ដូចដែល អ្នកនិពន្ធអានីឌីឡាត (Annie Dillard) ធ្លាប់ពោលអញ្ចឹងថា៖ «របៀបដែលយើងរស់នៅប្រចាំថ្ងៃ គឺជារបៀបដែលយើងរស់នៅពេញមួយជីវិត»។
សាកងាកមកមើលសកម្មភាពគ្រប់យ៉ាងដែលអ្នកធ្វើប្រចាំថ្ងៃទៅមើល… តើនេះជាជីវិតដែលអ្នកចង់បានឬ? តើអ្នកពិតជាចង់ក្លាយជាមនុស្សម្នាក់ដែលលេងហ្គេមពីរម៉ោងក្នុងមួយថ្ងៃ ហើយមើលយូធូបបួនម៉ោងបន្ថែមទៀតមែន? តើអ្នកពិតជាចង់ក្លាយជាមនុស្សដែលគ្មានពេលថែរក្សាខ្លួនឯង ដោយសារអង្គុយឈ្ងោកអោនអានទូរស័ព្ទឬ មិនចង់ក្លាយជាអ្នកមានទំលាប់អានសៀវភៅ មានទំលាប់ធ្វើការបានជក់ចិត្ត មានទំលាប់បរិច្ចាគលុយ និងពេលវេលាជួយសង្គមជាតិវិញទេ?
ប្រសិនបើអ្នកឆ្លើយថាខ្លួនពេញចិត្តនឹងជីវិតបែបនេះហើយ ក៏មិនអីទេ អាចបន្តរស់នៅរបៀបហ្នឹងទៀតទៅ ដោយមិនបាច់ផ្លាស់ប្តូរអ្វីមួយសូម្បីតែមួយសសៃនោះទេ។ តែបើមានចំណុចខ្លះ មានទំលាប់ ឬមានចរិតថ្មីៗខ្លះដែលអ្នកចង់បានមកក្នុងជីវិតអ្នកនោះ គឺទាល់តែអ្នកចេះរៀបប្រតិទិនជីវិត និងគ្រប់គ្រងពេលវេលាឲ្យបានល្អ ទើបអាចឆ្លៀតអភិវឌ្ឍផ្នែកទាំងនេះបាន។
ជឿខ្ញុំទៅ ខ្ញុំខំអាន ខំសាកល្បង តាំងពីខ្លួនមិនដែលមានទំលាប់សមាធិ មិនចេះនិយាយជាមួយមនុស្ស មិនចេះសរសេរ មិនចេះអង់គ្លេស មិនធ្លាប់អានសៀវភៅ… រហូតមកដល់សព្វថ្ងៃរកស៊ីជាអ្នកនិពន្ធ មានមិត្តភក្តិមួយក្រុមដែលជិតស្និទ្ធិគ្នា អាចចេះអង់គ្លេសយកមកប្រើការបាន មានទំលាប់សមាធិ និងស្មារតីក្នុងខ្លួនជាងមុនច្រើន ហើយមានពេលឆ្លៀតអានសៀវភៅបានរាប់រយក្បាលទៀតផង!
មិនមែនសុខៗមានសំណាងបានទំលាប់ និងសមិទ្ធិផលទាំងអស់នេះទេ… គឺខ្ញុំបានខិតខំអានសៀវភៅ អានប្លុក សួរគេឯង ហើយខំហាត់សាកនេះសាកនោះមិនដែលចប់! អញ្ចឹងណា បើចង់បានជីវិតដែលយើងប្រាថ្នាខ្ញុំគិតថា គឺ ២០ ភាគរយស្ថិតលើចំណេះដឹង និងយុទ្ធសាស្ត្រ ឯ ៨០ ភាគរយទៀតគឺស្ថិតលើការអត់ធ្មត់ និងការខិតខំប្រឹងប្រែងបន្តធ្វើរហូតហ្នឹង!

