដែលព្រះពុទ្ធទូន្មានឲ្យចេះស្គាល់ខ្លួនឯង ចេះប្រដៅខ្លួនឯង ។ កុំទើសគ្នា កុំប្រៀបធៀប កុំចង់ឲ្យគេទៅជាយ៉ាងនេះ ទៅជាយ៉ាងនោះតាមចិត្តខ្លួនចង់ បើឃើញខុសហើយចង់ជួយ ត្រូវមើលពេលវេលា ទីកន្លែង និយាយដោយមេត្តាចិត្ត គេធ្វើតាមក៏មិនអរ គេមិនធ្វើតាមក៏មិនខឹង ការទើសគ្នាមិននាំមកនូវសេចក្តីសុខនោះទេ នាំតែការបែកបាក់ ការរស់នៅគ្មានក្តីសុខ ព្រោះមានតែអរិយបុគ្គលតែប៉ុណ្ណោះដែលចេះទទួលកំហុសដោយក្តីស្មោះត្រង់ បុថុជ្ជនទោះបីដឹងថាខ្លួនខុស ក៏នៅតែមានចិត្តគុំគួនព្យាបាទតបតវិញ ។ ការផ្លាស់ប្តូរទំលាប់ គឺជាការផ្លាស់ប្តូររលកសញ្ញាមិនមែនជាការងាយឡើយ ទាល់តែខ្លួនឯងបង្អោនចិត្តទៅកែប្រែទើបបាន ពុំនោះទេមិនមែនចាស់បូរាណពោលថា ឆ្កែកន្ទុយខ្វៀននៅតែខ្វៀននោះទេ ! ។

