មានការស្រាវជ្រាវជាច្រើនដែលបានរកឃើញថាការតាំងសមាធិផ្តល់ផលប្រយោជន៍ល្អៗជាច្រើនដល់ខួរក្បាល ក៏ដូចជាចិត្តរបស់យើងផងដែរ។ ប្រហែលបន្តិចទៀត យើងនឹងសរសេរអត្ថបទមួយបកស្រាយពីការតាំងសមាធិឲ្យបានស៊ីជម្រៅជាងនេះ តែឥលូវនេះមានការបកស្រាយខ្លីៗ និងតំណទៅកាន់របាយការណ៍ស្រាវជ្រាវទាំងឡាយ សម្រាប់ឲ្យអ្នកដែលចង់ស្រាវជ្រាវអាចអាចបានដោយខ្លួនឯង៖
– សុខៈ៖ គេបានរកឃើញថា ការតាំងសមាធិជួយឲ្យយើងមានអារម្មណ៍ល្អ (ទីនេះ) បន្ថយអារម្មណ៍បាក់ទឹកចិត្ត (ទីនេះ) ភាពស្លន់តក់ស្លុត (ទីនេះ និង នេះ) ក៏ដូចជាកាត់ស្ត្រេសយើងផងដែរ! (ទីនេះ និង ទីនេះ)
– ពូកែគ្រប់គ្រងខ្លួន និងផលិតកម្មខ្ពស់៖ វាធ្វើឲ្យយើងពូកែផ្តោតអារម្មណ៍ជាងមុន (ទីនេះ ទីនេះ ទីនេះនិងទីនេះ ឬអ្នកអាចអាចអត្ថបទយើងនិយាយពីវិធីផ្តោតអារម្មណ៍លើការងារបានល្អជាងមុន) ក៏ដូចជាធ្វើឲ្យយើងពូកែវែកញែកស្គាល់ពីអារម្មណ៍ និងចិត្តគំនិតខ្លួនឯង (ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តស្រែកសួរខ្លួនឯងថាខ្លួនជានរណាគេ) (អាចអានការស្រាវជ្រាវនៅទីនេះ)
– សុខភាព៖ វាអាចជួយបន្ថយអាការៈឈឺចុកចាប់ (ទីនេះ) ក៏ដូចជាបង្កើនសមត្ថភាពប្រព័ន្ធសុាំរបស់យើងផងដែរ (ទីនេះ និងទីនេះ)
– ទំនាក់ទំនងជាមួយអ្នកដទៃ៖ វាជួយឲ្យយើងមានបញ្ញាខាងផ្នែកអារម្មណ៍របស់ខ្លួន និងអ្នកដទៃ (ទីនេះ និងទីនេះ) ហើយក៏ធ្វើឲ្យយើងមានភាពមេត្តាករុណាស្រឡាញ់មនុស្សផងជាងមុនដែរ (ទីនេះ និងទីនេះ)
អញ្ចឹងតើសមាធិត្រូវធ្វើយ៉ាងម៉េចខ្លះ?
ដំបូងគួរធ្វើខ្លួនឲ្យស្រួល ដោយអាចដេកចុះ (គ្មានកើយខ្នើយ) ឬ អង្គុយពែនភ្នែន ឬលើកៅអីក៏បាន។ មិនបាច់ចាំដល់អង្គុយពែនភ្នែនលើពូក ដាក់បាតដៃលើជង្គង់ទើបអាចតាំងសមាធិបាននោះទេ។
ដូចដែលយើងបាននិយាយជាមួយគ្រូបង្ហាត់យោគៈ និងអ្នករបាំបូរាណខ្មែរអញ្ចឹង ពួកគាត់ថា ទាំងយោគៈ ទាំងរបាំខ្មែរយើងសុទ្ធតែនាំឲ្យអ្នកហាត់មានសមាធិក្នុងចិត្ត។ នោះបានន័យថា សំខាន់គឺការគិតខាងក្នុងរបស់យើងទេ ខ្លួនប្រាណយើងកំពុងធ្វើអ្វី (ទាំងរាំ ទាំងដើរ ដេក ឈរ អង្គុយ ឬជុះ) ក៏យើងអាចសមាធិបានដែរ។ មូលហេតុដែលគេតែងសមាធិដោយអង្គុយពែនភ្នែននោះក៏ព្រោះថាយើងអាចអង្គុយបែបនេះបានយូរដោយមិនចុករោយខ្លួនប្រាណខ្លាំងទេ។
ឥលូវពេលដែលអង្គុយ ឬដេកបានស្រួលខ្លួនហើយ ចាប់ផ្តើមផ្តោតអារម្មណ៍លើដង្ហើមចេញចូលរបស់អ្នកវិញម្តង។ ពេលអ្នកដកដង្ហើមចូល គិតក្នុងចិត្តថា «ខ្ញុំកំពុងស្រូបដង្ហើមចូល» ពេលអ្នកដកដង្ហើមចេញ គិតថា «ខ្ញុំកំពុងដកដង្ហើមចេញ»។ ប្រសិនបើយើងមិនធ្លាប់ហាត់ទេ មិនទាន់បានប៉ុន្មានដង្ហើមទេ ចិត្តយើងនឹងចង់វៀចវេរទៅគិតពីរឿងផ្សេងៗពីអតីតកាល ឬរៀបផែនការសម្រាប់អនាគតជាមិនខាន។ កុំខឹងនឹងវាអី ព្រោះនេះជារឿងធម្មតាទេ គ្រាន់តែរំលឹកខ្លួនឲ្យគិតពីដង្ហើមវិញទៅបានហើយ។ ធ្វើអញ្ចឹងប៉ុន្មាននាទីស្រេចចិត្តអ្នក ៣នាទីក៏បាន ៥ក៏បាន ដល់ ១៥ ក៏រឹតតែបាន! បើយើងធ្វើវាកាន់តែយូរ នោះចិត្តរបស់យើងនឹងកាន់តែនឹងក្នុងថ្ងៃនេះ។

