អ៉ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរ ហេតុអ្វីកូរ៉េខាងជើងអាច?

tikchhang

(វ៉ាស៊ីនតោន)៖ នៅបន្ទាប់ពីបានរំសាយកម្មវិធីនុយក្លេអ៊ែររបស់លីប៊ីបានដោយជោគជ័យ រដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់តាំងពីពេលនោះមកបានប្រកាន់យក ស្ដង់ដារមួយដែលគ្រប់ការរំសាយនុយក្លេអ៊ែរទាំងអស់ គួរតែដើរតាមរូបមន្ត CVID។ មានន័យថាជាការរំសាយនុយក្លេអ៊ែរទាំងស្រុង ត្រូវបានផ្ទៀងផ្ទាត់ និងមិនអាចស្ដារឡើងវិញ។ ក៏ប៉ុន្តែ នេះមិនមែនជាករណីក្នុងកាលៈទេសៈសព្វថ្ងៃនោះទេ ខណៈលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងប្រើវិធីសាស្ត្រ២ខុសគ្នាស្រឡះចំពោះកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអ៉ីរ៉ង់។ ចំពោះអ៉ីរ៉ង់ លោក ត្រាំ បានប្រកាន់យកជំហរដាច់ខាតថាអ៉ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរ ហើយចំពោះកូរ៉េខាងជើង លោកកំពុងប្រកាន់យកភាពប្រាកដនិយម និងសម្របសម្រួលបើកផ្លូវចរចាដើម្បីកាត់បន្ថយ និងគ្រប់គ្រងការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។ 

ស្ដង់ដារ២បែបនេះបានបង្ហាញយ៉ាងច្បាស់នៅក្នុងសារមួយរបស់លោក ត្រាំ កាលពីសប្ដាហ៍មុនដែលបានបញ្ជាឱ្យមន្ទីរបញ្ចកោណកាត់បន្ថយរយៈពេល និងបង្រួមសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។ ការកាត់បន្ថយរយៈពេល និងបង្រួមសមយុទ្ធយោធាឱ្យតូចគឺជាចំណាត់ការជាក់លាក់ដំបូងបំផុតមួយរបស់លោក ត្រាំ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកការរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុននៅក្នុងអាណត្តិនេះ។ កាលពីអាណត្តិទី១ ដើម្បីបានជួបលោក គីម នៅសិង្ហបុរីក្នុងឆ្នាំ២០១៨ លោក ត្រាំ ធ្លាប់បានចេញបញ្ជាស្រដៀងគ្នានេះដែរ ដោយនៅពេលនោះលោកបានបញ្ជាឱ្យផ្អាកការធ្វើសមយុទ្ធយោធាទាំងអស់ជាមួយកូរ៉េខាងត្បូង។ 

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោក លោក ត្រាំ បាននិយាយថាចាប់តាំងពីលោកត្រឡប់មកកាន់តំណែងជាប្រធានាធិបតីកាលពីខែមករា ឆ្នាំ២០២៥មក កូរ៉េខាងជើងមិនសូវបានធ្វើតេស្ដនុយក្លេអ៊ែរ ឬបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ​ICBM ញឹកញាប់នោះទេ។ តាមលោក ត្រាំ ក្រោមអាណត្តិរបស់លោក កូរ៉េខាងជើងមិនបានបង្កការគំរាមកំហែងចំពោះសហរដ្ឋអាមេរិកឡើយ ហើយថែមទាំងប្រព្រឹត្តចំពោះលោកដោយការគោរពទៀតផង។ ប៉ុន្តែក្រុមអ្នកវិភាគមើលឃើញថាការងាកទៅនិយាយពីកូរ៉េខាងជើង ប្រហែលជាការព្យាយាមបង្វែរចំណាប់អារម្មណ៍ចេញពីភាពស្��ុគស្មាញដែលលោក ត្រាំ កំពុងប្រឈមក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់តែប៉ុណ្ណោះ។ លោក ត្រាំ ធ្លាប់បានទទួលស្គាល់ថាកូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែររួចទៅហើយ តែចំពោះអ៉ីរ៉ង់រឿងបែបនេះមិនអាចកើតឡើងដាច់ខាត។ នៅទីនេះគេអាចនិយាយថាវាជាស្ដង់ដារ២។ តែវិធីសាស្ត្រ ២ផ្សេងគ្នារបស់លោក ត្រាំ គឺសមហេតុសមផល ដោយសារតែស្ថានភាពខុសគ្នានៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងអ៉ីរ៉ង់។ 

កម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍចំពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ រីឯទីតាំងរោងចក្រនុយក្លេអ៊ែរវិញត្រូវបានគេស្គាល់យ៉ាងច្បាស់ ដែលនេះងាយស្រួលសម្រាប់ការវាយប្រហារដូចដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានធ្វើ។ ប៉ុន្តែកូរ៉េខាងជើងវិញជាប្រទេសមានអាវុធនុយក្លេអ៊ែររួចទៅហើយ។ ម្យ៉ាងវិញទៀត ដោយមានអាវុធនុយក្លេអ៊ែរ ៦០គ្រាប់ និងមានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់ដើម្បីផលិតអាវុធនុយក្លេអ៊ែរបន្ថែម ៣០គ្រាប់ទៀត ការវាយប្រហារលើកូរ៉េខាងជើងក្លាយជារឿងមិនអាចទៅរួចឡើយ ហើយព្យុងយ៉ាងក៏មិនខ្វល់ទាំងអស់ពីរូបមន្ត CVID។ គោលនយោបាយខុសគ្នានេះ ក៏បានធ្វើឱ្យការដាក់ទណ្ឌកម្មមានប្រសិទ្ធភាពខ��សគ្នាផងដែរ។ ក្នុងករណីអ៉ីរ៉ង់ វានៅតែមានការគាំទ្រជាសកលចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែក្នុងករណីកូរ៉េខាងជើង ចិន និងរុស្ស៉ីបាន និងកំពុងគាំទ្រពេញទំហឹងដល់កូរ៉េខាងជើង ហើយនេះធ្វើឱ្យទណ្ឌកម្ម ឬដំណោះស្រាយណាមួយចេញដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងទីក្រុងព្យុងយ៉ាងមិនសូវមានប្រសិទ្ធភាពនោះទេ។ 

ចុងក្រោយ និងសំខាន់បំផុត នោះគឺការប្រើប្រាស់វិធីសាស្ត្រស្ដង់ដារ ២ផ្សេងគ្នារបស់លោក ត្រាំ ត្រូវបានគាំទ្រដោយសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung មិនចង់ឱ្យមានការប្រឈមមុខយោធាដាក់គ្នានៅលើឧបទ្វីបកូរ៉េទេ និងស្វាគមន៍កិច្ចប្រឹងប្រែងការទូតរបស់លោក ត្រាំជាមួយកូរ៉េខាងជើង។ ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានជំរុញឱ្យសហរដ្ឋអាមេរិកប្រើរូបមន្ត CVID ជាមួយអ៉ីរ៉ង់ ពោលគឺដាច់ខាតរារាំងមិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ បើទោះជាត្រូវធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ក៏ដោយ ដូចដែលគេកំពុងឃើញសព្វថ្ងៃ។ ដោយឡែក ចិនវិញ បច្ចុប្បន្ន ក៏ប្រហែលជានឹងគាំទ្រដល់កិច្ចសន្ទនារវាងលោក ត្រាំ និងលោក គីម ជុងអ៊ុនផងដែរ ដើម្បីបញ្ចៀសកុំឱ្យសហរដ្ឋអាមេរិកប្រើប្រាស់កម្លាំងបាយក្នុងតំបន់ជាប់របងផ្ទះរបស់ខ្លួន និងប្រហែលជាចង់ប្រើប្រាស់ទំនាក់ទំនងរវាងលោក ត្រាំ និងលោក គីម ដើម្បីកាត់បន្ថយភាពស្និទ្ធស្នាលខ្លាំងពេករវាងលោក ពូទីន និងលោក គីម។ 

តែទោះជាយ៉ាងណាក៏ដោយ រឿងដ៏ស្មុគស្មាញបំផុតចំពោះវិធីសាស្ត្របែបនេះ នោះគឺខណៈអ៉ីរ៉ង់ និងកូរ៉េខាងជើងកំពុងដោះស្រាយជាមួយគោលនយោបាយ ២ផ្សេងគ្នារបស់សហរដ្ឋអាមេរិក ពួកគេក៏កំពុងរៀនសូត្រពីគ្នាទៅវិញទៅមកផងដែរ។ កូរ៉េខាងជើង និងអ៉ីរ៉ង់កាលពីអតីតកាលធ្លាប់ធ្វើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមីស៊ីល ហើយច្បាស់ណាស់ការវាយប្រហាររបស់អាមេរិកលើអ៉ីរ៉ង់បានបញ្ជូនសារយ៉ាងច្បាស់ទៅឱ្យលោក គីម ថាអាវុធនុយក្លេអ៊ែរជាមធ្យោបាយតែមួយគត់ដើម្បីកំញើញទប់ស្កាត់ការវាយប្រហារពីសហរដ្ឋអាមេរិក។ លើសពីនេះ កូរ៉េខាងជើងកាន់តែបានចិត្ត ក្រោយមើលឃើញថាសហរដ្ឋអាមេរិកមិនអាចកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់បានទាំងស្រុង។ អ៉ីរ៉ង់អាចនឹងទាញយកមេរៀនពីស្ដង់ដារ២របស់លោក ត្រាំ ហើយប្រហែលជាអាចសម្លឹងទៅរកកូរ៉េខាងជើង ដើម្បីស្វែងរកជំនួយក្នុងការស្ថាបនាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញក៏ថាបាន��

គោលនយោបាយទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរតែងតែជាជម្រើស២ រវាង «អាក្រក់ និងអាក្រក់បំផុត» ហើយរឿងមួយដែលគេពិបាកនឹងប្រកែក គឺថាវិធីសាស្ត្រតែមួយមិនអាចប្រើប្រាស់បានគ្រប់ស្ថានការណ៍នោះទេ។ បានន័យថាវិធីសាស្ត្រដាច់ខាតរបស់លោក ត្រាំ ចំពោះអ៉ីរ៉ង់អាចនឹងពង្រឹងជំហរចរចារបស់លោកជាមួយកូរ៉េខាងជើង។ ផ្ទុយទៅវិញ ជោគជ័យខាងការទូតរបស់លោក ត្រាំ ជាមួយកូរ៉េខាងជើងអាចនឹងជំរុញឱ្យអ៉ីរ៉ង់កាន់តែប្ដេជ្ញាចិត្តមិនចុះញ៉ម រហូតដល់អាចគិតថាទាល់តែមានអាវុធនុយក្លេអ៊ែរ ទើបអាចបង្ខំឱ្យសហរដ្ឋអាមេរិកធ្វើសម��បទាន៕

703.239 SRY
Khmer Dispatch
Write your comment...

Comments