ដឹងពីភាពខុសគ្នារវាងថ្មធំ និងដុំក្រួសតូចៗ

T

ប្រហែលជាគ្នាយើងខ្លះធ្លាប់អាន ឬលឺគេនិយាយពីរឿងថ្មីធំ និងដុំក្រួសនេះហើយ តែខ្ញុំគិតថា យើងនៅតែត្រូវនិទានវាឡើងវិញអញ្ចឹង ដើម្បីដាស់តឿនរំលឹក ក៏ដូចជាប្រាប់ទៅអ្នកដែលមិនធ្លាប់លឺរឿងនេះ។

ស្រមៃថាយើងមានដុំថ្មធំបួនទៅប្រាំគ្រាប់ ហើយមានដុំក្រួសបីទៅបួនក្តាប់ដៃ និងក្រឡតូចមួយ។ គោលបំណងយើងគឺចង់ដាក់ទាំងថ្មធំ ទាំងដុំក្រួសទៅក្នុងដបនោះឲ្យចូលអស់តែម្តង។ ប្រសិនបើយើងដាក់ដុំក្រួសតូចៗចូលមុន នោះនឹងគ្មានកន្លែងនៅសល់សំរាប់ដាក់ថ្មធំពីក្រោយឡើយ។

ផ្ទុយទៅវិញ ប្រសិនបើយើងដាក់ថ្មធំៗចូលមុនសិន រួចទើបលាយដុំក្រួសពីក្រោយនោះ បែរជាចូលអស់ ព្រោះដុំក្រួសនឹងហូរទៅចន្លោះកន្លៀតតូចៗនៃថ្មធំៗបានជាមិនខាន។

ជីវិតយើងរាល់ថ្ងៃក៏ដូចនឹងក្រឡតូចមួយនេះដែរ។ ដែលមានអារម្មណ៍ថាមួយថ្ងៃៗ ធ្វើការរកពេលដកឃ្លាមើលមីម (meme) មិនបានទេ តែបែរជាគ្មានអភិវឌ្ឍផ្នែកណាផ្នែកណីឲ្យច្បាស់សោះ។ នោះក៏ដោយសារ យើងយកពេលតែធ្វើការងារកំប៉ិចកំប៉ុក ដូចដុំក្រួសតូចៗអញ្ចឹង ជាការងារដែលមិនសំខាន់តែយើងត្រូវប្រញ៉ាប់ធ្វើ ឬអាចជាការងារដែលមិនសំខាន់ហើយ មិនប្រញ៉ាប់ទៀតផង!គ្រប់ការងារ គ្រប់សកម្មភាពដែលយើងធ្វើក្នុងជីវិតយើងអាចបែងចែកជាបួនប្រភេទ ដោយផ្អែកលើសារៈសំខាន់របស់វា និងភាពប្រញ៉ាប់របស់វា។

ដូចដែលបានចារពីលើអញ្ចឹង សកម្មភាពប្រភេទ ៣ និង ៤ ជាគ្រាប់ក្រួសតូចៗ។ ប្រសិនបើមួយថ្ងៃៗរវល់ធ្វើតែរឿងប្រភេទពីរនេះ រវល់តែទៅនេះទៅនោះ ជួបគេនិយាយរឿងអត់ប្រយោជន៍ និងលេងអុីនធឺណែតដោយគ្មានគោលដៅនោះ យើងនឹងហត់អស់កំលាំង ហើយមិនបានសំរេចគោលដៅជីវិតយើងទៀតផង!

ការងារប្រភេទទី១ និង ទី២ គឺជាដុំថ្មធំៗ។ តែមានមនុស្សខ្លះតែងចំណាយពេលជាច្រើនធ្វើតែរឿងប្រភេទទី ១ ហាក់ដូចជាជីវិតគាត់ចេះតែមានបញ្ហាកើតឡើងបន្តកន្ទុយគ្នារហូតមិនចេះដាច់គ្នាសោះអញ្ចឹង។ ថ្ងៃនេះក៏អត់លុយចាយ ថ្ងៃស្អែកក៏ទៅខ្ចីលុយគេ ខានស្អែកត្រូវរកវិធីសងលុយគេវិញ។ មិនទាន់បានអីផង ស្រាប់តែធ្លាក់ទឹកចិត្ត មិនចង់ធ្វើការអ្វីសោះ ហើយមិនទាន់ជាស្រួលបួលផងក៏តូចចិត្តដោយសារគ្មានមិត្តជិតដិត ឬសង្សារនែបនិត្យនឹងគេ។

បើមួយថ្ងៃៗយើងចាំតែដោះស្រាយបញ្ហាប្រភេទទីមួយនោះ មិនយូរទេ យើងគង់តែធុញថប់ ហត់នឿយនឹងការងារ ធុញទ្រាន់នឹងជីវិតមិនខាន។ ស្ត្រេស និងភាពព្រួយបារម្ភនឹងក្លាយជាតួឯកក្នុងជីវិតរបស់អ្នក។

អញ្ចឹងប្រហែលជាអ្នកឃើញច្បាស់ហើយថា មានតែសកម្មភាពប្រភេទទីពីរទេដែលមានប្រយោជន៍ជាងគេ។ យើងធ្វើវារឹតតែច្រើន នោះយើងរឹតតែមានសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ជំនាញ ចំណេះ និងទំនាក់ទំនងល្អជាងមុន។

ពួកវារួមមានពេលដែលយើងព្យាយាមរៀបផែនការ ព្យាយាមបង្ការ និងអភិវឌ្ឍខ្លួនយើង ដែលជាហេតុនាំឲ្យជីវិតយើងមានតុល្យភាព មានវិន័យត្រឹមត្រូវ ហើយដើរតាមចក្ខុវិស័យដែលយើងបានកំណត់ទៀតផង! ម៉្យាងវិញទៀត បើយើងយកពេលមកអភិវឌ្ឍខ្លួនយើង ពង្រឹងទំនាក់ទំនងយើង និងបង្កើនការយល់ដឹងពីពិភពលោករបស់យើងឲ្យបានកាន់តែច្រើននោះ នោះនឹងមានបញ្ហា (ពួកសកម្មភាពប្រភេទទី ១) កើតឡើងតិចទៅៗជាមិនខាន។

ឧទាហរណ៍ថា ប្រសិនបើយើងយកពេលមកពង្រឹងជំនាញអាជីពរបស់យើង យកពេលមករៀនគ្រប់គ្រងចំណូលចំណាយ និងឆ្លៀតពេលសន្សំលុយទុកទៀតនោះ​ ទៅថ្ងៃមុខ យើងនឹងមិនសូវជាមានបញ្ហាដាច់លុយ និងជំពាក់គេវ័ណ្តកទៀតនោះទេ។

ជាសរុបមក ការងារប្រភេទទីមួយគឺពពួកដែលយើងចាំតែប្រតិកម្មនោះទេ គឺចាំតែពេលណាមានភ្លើងឆេះឆាប ហើយទើបរកវិធីពន្លត់ភ្លើងនោះវិញ។ តែការងារប្រភេទទីពីរវិញគឺពពួកដែលយើងសកម្មគឺ យើងព្យាយាមស្វែងរកវិធីបង្ការកុំឲ្យភ្លើងឆេះមុនពេលមានរឿងកើតឡើង ដូចពាក្យចាស់យើងដែលថា៖ «គោបាត់ទើបធ្វើរបង»នោះអី!

តែគួរឲ្យសង្វេគណាស់ដែលគ្នាយើងភាគច្រើនមិនសូវជាយកពេលមកធ្វើសកម្មភាពប្រភេទទីពីរទេ ដោយគិតថាចាំពេលក្រោយ ចាំមាននេះ ចាំមាននោះ ចាំ ៗ ៗ ជានិច្ច។ហាត់ប្រាណ? មិនទាន់បានហាត់ទេ ចាំឆ្នាំក្រោយចាំទៅសរុបតែម្តងទៅ។

សន្សំលុយដើម្បីទុកដោះទាល់ថ្ងៃក្រោយ? មិនទាន់ទេ… ចាំឡើងប្រាក់ខែសិន (ដល់ទៅ ៥ ឆ្នាំទៀតឯណោះទើបឡើងប្រាក់ខែ!)

ចេញទៅជួបមិត្តភក្តិហើយសាងមិត្តភាពឲ្យបានរឹងមាំដោយសារវាជាផ្នែកមួយដ៏ចំបងក្នុងការបង្កើតជីវិតដ៏មានន័យមួយ? មិនទាន់មានពេលទេ! ចាំពេលការងាររាងស្បើយបន្តិចសិន (ចាំរហូតដល់ពួកម៉ាកលែងចង់ចេញជួប ដោយសារគេហៅមិនចេញរាប់ឆ្នាំ)។

ពេលដែលយើងមិនបានសន្សំលុយទុកនោះ គង់មានថ្ងៃណាមួយយើងអាចនឹងជួបបញ្ហាខ្វះលុយ មិនមានអ្វីជាទីពឹងមិនខាន។

បើមិនយកពេលហាត់ប្រាណថ្ងៃនេះទេ ថ្ងៃស្អែកអាចនឹងឈឺនេះឈឺនោះជាមិនខាន។

ពេលដែលយើងមិនចេញជួបនិយាយលេងជាមួយមិត្តភក្តិនោះ គង់មានថ្ងៃណាមួយគេនឿយណាយពីយើង ហើយយើងអស់មិត្តភក្តិជាមិនខាន។

តែយ៉ាងណាមិចញ ឥលូវនេះវាមិនទាន់ហួសពេលនោះទេ! ឈប់រកលេស នៅតែចាំពេលក្រោយទើបធ្វើរឿងសំខាន់ៗនេះទៀតទៅ! ប្រសិនបើវាមានមុខក្នុងបេសកកម្មជីវិតរបស់អ្នក អញ្ចឹងត្រូវតែដាក់វាមុនគេតែម្តង! បើមិនអញ្ចឹងទេ ប្រយ័ត្នដល់ចាស់ជិតស្លាប់ហើយទើបភ្ញាក់ខ្លួនថា ខ្លួនបានចំណាយពេលមួយជីវិតរាប់តែកូនក្រួសតូចៗណា!

Comments