បញ្ចេញភាពក្លាហានមកប្រើ ដើម្បីប្រឈមមុខនឹងឧបសគ្គ

T
   វាគឺជារឿងកម្រណាស់ដែលថា ដំណើរជីវិតរបស់មនុស្សមានភាពរលូនគ្មានជួបនឹងឧបសគ្គអ្វីសោះ។ ឧបសគ្គ និងព្យុះភ្លៀងនៃជីវិត គឺជារឿងធម្មតាដែលមនុស្សតែងតែជួបប្រទះ។ ពេលទប់ទល់នឹងឧបសគ្គនៅក្នុងថ្ងៃនេះរួចហើយ គេត្រូវត្រៀមខ្លួនទប់ទល់នឹងអ្វីដែលនឹងមកដល់សម្រាប់ថ្ងៃស្អែកទៀត។

    សំខាន់ណាស់ យើងចាំបាច់ត្រូវតែប្រុងប្រៀបខ្លួនត្រៀមលក្ខណៈសម្រាប់ទប់ទល់នឹងឧបសគ្គសព្វបែបយ៉ាងឲបានជាប់ជាប្រចាំ។ ដល់ពេលណាឧបសគ្គល្មមៗមកដល់យើងបែរជាមិនហ៊ានប្រឈមមុខទៅហើយ ទម្រាំបើមានខ្យល់ព្យុះរលកខ្លាំងបន្តិចយើងនឹងត្រូវវាបក់បោកឲលិចលង់បាន។

    ជីវិតមនុស្សគឺបែបនេះ ផ្លូវដែលយើងដើរពុំមែនសុទ្ធតែជាផ្លូវត្រង់រាបស្មើជារៀងរហូតនោះទេ។ ជាញឹកញាប់ណាស់ដែលយើងត្រូវដើរលើផ្លូវក្រឡិកក្រឡុក ខ្ពស់ទាប បត់បែន។ ប៉ុន្តែបើយើងគ្មានសេចក្ដីក្លាហាននឹងពុះពារទម្លុះទម្លាយវាទេ នោះឧបសគ្គនឹងរារាំងធ្វើឲ្យយើងទៅមុខមិនរួច មិនអាចដើរទៅដល់គោលដៅបានទេ។
 
   អ្នកណាក៏ដោយដែលព្រមឱនក្បាលចុះញ៉មការលំបាកលំបិនព្រមចុះចាញ់ចំពោះឧបសគ្គ អ្នកនោះនឹងបាត់បង់ជំនឿលើខ្លួនឯង មិនមានភាពក្លាហានដើម្បីយកឈ្នះលើឧបសគ្គនិងការលំបាកបានទៀតឡើយ។ មនុស្សដែលមានភាពក្លាហាន នៅក្នុងចិត្តរបស់គេពោរពេញទៅដោយជំនឿយ៉ាងមុតមាំ។ ភាពក្លាហានជាសម្បត្ដិដ៏មានតម្លៃព្រោះការតាំងចិត្តថានឹងធ្វើអ្វីផ្សេងៗ យ៉ាងពិតប្រាកដវានឹងជួយឲ្យយើងហ៊ានពុះពារទៅមុខយកឈ្នះលើការលំបាកគ្រប់បែបយ៉ាងបាន។

"ជីវិតតែងជួបឧបសគ្គ បើអ្នកមិនក្លាហានវាយកម្ទេចឧបសគ្គនោះទេ ឧបសគ្គនិងវាយផ្តួលអ្នកវិញទាល់តែអ្នកក្រោកលែងរួច"

Comments