រាគានុស័យសំងំក្នុងសោមនស្សវេទនា បដិឃានុស័យសំងំក្នុងទោមនស្សវេទនា អវិជ្ជានុស័យសំងំក្នុងអទុក្ខមសុខវេទនា ។ កំចាត់រាគៈ ទោសៈ ដោយសីល សមាធិ ព្រោះធម្មជាតិ២យ៉ាងនេះមិនអាចសំងំនៅក្នុងចតុត្ថឈានបានឡើយ កំចាត់មោហៈដោយវិបស្សនា ដោយន័យយ៉ាងនេះឯង។ ភារៈដ៏ធ្ងន់តែងនាំទៅកាន់ភពគឺតណ្ហា តណ្ហាមានឧបាទានជាសម្លាញ់ទើបសក្កាយទិដ្ឋិបានកើតឡើង រំលើងចោលគ្រឿងនាំទៅកាន់ភពគឺផ្តាច់ផ្តិលឬសគល់នៃតណ្ហាដោយវិជ្ជានិងវិមុត្តិ រឿងនេះមិនតូចទេ ត្រូវខិតខំសិក្សារៀនសូត្រធម៌អាថ៌ឈ្មោះថាចម្រើនវិជ្ជា ខិតខំបដិបត្តិធម៌គឺសមថ-វិបស្សនាជាការកាត់ផ្តាច់នូវគ្រឿងចង(សំយោជនៈ) រើខ្លួនរួចចាកអាសវកិលេសទើបបានដល់នូវវិមុត្តិ។

