ប្រាសាទគោកចក

T
theary
  ប្រាសាទគោកចក មានទីតាំងនៅក្នុងភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប​ ខេត្តសៀមរាប មានចំងាយប្រហែល៣គ.មខាងជើងឈៀងខាងលិចក្រុងសៀមរាប។ វាត្រូវបានកត់ត្រាជាលើកដំបូងដោយលោក H. Marchal ក្នុងឆ្នាំ១៩១៩ និងជាប្រាសាទពុំទាន់មានការចុះបញ្ជីដោយលោក ឡាហ្សង់ហ្គីយ៉េ និងលោក អៃម៉ូនីញ៉េទេ។

ប្រាសាទនេះសង់ឡើងអំពីឥដ្ឋ លំអដោយគ្រឿងស្ថាបត្យកម្មអំពីថ្មភក់ នៅលើខឿនថ្មបាយក្រៀមមួយជាន់ និងបន្តដោយកំរាលឥដ្ឋជុំវិញ។ ប្រាសាទនេះមានប្រាង្គ២ បែរមុខទៅរកទិសខាងកើត មានច្រកចូល១ពីទិសខាងកើត និងព័ទ្ធដោយកស្សិណទឹកមួយ (រូបលេខ១)។​ នៅលើស៊ុំទ្វាររបស់ប្រាង្គទាំង២នេះមានសិលាចារឹក ដែលមានកាលបរិច្ឆេទឆ្នាំខុសគ្នា ហើយលោកសឺដេសបានឱ្យលេខបញ្ជីរួមគ្នា គឺ K.៥២១។

 សិលាចារិកទាំងពីរនេះមិនបាននិយា​យអំពីឆ្នាំនៃការស្ថាបនាទេ តែតាមសិលាចារឹកនៅប្រាង្គខាងជើង បានសរសេររំលឹកអំពីឆ្នាំដែលព្រះរាជាឈ្មោះ ជ័យវរ្ម័ន (វិស្ណុលោក) ដែលជាបុត្រារបស់ព្រះបាទបរមេស្វរៈ (ជ័យវរ្ម័នទី២) បានមកទាក់ដំរីនៅតំបន់នោះ (វិស្ណុគ្រាម=ភូមិព្រះវិស្ណុ) ហើយដំរីដែលព្រះអង្គបានរត់បាត់វិញ លុះវេលាយប់ពេលដែលព្រះអង្គផ្ទុំ បានយល់សុបិន្តឃើញព្រាហ្មណ៍មួយមកបន្ទូលប្រាប់ឱ្យព្រះអង្គកសាងប្រតិមា និងមានភក្តី (គោរព) ដល់គាត់ៗនឹងប្រគល់ដំរីឱ្យវិញនៅថ្ងៃស្អែកពេលព្រះអាទិត្យរះ (ឧទ័យ)។

 ដំរីនោះក៏ត្រលប់មកវិញមែន ហើយព្រះអង្គបានបង្គាប់ឱ្យគេឆ្ការព្រៃ និងសាងប្រាសាទដោយមានថ្វាយទាសាទាសីនៅបំរើប្រាសាទនោះផងដែរ។សិលាចារឹកនោះមានបញ្ជាក់ពីឆ្នាំដែលព្រះអង្គមកទាក់ដំរី គឺ៧៧២ស.ក គឺត្រូវនិង៨៥០គ.ស ដូចនេះប្រាសាទនេះអាចត្រូវបានគេស្ថាបនាក្នុងឆ្នាំនោះ ឬក្រោយនោះបន្តិច តែការចារសិលាចារិកនោះមិនមែនស្ថិតនៅក្នុងឆ្នាំនោះទេ គឺក្រោយមកទៀត បន្ទាប់ពីព្រះបាទជ័យវរ្ម័ទេវបានចូលទីវង្គត់ហើយ (វិស្ណុលោក=ជ័យវរ្ម័នទី៣) ព្រោះក្នុងសិលាចារឹកបានបង្ហាញអំពីមរណៈនាមរបស់ព្រះអង្គ។

សិលាចារឹកនៅស៊ុំទ្វារខាងកើតនៃប្រាង្គខាងត្បូងពុំមានកាលបរិច្ឆេទទេ តែនិយាយអំពីការឧទ្ទិសដល់ទេពឈ្មោះ ស្រីវិរៈលក្ស្មី (កម្រតេង អញ ស្រី វិរៈលក្ស្មី អជី) និងការសង់គោលដីធ្លីនៅវិស្ណុគ្រាម ក្នុងរាជ្យព្រះបាទបរមនិពាន្វបទ (សូរ្យវរ្ម័នទី១ គ.ស១០០២ដល់១០៥០)។

Comments