ប្រាសាទត្រពាំងគុក

T
theary
    ប្រាសាទត្រពាំងគុក គឺជាសំណង់ដ៏ចំណាស់មួយសាងសង់នៅសម័យមុនអង្គរ សតវត្សរ៍ទី៧នៃគ្រិស្តសករាជ។ ប្រាសាទនេះមិនមានសិលាចារឹកបញ្ជាក់ពីកាលបរិច្ឆេទសាងសង់នោះទេ ការកំណត់អាយុរបស់ប្រាសាទផ្អែកទៅលើ ការវិភាគទម្រង់សិល្បៈ។

ប្រាសាទត្រពាំងគុក នេះមានទម្រង់ប្រហាក់ប្រហែលគ្នាជាមួយប្រាសាទគុកវិហារ តំបន់សំបូរព្រៃគុក, ប្រាសាទគុកខាងជើង ភ្នំហាន់ជ័យ ខេត្តកំពង់ចាម។ លោក Henri Parmentier បានគូសប្លង់ទៅទូរបស់ប្រាសាទ ហើយចេញផ្សាយក្នុងសៀវភៅ L' Art Khmer Classique 1929។

នៅក្នុងកំណត់ត្រារបស់លោក H. Parmentier បានគូសព្រៀងប្លង់ទូទៅរបស់ប្រាសាទ និងមានគូសរបងព័ទ្ធជុំផងដែរ របងនោះបច្ចុប្បន្នបានបែកបាក់ខ្លះ ដែលមើលទៅប្រៀបបីដូចជាស្ន្លឹកសីមាព័ទ្ធជុំវិញមណ្ឌលប្រាសាទ។ ក្បាច់ចម្លាក់លម្អសសរផ្អោបប្រាសាទត្រពាំងគុកមានលក្ខណៈប្រហាក់ប្រហែលទៅនឹងក្បាច់លម្អនៅតំបន់សំបូរព្រៃគុក ដូចជាសសរផ្អោបប្រាសាទយាយព័ន្ធ S1, ក្បាច់លម្អមេលំប្រាសាទដើមច័ន្ទ, ក្បាច់លម្អប្រាសាទក្បាល ជ្រូក ។ល។

ជញ្ជាំងប្រាសាទក្នុងមួយជ្រុងមានថ្មភក់ពីរដុំផ្គុំគ្នាហើយមានក្បាច់លម្អតាមសសរផ្អោប ជញ្ជាំងផ្នែកខាងលិច និងខាងត្បូងមានលក្ខណៈទ្រុឌទ្រោមទ្រេតផ្អៀងទៅទិសខាងត្បូង ចំណែកជញ្ជាំងខាងជើងបាក់ថ្មអស់មួយផ្ទាំង ផ្នែកខាងកើតមិនមានជញ្ជាំងនៅសល់នោះទេ។ ប្រាសាទនេះមានទីតាំង ឃុំព្រះលាន ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕

Comments