ប្រាសាទវត្តប្រើសមាស មានទីតាំងស្ថិតនៅលើកំពូល ភ្នំត្រប់ (មាន ៧ កំពូល) ក្នុងភូមិតាព្រង ឃុំត្រប់ ស្រុកបាធាយ ខែត្រកំពង់ចាម ។ នៅជើងភ្នំមាន អារាមពុទ្ធសាសនាមួយហៅថាវត្តប្រើសមាស, ដូច្នេះឈ្មោះប្រាសាទ គឺយកតាមឈ្មោះវត្តនៅនឹងជើងភ្នំនោះឯង ។ ក្រុមប្រាសាទដែលមានប៉មចំនួន ៤ រាងបួនជ្រុងស្មើ សង់លើខឿនរួមមួយ ធ្វើពីថ្មបាយក្រៀមរត់ជួរ ជើង-ត្បូង បែរមុខទៅកើត ។ ប៉ម ៣ ធ្វើពីឥដ្ឋ មានស៊ុមទ្វាធ្វើពីថ្មភក់ និងមានទ្វារបញ្ឆោតនៅមុខ ៣ ផ្សេងទៀត ។ ប៉មមួយទៀតមានតែគ្រឹះ ។
ពីខាងជើងទៅត្បូងមាន ៖
១.បដិមាភេទប្រុសមានដៃ ៤ ឆ្លាក់ក្នុងអង្កែ(1) មួយ ។
២.បដិមាភេទប្រុសមួយមានដៃ ៤ និងបដិមាភេទស្រី ២ ។
៣.បដិមាភេទប្រុសមួយមានដៃ ៨ និងបដិមាភេទស្រី ២ ។
ប្រាសាទនេះមានសក្ដានុពលខាងវិស័យទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវមកទស្សនាក្បូរក្បាច់រចនា ស្វែងយល់ពីប្រវត្តិប្រាសាទ។ នៅបរិវេណខាងលើក៏ដូចជាជុំវិញភ្នំមានសេសសល់ស្លាកស្នាមប្រាសាទបុរាណជាច្រើនដែលបាក់បែក និងមានធម្មជាតិតូចធំដុះជុំវិញដែលលម្អទៅដោយភាពទាក់ទាញសម្រាប់អ្នកទស្សនា។

