សាកងាកមកមើលជីវិតអ្នកប៉ុន្មានថ្ងៃចុងក្រោយនេះទៅមើល ហើយសួរខ្លួនឯងថា៖ «តើរាល់ថ្ងៃខ្ញុំកំពុងធ្វើអ្វីដែលខ្ញុំចង់ធ្វើ ឬក៏ខ្ញុំរវល់តែរឿងដែលខ្ញុំមិនចូលចិត្ត រឿងដែលខ្ញុំមិនខ្វល់ខ្វាយ ហើយនិងរឿងដែលគ្មានប្រយោជន៍ដល់គោលដៅជីវិតធំរបស់ខ្ញុំ?»
យកល្អ គឺអាចធ្វើពិសោធន៍មួយ ដោយកត់ត្រាគ្រប់សកម្មភាពដែលយើងធ្វើប្រចាំថ្ងៃតែម្តង! មនុស្សភាគច្រើនរស់នៅដោយមិនដឹងថា ក្នុងមួយថ្ងៃ ខ្លួនធ្វើអ្វីខ្លះ ហើយសកម្មភាពមួយៗស៊ីម៉ោងអស់ប៉ុន្មាននោះទេ។ ដោយហេតុនេះហើយ អ្នកដែលធ្វើពិសោធន៍នេះតែងភ្ញាក់ផ្អើលនឹងលទ្ធផល ព្រោះការពិតនៃជីវិតគឺខុសពីអ្វីដែលគាត់គិតយ៉ាងខ្លាំង!
ដើម្បីកុំឲ្យមានមន្ទិលនៅសល់ចំពោះសំណួរខាងលើ សាកធ្វើពិសោធន៍នេះដែរទៅ! ងាយស្រួលធ្វើមែនទែន ដោយអ្នកត្រូវការតែក្រដាសមួយសន្លឹកដាក់តាមខ្លួន ឬកត់ត្រាតាមទូរស័ព្ទអ្នកក៏បាន!
នេះជាសំរង់កំណត់ត្រាសកម្មភាពរបស់ស្មេរក្នុងអាទិត្យដែលស្មេរបានសរសេរអត្ថបទនេះផ្ទាល់តែម្តង៖ 5:20 ក្រោកឡើង តែដេកស្ងៀមលើគ្រែ
5:30 ងើបឡើង ស្តាប់ធម៌របស់ព្រះតេជគុណធីជញ៉ាត់ហាញ់ (Thich Nhat Hanh) ហើយដាក់ជី
6:30 រៀបផែនការសំរាប់ថ្ងៃថ្មី កត់ក្នុងតារាងតាមដានទំលាប់សំរាប់ថ្ងៃម្សិល (អាចចុចអានទីនេះ ដើម្បីរៀនពីរបៀបតាមដានទំលាប់ប្រចាំថ្ងៃរបស់យើងបាន)
6:45 តាំងសមាធិ
7:00 ស្រោចទឹកដើមឈើ និងបោសបន្ទប់ដោយមានស្មារតីក្នុងខ្លួន រៀបចំខ្លួនចេញទៅហាត់ប្រាណ
8:00 ហែលទឹក ស្ទីម និងញ៉ាំបាយព្រឹក
9:00 ធ្វើការ
12:00 ញ៉ាំបាយថ្ងៃត្រង់ និងលេងហ្វេសប៊ុក
1:00 តាំងសមាធិពេលថ្ងៃ និងដេកថ្ងៃ
2:00 ធ្វើការ
5:30 លេងហ្វេសប៊ុក រេឌីត (Reddit) ឬថាំប្លឺ (Tumblr)
6:30 ចេញញ៉ាំអីជាមួយមិត្តភក្តិ
8:00 មកដល់ផ្ទះ ងូតទឹក លេងទូរស័ព្ទ រៀបចំខោអាវសំរាប់ថ្ងៃស្អែក
9:00 អានសៀវភៅ ឬមើលរឿង
10:00 តាំងសមាធិដើម្បីបន្ធូរខ្លួន និងដេក
គួរបញ្ជាក់ផងដែរថា ក្នុងរបាយការណ៍ខាងលើនេះ ស្មេរមិនបានកត់ឲ្យជាក់លាក់ថាតើលេងកម្មវិធីទូរស័ព្ទអីខ្លះ ហើយលេងមួយៗអស់ប៉ុន្មានម៉ោងនោះទេ។ ដោយសារ រាល់យប់ ស្មេរតែងឆែកមើលកម្មវិធី Screen Time (ពេលវេលាប្រើប្រាស់ទូរស័ព្ទ) ដែលមានមកស្រាប់ក្នុងអាយហ្វូនជំនាន់ក្រោយៗ។
ក្នុងកម្មវិធីថ្មីនេះ គឺគេប្រាប់តែម្តងថាមួយថ្ងៃយើងបើកទូរស័ព្ទប៉ុន្មានដង ចុចអស់ប៉ុន្មានម៉ោង ហើយប្រើកម្មវិធីអីខ្លះ។ អញ្ចឹងខ្ញុំតែងឆែកមើលរបាយការណ៍ Screen Time (ពេលវេលាប្រើប្រាស់ទូរស័ព្ទ) នេះរាល់យប់ ដើម្បីដឹងថាខ្លួនញៀនទូរសព័្ទឬអត់ ហើយគួរធ្វើអ្វីថ្ងៃស្អែកដើម្បីផ្លាស់ប្តូរទំលាប់អាក្រក់នេះ។

