ដឹងថាខុស ឆាប់កែប្រែចាត់ទុកថាជាការប្រសើរបំផុត។ អ្វីដែលគួរឲ្យសោកស្ដាយនោះគឺ ការដឹងថាខ្លួនខុស តែមិនព្រមទទួលកំហុស ព្រមទាំងរកវិធីដោះសាឲ្យខ្លួនរួចផុតពីខុស។ មនុស្សប្រភេទនេះមានច្រេីនរាប់មិនអស់។ មូលហេតុដោយសារតែអ្នកទាំងនោះមិនមានភាពក្លាហានគ្រប់គ្រាន់នៅក្នុងការទទួលស្គាល់កំហុស។ ភាពខ្ពង់ខ្ពស់របស់មនុស្សមិនមែនសំដៅទៅលើថាអ្នកនោះមិនធ្លាប់ធ្វើអ្វីខុសនោះទេ ការធ្វើខុសវាគឺជារឿងពិបាកនឹងចៀសវាងបំផុត។ ប៉ុន្តែចំពោះមនុស្សល្អមានគុណធម៌ គេនឹងមានសេចក្ដីក្លាហានគ្រប់គ្រាន់ក្នុងការទទួលស្គាល់កំហុស ហើយព្យាយាមកែសម្រួលខ្លួនឯងសាជាថ្មី។ ដឹងច្បាស់ថាខ្លួនខុសបែរជាមានចេតនាអូសបន្លាយពេលវេលាមិនព្រមកែប្រែភ្លាមៗនោះទេ។ មនុស្សប្រភេទនេះពុំត្រឹមតែមិនអាចលុបលាងកំហុសបាននោះទេ គេកាន់តែធ្លាក់ទៅក្នុងគន្លងនៃអំពើអាក្រក់រហូតគ្មានទីបញ្ចប់ ដោយសារតែការបន្ថែមបាបមកឲ្យខ្លួនកាន់តែច្រើនឡើងៗនោះឯង។ ធ្វើខុសមិនមែនគួរឲ្យខ្មាសនោះទេ អ្វីដែលគួរឲ្យខ្មាសនោះគឺការដែលដឹងថាខុសហើយនៅតែបំពានខុសដដែលៗ ខុសហើយខុសទៀត ថែមទាំងខំរកល្បិចគ្រប់យ៉ាងមកដោះសាបោកប្រាស់ទាំងខ្លួនឯង បោកប្រាស់ទាំងអ្នកដទៃ។
"សូមកុំមានការខ្មាសអៀននៅពេលទទួលស្គាល់កំហុសព្រោះការទទួលស្គាល់កំហុសបញ្ជាក់ឲ្យដឹងថាចាប់ពីពេលនេះទៅអ្នកឆ្លាតជាងមុនហើយ"

