តើទំនាក់ទំនងអាមេរិក-កូរ៉េខាងត្បូងប្រែប្រួលយ៉ាងណាខ្លះក្រោមអាណត្តិលោក ត្រាំ?

tikchhang

(សេអ៊ូល)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងសប្ដាហ៍នេះបានយល់ព្រមកាត់បន្ថយរយៈពេល និងបង្រួមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំឱ្យតូច តាមបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ការសម្រេចចិត្តបែបនេះរបស់លោក ត្រាំ បានបង្កឱ្យមានភាពរកាំរកូសសាជាថ្មីជាមួយសម្ព័ន្ធមិត្តដ៏សំខាន់មួយនៅក្នុងតំបន់ប៉ាស៊ីហ្វិកដូចជាកូរ៉េខាងត្បូងដែលធ្លាប់តឹងសសៃកជាមួយលោក ត្រាំម្ដងរួចមកហើយកាលពីអាណត្តិទី១។ កាន់តែសំខាន់ជាងនេះ វិធីសាស្ត្រដែលលោក ត្រាំកំពុងអនុវត្តជាមួយកូរ៉េខាងត្បូងក៏កំពុងធ្វើតេស្តផងដែរលើសម្ព័ន្ធភាពមានអាយុកាលជាង៧០ឆ្នាំមកនេះរវាងប្រទេសទាំង២។ 

* តើគោលនយោបាយរបស់លោក ត្រាំចំពោះកូរ៉េខាងជើង បានកែប្រែសម្ព័ន្ធភាពជាមួយកូរ៉េខាងត្បូងយ៉ាងដូចម្ដេច?
ដើម្បីបានជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៨ និងនៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០១៩ដដែល នៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២ លោក ត្រាំ បានងាកចេញពីការប្រើប្រាស់វោហាសាស្ត្រសម្លុតគំរាម ទៅជាប្រើភាសាផ្អែមល្ហែមវិញ។ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅសិង្ហបុរី លោក ត្រាំបានបញ្ជាឱ្យមន្ទីរបញ្ចកោណផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Ulchi Freedom Guardian ដែលជាទម្លាប់ធ្វើឡើងក្នុងខែសីហា ដោយនិយាយថាការធ្វើសមយុទ្ធនេះជាទង្វើបង្ករឿង និងចំណាយលុយច្រើនពេក។ នៅពេលនោះ​សមយុទ្ធហ្វឹកហាត់ជាច្រើនត្រូវបានលុបចោល ឬត្រូវបង្រួមឱ្យតូច។ 

តែទោះជាបែបនេះក្ដី កិច្ចចរចាក្នុងទីក្រុងហាណូយបានដួលរលំដោយមិនមានកិច្ចព្រមព្រៀងស្ដីពីការរំសាយនុយក្លេអ៊ែរនោះទេ ហើយភ្លាមៗនោះកូរ៉េខាងជើងកាន់តែពង្រីកខ្លាំងឡើងៗនូវសមត្ថភាពមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំឡើងវិញ ដោយផ្ដោតជាសំខាន់លើការហ្វឹកហាត់ទប់ទល់នឹងការគំរាមកំហែងពីដ្រូន និងការវាយប្រហារសាយប័រ។ បទបញ្ជាចុងក្រោយបំផុតរបស់លោក ត្រាំ ក្នុងសប្ដាហ៍នេះត្រូវបានគេមើលឃើញថាជាការស្ដារវិធីសាស្ត្ររបស់លោកកាលពីអាណត្តិទី១ឡើងវិញ នៅក្រោមស្ថានភាព២ផ្សេងគ្នា។ កូរ៉េខាងជើងបានពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរកាន់តែធំ បន្តធ្វើតេស្ដបាញ់មីស៊ីល និងបានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៉ី បូករួមមានការគាំទ្រពីចិន។ 

លោក ត្រាំ បាននិយាយថាទំនាក់ទំនងរបស់លោកជាមួយលោក គីម ជុងអ៊ុន នៅតែល្អ និងបានចាត់ទុកកូរ៉េខាងជើងថាមិនបង្កការគំរាមកំហែង និងបានប្រព្រឹត្តដោយការគោរពចំពោះរូបលោក នៅក្រោមអាណត្តិដឹកនាំសហរដ្ឋអាមេរិករបស់លោក។

* តើការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះការការពារសន្តិសុខកូរ៉េខាងត្បូង បានផ្លាស់ប្ដូរហើយឬ? 
លោក ត្រាំ បានចោទសួរម្ដងហើយម្ដងទៀតពីការចំណាយចាយវាយលើការរក្សាវត្តមានកងទ័ពអាមេរិកជាង ២៨ ៥០០នាក់នៅលើទឹកដីកូរ៉េខាងត្បូង បើទោះជាលោកទទូចថាសេអ៊ូលនៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់វ៉ាស៊ីនតោនក៏ដោយ។ ក្នុងអាណត្តិទី២នេះ លោក ត្រាំ ក៏បានជំរុញផងដែរឱ្យមានការធ្វើទំនើបកម្មសម្ព័ន្ធភាពជាមួយកូរ៉េខាងត្បូង ដើម្បីបើកផ្លូវឱ្យកងទ័ពអាមេរិកមានភាពបត់បែនខ្លាំងជាមុននៅក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមហួសពីតំបន់ឧបទ្វីបកូរ៉េ ជាពិសេសគឺចិន។ ការណ៍នេះបានបង្កជាភាពស្មុគស្មាញសម្រាប់សេអ៊ូល ដែលពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិកដើម្បីកំញើញកូរ៉េខាងជើង តែស្ទាក់ស្ទើរ និងមិនចង់ចូលរួមក្នុងជម្លោះណាមួយនៅតៃវ៉ាន់នោះទេ។ 

កិច្ចចរចាជាមួយលោក ត្រាំ សម្រេចបាននូវអាទិភាពមួយចំនួនរបស់កូរ៉េខាងត្បូង ដោយកាលពីឆ្នាំ២០២៥ លោក ត្រាំ បានប្រកាសបើកភ្លើងបៃតងឱ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជំរុញការបង្កើនកញ្ចប់ថវិការការពារជាតិ និងបានសន្យាពង្រីកតួនាទីរបស់កូរ៉េខាងត្បូងក្នុងការការពារសន្តិសុខ តែលោកនៅតែអះអាងថាការប្ដេជ្ញាចិត្តការពារសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោននៅតែមានភាពរឹងមាំ។ 

* ហេតុអ្វីការជួយចេញថ្លៃការពារនៅតែជាបញ្ហាចម្រូងចម្រាស? 
អំឡុងអាណត្តិទី១ លោក ត្រាំ បានទាមទារឱ្យសេអ៊ូលបង្កើនការចូលរួមចំណែកលើការចាយវាយរបស់កងទ័ពអាមេរិកដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង ដែលនេះបានបង្កឱ្យមានការព្រួយបារម្ភក្នុងទីក្រុងសេអ៊ូលថាលោក ត្រាំ អាចនឹងកាត់បន្ថយវត្តមានកងទ័ពអាមេរិក ប្រសិនបើកូរ៉េខាងត្បូងជំទាស់នឹងការទាមទាររបស់លោក។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានកិច្ចព្រមព្រៀងចេញថ្លៃការពាររួមគ្នាដោយគ្របដណ្ដប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ហើយក្រោមកិច្ចព្រមព្រៀងនេះកូរ៉េខាងត្បូងយល់ព្រមចេញថ្លៃការពារ ១,៥២ទ្រីលានវ៉ុន ឬស្មើនឹង ១,១ពាន់លានដុល្លារក្នុងឆ្នាំ២០២៦នេះ ដើម្បីរក្សាវត្តមានកងទ័ពអាមេរិក។ តែលោក ត្រាំនៅតែបន្តអះអាងថាកូរ៉េខាងត្បូងបានចេញលុយតិចតួចពេក រីឯសេអ៊ូលបានទទូចថាកិច្ចព្រមព្រៀងដែលមានស្រាប់គួរតែត្រូវបានគោរពអនុវត្តតាម។ 

* តើទំនាក់ទំនងពាណិជ្ជកម្មផ្លាស់ប្ដូរយ៉ាងណាខ្លះ? 
រដ្ឋបាលរបស់លោក ត្រាំ កាលពីអាណត្តិទី១ បានបើកកិច្ចចរចាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងបានដំឡើងពន្ធគយលើដែកថែបនាំចូលពីកូរ៉េខាងត្បូង។ ក្នុងអាណត្តិទី២វិញ លោក ត្រាំបានដាក់សម្ពាធពាណិជ្ជកម្មកាន់តែខ្លាំងជាងមុន។ ទីក្រុងវ៉ាស៊ីនតោនបានគំរាមដំឡើងពន្ធគយ ២៥ភាគរយ តែក្រោយមកយល់ព្រមបញ្ចុះមកនៅត្រឹម ១៥ភាគរយ ជាថ្នូរឱ្យកូរ៉េខាងត្បូងបង្កើនការវិនិយោគនៅក្នុងសហរដ្ឋអាមេរិក។ លោក ត្រាំ នៅតែបន្តគំរាមដំឡើងពន្ធគយ ដោយចោទប្រកាន់ថាទីក្រុងសេអ៊ូលមានភាពយឺតយ៉ាវ ក្នុងការអនុវត្តតាមអ្វីដែលខ្លួនបានសន្យានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានឈានដល់ជាមួយសហរដ្ឋអាមេរិក។ ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកក្នុងនោះរួមមានការអនុវត្តច្បាប់មួយចំនួនរបស់កូរ៉េខាងត្បូងលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដោយក្នុងនោះការស៊ើបអង្កេតរបស់កូរ៉េខាងត្បូងប្រព្រឹត្តលើក្រុមហ៊ុន e-commerce Coupang ចុះបញ្ជីនៅក្នុងសហរដ្ឋអាមេរិកបានបង្កជាភាពតានតឹងដល់ទំនាក់ទំនងទ្វេភាគី។ 

* ហេតុអ្វីការវិនិយោគរបស់កូរ៉េខាងត្បូងមានសារៈសំខាន់ម្ល៉េះ? 
បណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូងបានវិនិយោគយ៉ាងធំលើវិស័យ semiconductors រថយន្តអគ្គិសនី និងការសាងសង់នាវា។ កូរ៉េខាងត្បូងបានសន្យាថានឹងបោះទុនវិនិយោគ ៣៥០ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិក ដើម្បីទទួលបានការបន្ធូរបន្ថយពន្ធគយ។ ប៉ុន្តែការខ្វែងគំនិតគ្នាបានកើតឡើង បន្ទាប់ពីលោក ត្រាំ​បាននិយាយថាការវិនិយោគត្រូវតែធ្វើឡើងភ្លាមៗ ស្របពេលសេអ៊ូលបាននិយាយថាខ្លួននឹងវិនិយោគជាដំណាក់កាលនៅក្រោមរូបភាពជាកម្ចី ការធានារ៉ាប់រង និងការទិញភាគហ៊ុន ហើយបានព្រមានថាការបង់ជាសាច់ប្រាក់សុទ្ធអាចនឹងបង្កអស្ថិរភាពដល់សេដ្ឋកិច្ចរបស់ខ្លួន។ ក្រោយមកទៀត ភាពតានតឹងកាន់តែឡើងកម្ដៅ នៅពេលពលករកូរ៉េខាងត្បូងរាប់រយនាក់ត្រូវបានឃុំខ្លួនក្នុងឆ្នាំ២០២៥ អំឡុងប្រតិបត្តិការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់របស់រដ្ឋបាលលោក ត្រាំ នៅឯរោងចក្រ Hyundai-LG ក្នុងរដ្ឋ Georgia និងជំរុញឱ្យរដ្ឋាភិបាលសេអ៊ូលព្រមានដល់បណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូងពិចារណាឡើងវិញ លើគម្រោងវិនិយោគនៅសហរដ្ឋអាមេរិក។ 

* តើការគ្រប់គ្រងនយោបាយបានប្រែប្រួលយ៉ាងដូចម្ដេច? 
អាណត្តិទី២របស់លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមគាប់ជួនកូរ៉េខាងត្បូងមានរដ្ឋាភិបាលថ្មីមួយមាននិន្នាការសេរីនិយម និងមានទំនោរផ្សះផ្សារជាមួយកូរ៉េខាងជើង។ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ធ្លាប់បានជួយសម្របសម្រួលកិច្ចប្រឹងប្រែងការទូតរបស់លោក ត្រាំ ជាមួយលោក គីម ជុងអ៊ុន។ ប៉ុន្តែការខ្វែងគំនិតគ្នាអំពីការដាក់ទណ្ឌកម្ម និងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េបានបង្កជាភាពតានតឹង។ នៅក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កូរ៉េខាងត្បូងបានប្រកាន់យកជំហរម៉ឺងម៉ាតចំពោះកូរ៉េខាងជើង និងបានពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងជប៉ុន។ អាណត្តិទី២របស់លោក ត្រាំ វិញមើលទៅដូចជាត្រូវគ្នាដែរជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Lee Jae Myung ដែលគាំទ្រការបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង។ 

នយោបាយការទូតរបស់លោក ត្រាំដែលផ្ដោតលើទំនាក់ទំនងផ្ទាល់ខ្លួន ក៏បានជំរុញផងដែរឱ្យកូរ៉េខាងត្បូងស្វះស្វែងបង្កើតខ្សែបណ្ដាញនៅក្នុងសេតវិមាន។ តួយ៉ាង អំឡុងកិច្ចចរចាស្ដីពីពន្ធគយក្នុងឆ្នាំ២០២៥ ក្រុមមន្ត្រីកូរ៉េខាងត្បូងបានបើកកិច្ចចរចាដោយផ្ទាល់ជាមួយប្រធានសេនាធិការសេតវិមាន លោកស្រី Susie Wiles ដែលពួកគេជឿថាអាចបញ្ជាក់ប្រាប់ច្បាស់ៗពីបំណងរបស់លោក ត្រាំ។ 

គួរបញ្ជាក់ថា ការតែងតាំងលោកស្រី Michelle Steel ជាអតីតតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងមានដើមកំណើតកូរ៉េខាងត្បូង ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថាបានផ្ដល់ឱ្យលោក ត្រាំ នូវប្រេសិតម្នាក់ដែលមាននយោបាយស្របគ្នាជាមួយរូបលោក ខណៈរដ្ឋាភិបាលនៃប្រទេសទាំង២ កំពុងហែលឆ្លងការខ្វែងគំនិតគ្នាជុំវិញសំណុំរឿងកូរ៉េខាងជើង ការចំណាយលើវិស័យយោធា ពន្ធគយ និងការវិនិយោគ៕

1279.952 SRY
Khmer Dispatch
Write your comment...

Comments