ភាពចង់ដឹងចង់លឺនូវរឿងរ៉ាយដែលបានកើតឡើងនៅក្នុងសង្គមវាជារឿងប្រសើរសម្រាប់ប្រជាជាតិមួយ តែមិនមែនរឿងទាំងអស់សុទ្ធតែគួរដឹងនោះទេ ។ រឿងខ្លះមិនទាំងបាននាំមកនូវសេចក្តីសុខផងតែថែមទាំងផ្ញើរឿងសៅហ្មងចិត្តមកអោយទៀតផង កាលណាយើងតាមដានកាន់តែខ្លាំងនោះប្រដាប់គិតរបស់យើងម្នាក់ៗនឹងប្រមូលសម្រាមស្មោគគ្រោកជាច្រើនមកដាក់ក្នុងខួរក្បាល ។ ការសន្សំពីមួយថ្ងៃទៅមួយថ្ងៃក៏ឃើញមានកាកសំណល់ទាំងនោះច្រើនឡើងៗរហូតធ្វើអោយបាត់ភាពជាខ្លួនឯង ។
តាមការពិតទៅយើងម្នាក់ៗមានរឿងល្អៗជាច្រើនសម្រាប់គិតតែបែរមិនសូវមកចាប់អារម្មណ៌ជាមួយ គឺរវល់តែតាមដានរឿងគ្មានប្រយោជន៍ទៅវិញ ។ ដូចជាមានរឿងបុរាណមួយទាក់ទងជាមួយនឹងលោកគ្រូ ភារម្យភាសាអ៊ូ (ក្រុម ង៉ុយ) ដែលថ្ងៃមួយគាត់បានធ្វើដំណើរទៅច្រៀងថ្វាយព្រះរាជាសៀមនាសម័យកាលនោះ ខណៈដែលធ្វើដំណើរទៅក៏ត្រូវឆ្លងកាត់ទឹកដីខេត្តបាត់ដំបង អ្នកប្រាជ្ញប្រចាំតំបន់ដែលបានជ្រាបពីដំណឹងនេះក៏បានស្នើរទៅកាន់ចៅហ្វាយខេត្តអោយរៀបចំកម្មវិធីចួបជុំគ្នាថែមទាំងមានការច្រៀងឆ្លងឆ្លើយគ្នាដើម្បីល្បងប្រាជ្ញទៀតផង ។ កាលវេលាក៏បានរំកិលមកដល់ចំណែកកម្មវិធីច្រៀងក៏បានចាប់ផ្តើមឡើង ។ សំនួរដែលលោកគ្រូ ក្រុម ង៉ុយទទួលដំបូងគេនោះគឺ ថាតើចម្ងាយពីផែនដីទៅឋានសួគ៌មានប្រវែងប៉ុន្មានKm ប៉ុន្មានCm ប៉ុន្មានmm គាត់បានឆ្លើយតបយ៉ាងងាយស្រួលគឺមានប្រវែង ១លានKm ១លានCm ១លានmm ខណៈនោះអ្នកលេងសម្តីប្រចាំតំបន់ក៏បានបន្តសួរថាធ្វើម្តេចទើបលោកអាចដឹងប្រវែងបាន អ្នកប្រាជ្ញក្រុមង៉ុយបានតបយ៉ាងជឿជាក់ថាប្រសិនបើលោកមិនជឿទេអាចសាកល្បងទៅវ៉ាសបាន យើងទាំងអស់គ្នាសាកគិតបន្តិចទៅមើលថាតើអ្នកម្នាក់ដែលអាចធ្វើវាបានគឺគ្មានទេ ។ ដល់វេនដែលលោកតាក្រុម ង៉ុយសួរវិញ គាត់ក៏បានសួរសំនួរយ៉ាងសាមញ្ញមួយទៅកាន់អ្នកវោហាសម្តីនោះគឺ តើចម្ងាយពីបាត់ដំបងទៅភ្នំពេញមានប្រវែងប៉ុន្មាន ហើយគិតចាប់ពីចំណុចណាទៅចំណុចណា ប្រសិនបើធ្វើដំណើរតាមសេះ រឺក៏តាមផ្លូវទឹកត្រូវជំណាយរយៈពេលប៉ុន្មាន ? ខណៈពេលនោះអ្នកប្រាជ្ញប្រចាំខេត្តបែរជារកទំនុកឆ្លើយពុំរួច ធ្វើអោយខ្លួនមានភាពអាម៉ាសជាខ្លាំង ។ លោកគ្រូ ភារម្យភាសាអ៊ូក៏បានផ្តាំថារឿងទឹកដីខ្លួនឯងដែលគួដឹងមិនព្រមសិក្សាឆ្វេងយល់អោយបានច្បាស់លាស់ទេ តែបែរជាទៅខំប្រឹងស្រវ៉ាស្រទិញទៅចាំចម្ងាយពីដីទៅលើមេឃឯណោះវិញ ។
ហើយមនុស្សប្រភេទនេះមិនខ្វះនោះទេក្នុងពេលឥឡូវនេះគឺជាមនុស្យដែលចូលចិត្តចំណាយជីវិតខ្លួនទៅលើរឿងអកុសល មនុស្យប្រភេទនេះជួនកាលមិនព្រមគិតរឿងពង្រឹងសមត្ថភាពខ្លួននោះទេ តែមកអង្គុយច្រណែនជាមួយអ្នកដទៃទៅវិញ ។ អ្នកខ្លះទៀតរហួតមានពេលទំនេរទៅមើលគេឈ្លោះប្រកែកគ្នាតាមFacebookក៏មានហើយថែមទាំងចេះវិភាគរកខុសរកត្រូវជំនួសសមីខ្លួនគេទៀតផងវិភាគចុះវិភាគឡើងស្ទើតែភ្លេចខ្លួនថាជិតអស់អង្គរបរិភោគហើយ ។ មានប្រភេទមនុស្សមួយក្រុមទៀតនោះគឺមានចិត្តទូលាយណាស់គឺចំណាយពេលវេលារបស់ខ្លួនឯងទៅនិយាយអាក្រក់ពីអ្នកដទៃ កាន់តែនិយាយ កាន់តែរិះគុនគេ កាន់តែគិតអាក្រក់ពីគេចុងក្រោយក៏បានឃើញលទ្ធផលគឺអ្នកដែលត្រូវបានគេនិយាយកាន់តែមានចំណេះដឹងឡើងចំណែកឯអ្នកនិយាយអោយគេក៏បានក្លាយត្រឹមតែអ្នកនិយាយដដែលនេះឯង ។


សួស្តីបង
អធ្យាស្រ័យ ខ្ញុំបានពិនិត្យឃើញថាអត្ថបទនេះចំលងពី Facebook ។សូមបងផុសរាល់អត្ថបទដែលមិនចំលងពីកន្លែងណាមួយដើម្បីទទួលការ vote គាំទ្រ។អរគុណ
link : https://www.facebook.com/groups/518440479327592/