ប្រាសាទនគរបាជ័យ

T
theary
  ប្រាសាទនគរបាជ័យ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាមចម្ងាយ២គ.ម ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយសរុប១២២គ.ម ពីរាជធានីភ្នំពេញ។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ប្រាសាទនេះស្ថាបនាដោយព្រះមហាវីរក្ស័ត្រព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ នៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំរីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយក៏នៅរឹងមាំល្អគ្មានការរង្គោះរង្គើឡើយ។ ទស្សនៈវិស័យដើមនៃសំណង់ប្រាសាទនេះគឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។ ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនា ដែលស្ថាបនាក្រោយសម័យអង្គរនោះក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្មដើមផងដែរ។

  ប្រាសាទនគរបាជ័យ ជាប្រាសាទបុរាណមួយដែលបានសាងសង់ឡើងនៅ ចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះបច្ចុប្បន្នបានបាត់បង់រូបរាងដើមស្ទើរតែទាំងស្រុង។ ជាដំបូងខ្ញុំសុំរៀបរាប់ត្រួសៗអំពីប្លង់នៃប្រាសាទតាមការសង្កេត ផ្ទាល់របស់ខ្ញុំ។ ប្រាសាទនេះមានទំហំប្រហែល ៥០០មx៥០០ម វាមានកំពែងបីជាន់ និងមានគោបុរៈគ្រប់ទិសធំទាំង៤។ លោកអ្នកអាចចូលទៅលេងតាមគោបុរៈទិសខាងកើតនិងជើង ឯទិសខាងត្បូងគឺបាក់បែកអស់ជាច្រើន ឯទិសខាងលិចគឺទៅកាន់ភូមិអ្នកស្រុក។ កំពែងជាន់ទី១គឺបាក់បែកនិងស្រុតអស់ជាច្រើនកន្លែង ឯកំពែងជាន់ទី២និង៣នៅរក្សារូបរាងដើមបាន ល្មមធ្វើឲ្យយើងនៅចំណាំបាន។ នៅក្នុងកំពែងជាន់ទី២មានស្រះទឹកតូចៗ២ ដែលឥឡូវរាក់និងអាចរីងនៅពេលខាងមុខ។ តួប្រាសាទដែលស្ថិតនៅក្នុងកំពែងទី៣ ត្រូវបានកែប្រែឲ្យក្លាយជាចេតិយមួយដ៏ធំដែលលោកអ្នកអាចមើលឃើញនៅ នឹងរូបភាពខាងឆ្វេងដៃនេះ។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបទបាយ័ន ហើយបើទោះជាព្រះជ័យវម៌នទេពទី៧ គោរពពុទ្ធសាសនាមហាយាន ក៏គ្មានប្រាសាទណាសាងសង់កំពូលស្រួចដូចចេតិយបែបនេះដែរ ឯចេតិយនិងវិហារដែលនៅជាប់នឹងចេតិយនេះគឺសាងសង់នៅសម័យក្រោយទេ។ ប្រាសាទនេះត្រូវបានរុះរើជុសជុលតួប៉មកណ្តាលឱ្យក្លាយទៅជាចេតិយវិញនៅក្នុងរាជ្យកាល ព្រះបាទស្រីសុគន្ធបទ និង ព្រះបាទអង្គចន្ទរាជា នៅសតវត្សរ៏ទី១៦។

Comments