ប្រាសាទភ្នំជីសូរ

T
theary
   ប្រាសាទភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញទៅច្រកភ្នំឌិន (ច្រកព្រុំដែនអន្ដរជាតិកម្ពុជានិងវៀតណាម) តាមផ្លូវជាតិលេខ២ កាត់តាមក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ ៦២ គីឡូម៉ែត្រ ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវលំមួយមានចំងាយ៥ គីឡូម៉ែត្រ ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចំងាយ ២៧ គីឡូម៉ែត្រ។ ភ្នំជីសូរមាន កំពស់ ១៣០ ម៉ែត្រ។
សំណង់នៃប្រាង្គប្រាសាទ បុរាណជាមរតក វប្បធម៌ខ្មែរដ៏មានតម្លៃដោយមិនអាច កាត់ថ្លៃបានឡើយ។ លក្ខណៈពិសេសនៃបុរាណដ្ឋាននេះគេតែងមានការកត់សំគាល់នូវប្រវត្តិនៃការកសាងពីរ បែបខុសគ្នា គឺតាមរយៈអ្នកបុរាណវិទ្យាធ្វើការសិក្សាស្រាវជ្រាវតាម រយៈសិលាចារឹកផង និងមួយបែបទៀតតាមរយៈរឿងព្រេង និទានដែលប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញប្រាសាទមានការចេះចាំមាត់ហើយបាននិយាយតៗ គ្នាផង។ តាមសិលាចារឹក លើភ្នំជីសូរ មានឈ្មោះថា ស្រីសូរ្យបព៌ត ឫ សូរ្យបព៌ត ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១។នៅក្នុងប្រាសាទភ្នំជីសូរមាន សិលាចារឹកពីរ សិលាចារឹកទីមួយនិយាយពីការថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថា នៅសូរ្យបព៌ត ដែលមានន័យថា ភ្នំសូរ្យ នៅក្នុងឆ្នាំ ១០១៩ នៃគ្រិស្តសករាជ។ ចំនែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទីពីរ បានអធិប្បាយពីរាជវង្សរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអាយ្យកាអាយ្យកោរបស់ព្រះអង្គគឺជាកូនចៅរបស់ស្ដេចហិន្យវរ្ម័ន។តាមសិលាចារឹកនៅប្រាសាទព្រះវិហារខេត្តព្រះវិហារ បានរៀបរាប់ពី ការធ្វើពិធីសេវលិង្គ ឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឫ ជីសូរនៅក្នុងឆ្នាំ ១០១៨ នៃគ្រិស្តសករាជ។ ចំណែកឯ សិលាចារឹកអង្គរខេត្តសៀមរាប បានហៅប្រាសាទភ្នំជីសូរថា ស្រីសូរ្យគីរី និងរៀបរាប់អំពីព្រះអាទិទេពដែលជាស្ដេចនៃចក្រវាល ដែលខ្មែរបុរាណហៅថា កម្រតេងជគត ដែលបានតម្កល់នៅប្រាសាទនេះ។ ប៉ុន្តែបើយើងនិយាយ អំពីតាមបែបរឿងព្រេងនិទានវិញនោះ មានប្រវតិ្តនៃការកសាងប្រាសាទភ្នំជីសូរ ដូចតទៅនេះ ៖ ចាស់ទុំដែលរស់នៅតំបន់ជុំវិញភ្នំជីសូរ នៅតែមានការចេះចាំហើយបានតំណាលរឿងព្រេងនិទាននេះបន្តឲ្យកូនចៅបានចេះចាំតៗ គ្នា ពីមាត់មួយទៅមាត់មួយថា កាលពីព្រេងនាយមានមហាក្សត្រមួយអង្គគង់នៅព្រះរាជនិវេសន៍មួយកន្លែងឋិតនៅខាងកើត ភ្នំជីសូរនៅជិតទន្លេមួយឈ្មោះថា ទន្លេឱម។ រាជនិវេសន៍នោះឈ្មោះថា «សែនភូវាំង» ដែលមានឈ្មោះ និងស្លាកស្នាមនៃទីកន្លែងមកទល់នឹងសព្វថ្ងៃនេះ។កាលណោះមានការរៀបចំពិធីមួយហៅថាជាការកោរសក់កូនស្តេច ដែលពាក្យរាជស័ព្ទ ហៅថា ពិធីចម្រើន ព្រះកេស ព្រះរាជឱរស។ ក្នុងគ្រានោះដែរ ក៏មានពួកព្រាហ្មណ៍ ជាគ្រូអាចារ្យសំខាន់ៗ បានជូនពរសព្ទ សាធុការពរជ័យដល់ព្រះរាជ ឱរសនោះ។ ប៉ុន្តែគេបានធ្វើការចាប់អារម្មណ៍ចំពោះព្រាហ្មណ៍ចុងក្រោយដែលបានជូនពរជ័យ ដល់ព្រះរាជ ឱរសថា សូមឲ្យខ្លាំងដូចស្រមោច ឲ្យពូកែដូចខ្មោច និងមានចិត្តមុតដូចស្រី។ គ្រានោះដែរ មជ្ឈដ្ឋានភ្ញៀវចូលរួមទាំងអស់និង ព្រះមហាក្សត្រផងដែរ បានឆ្ងល់ទៅនឹងខ្លឹមសារនៃពរជ័យនោះហើយសេ្តចក៏បានឲ្យព្រាហ្មណ៍នោះធ្វើការពន្យល់ដើម្បីឲ្យអស់សង្ស័យ។ ព្រាហ្មណ៍នោះបានបកស្រាយដូចតទៅៈ
  •ពរទី១ ខ្លាំងដូចស្រមោច គឺសំដៅទៅលើការកំណត់ច្បាស់ថា ស្រមោចវាជាសត្វមានកម្លាំងខ្លាំង។ ទន្ទឹមនេះដែរព្រាហ្មណ៍បានបញ្ជាក់ថា ឲ្យយកដែកប៉ុនខ្លួនមនុស្សហើយឲ្យមនុស្សលើកម្នាក់ឯង។ ពេលនោះមនុស្សលើកដែកនោះពុំរួចទេ។ ប៉ុន្តែបើគេយកម្ជុលទំហំប៉ុនខ្លួនស្រមោចហើយមានការប្រឡាក់ទឹកឃ្មុំនោះគេ ឃើញស្រមោចមួយពាំទៅបាត់។ នេះហើយដែលហៅថា ខ្លាំងដូចស្រមោច។
  •ពរទី២ ពូកែដូចខ្មោច គឺឲ្យយកខ្មោចតៃហោងទាំង៧ ទៅកប់នៅផ្នូរ ជិតៗ គ្នាបរិវេណតែមួយមានរាងជារង្វង់ហើយមានកប់ផ្តិលប្រាក់នៅទីកណ្តាលនោះដែរ។ នៅពេលយប់គេមានរៀបចំ ពែអុជធូបសែន នៅទីនោះដែលគេសួរថា តើមាននរណាហ៊ានទៅជីក កកាយយកផ្តិលប្រាក់ទាំងយប់ ឬក៏អត់? គេថា មិនមាននរណាហ៊ានទៅជីកយកទេ។ នេះហើយដែលគេហៅថា មានឫទ្ធិពូកែដូចខ្មោចនោះ។
  •ពរទី៣ ចិត្តមុតដូចស្រី គឺមានដំណើររឿងជាក់ស្តែងដែលបានបង្ហាញថា ស្រ្តីមានចិត្តដាច់ដោយហ៊ានសម្លាប់ប្តី ដើម្បីបានទ្រព្យសម្បត្តិ និងកិត្តិយស។ ចំណែកឯប្តី វិញមិនហ៊ានសម្លាប់ប្រពន្ធដើម្បីទ្រព្យសម្បត្តិ និងបុណ្យសក្តិនោះឡើយ។ នេះហើយដែលមានការលើកឧទាហរណ៍ បញ្ជាក់ឲ្យឃើញជាក់ស្តែងថា ពិតជាស្រ្តីភាពមានចិត្តមុតមែន។

   នៅពេលដែលបានជ្រាបនិងទ្រង់ជ្រាបបានច្បាស់ពីអត្ថន័យតាមការជូនពរនោះហើយ ភ្ញៀវទាំងអស់ក្នុងពិធីនោះព្រមទាំងព្រះមហាក្សត្រផង មានការយល់ព្រមហើយមានការគាំទ្រនិងលើកតម្លើង ព្រាហ្មណ៍នោះជារាជគ្រូក្នុងការបង្ហាត់បង្រៀនដល់កូនស្តេចទៀតផង។ មិនតែប៉ុណ្ណោះព្រះមហាក្សត្របានកសាងអាស្រមនៅលើភ្នំជីសូរ គឺប្រាសាទភ្នំជីសូរទុកជាមរតកមកទល់នឹងបច្ចុប្បន្ននេះ ដើម្បីជូនដល់ព្រាហ្មណ៍នោះ គង់នៅព្រមទាំងធ្វើជា បូជនីយដ្ឋាននៃការគោរពសក្ការៈផងដែរ។ នេះហើយដែលជាប្រវត្តិនៃការកសាងប្រាសាទភ្នំជីសូរតាមរយៈរឿងព្រេងនិទាន៕
    ក្រុមកណ្ដាលស្ថិតនៅលើកំពូលភ្នំ ព័ន្ឋដោយថេវជុំវិញមានក្លោងទ្វារធំពីរនៅខាងលិចនិងខាងកើត។ នៅចំកណ្តាលបរិវេនគីប្រាង្គសក្ការៈមានប្លង់កាកបាទតលយទៅខាងកើតដោយមណ្ឌប។ នៅអមខាងមុខប្រាង្គសក្ការៈមានហោត្រៃ(បណ្ណាល័យ)ពីរបែរមុខទៅទិសខាងលិច។ លុះសម័យក្រោយអង្គរ ភ្នំជីសូរក៏នៅជាទីសក្ការៈបូជារបស់អ្នកស្រុក ក៏ប៉ុន្តែប្រាសាទនេះក៏បានប្រែក្លាយពីសាសនាព្រហ្មញ្ញ មកសាសនាព្រះពុទ្ឋវិញ ដោយសំណង់សក្ការៈបានកែមកជាចេតិយ៍ហើយមណ្ឌបក៏បានកែជាឧបោសថាគារ(ព្រះវិហារ) ក្នុងន័យព្រះពុទ្ឋសាសនិក គោរពព្រះសិរិរឹកធាតុ នាពេលបច្ចុប្បន្នប្រាង្គសក្ការ ប្រជាជននិយមហៅថា ព្រះវិហារក្នុង។គួរកត់សម្គាល់ដែរថា នៅឆ្នាំ១៩៣៦ សាលាចុងបូព៌ា ធ្លាប់បានជួសជុលប្រាសាទនេះ ម្ដងហើយ តែគួរឱ្យស្ដាយប្រាសាទនេះ មួយភាគធំត្រូវបានខូចខាត ដោយទម្លាក់គ្រាប់ ក្នុងអំឡុងសង្រ្គាម នាដើមទសវត្សរ៍១៩៧០។ កន្លងមកក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបាន អនុវត្តន៍គម្រោងនានាដូចជា ការសង្រ្គោះបន្ទាន់ពីរឆ្នាំជាប់គ្នា២០១៤ ២០១៥ និងការបោះបង់គោលកំណត់ទីតាំងការពាររមណីយដ្ឋាន រចនាសម្ព័ន្ឋប្រាង្គប្រាសាទ ស្លាកស្នាមបុរាណវិទ្យារួមនិងទេសភាពវប្បធម៌ឳ្យស្ថិតស្ថេរគង់វង្ស។

    សិលាចារឹកនៅមេទ្វារហោត្រៃខាងជើងនេះខូចខាតច្រើនកន្លែងហើយមួយវិញទៀតអក្សរក៏ខ្វៀកពុំស្មើដៃណាស់ណាទេ។ រីឯផ្ទៃសាច់ថ្មវិញក៏គេពុំបានរំលីងម៉ត់ល្អដែរ។ ដូច្មេះហើយបានជាសំណៅនៅលើក្រដាសផ្តិតពុំសូវច្បាស់សោះធ្វើឱ្យលំបាកមើលនៅច្រើនកន្លែង។ សិលាចារឹកលេខ K.៣២ ចុះកាលបរិច្ឆេទ ឆ្នាំ១០៣៨សក ត្រូវនឹងឆ្នាំ១១១៦នៃគ.ស បានរៀបរាប់ថា ព្រះបាទសូរ្យវរ្ម័នទី២ បានតែងតាំងយោគិនឈ្មោះ ភិនកាល ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ពថែរក្សានៅកម្រជគតស្រីសូរ្យបវ៌្វត៕

Comments