ប្រាសាទបី គឺជាសំណង់ប្រាសាទបុរាណដែលត្រូវបានកសាងឡើងអំពីឥដ្ឋ ដោយមានតួប៉មចំនួនបីឈរតម្រៀបគ្នានៅលើជើងគ្រិះតែមួយដែលមានទទឹង 10ម៉ែត្រ និងបណ្ដោយ 25ម៉ែត្រ។ ម៉្យាងវិញទៀតប្រាសាទទាំងបីនេះគេសង្កេតឃើញថា តួប្រាសាទកណ្ដាលមានសភាពនៅល្អជាងតួប្រាសាទទាំងពីរអមសងខាង ដោយប្រាសាទកណ្ដាលមានកម្ពស់ 10ម៉ែត្រ ហើយមានជើងទម្រលិង្គព្រះឥសូរតាំងនៅទីនោះ ដែលនៅត្រង់ផ្ដែរនៃប្រាង្គមេនេះផងដែរ យើងសង្កេយឃើញថារូបចម្លាក់ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ។
ប្រាសាទបី មានចម្ងាយ 9គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយចេញដំណើរពីសាលាខេត្តតាមផ្លូវអប្បរា រួចបត់ស្ដាំតាមផ្លូវលេខ60 បន្ទាប់មកបត់ស្ដាំតាម ផ្លូវហ្សាលដឺហ្គោល និងធ្វើដំណើរកាត់តាមភ្នំបាខែង ហើយទៅហួសប្រាសាទបក្សីចាំក្រុងបន្តិចយើងនឹងទៅដល់ប្រាសាទបីដែលស្ថិតនៅខាងឆ្វេងដៃ ជិតប្រាសាទថ្មបាយក្អែក។

