តើអ្នកណាកំពុងទាញខ្សែញាក់ពីក្រោយខ្នងសមរភូមិបងប្អូនអាស៊ានមួយនេះ?

tikchhang

ភ្នំពេញ)៖ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាប្រទេសមីយ៉ាន់ម៉ា ដែលធ្លាប់តែជាដែនដីពោរពេញដោយសន្តិភាព (ព្រះពុទ្ធសាសនា) និងសក្តានុពលសេដ្ឋកិច្ចដ៏លេចធ្លោនៅតំបន់អាស៊ីអាគ្នេយ៍ បែរជាប្រែក្លាយទៅជាសមរភូមិសង្គ្រាមស៊ីវិលដ៏ស្រួចស្រាវ និងជាទីតាំងឧក្រិដ្ឋកម្មសាយប័រធំបំផុតមួយលើពិភពលោកទៅវិញ?
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានបកស្រាយមកកាន់បណ្ដាញព័ត៌មាន Fresh News នូវកត្តាសំខាន់ៗចំនួន៥ ដូចខាងក្រោម៖

១. ហេតុអ្វីបានជាប្រទេសជិតខាងអាស៊ានមួយនេះធ្លាក់ចូលក្នុងភក់ជ្រាំសង្គ្រាមមិនចេះចប់?
ដើម្បីយល់ពីជម្រៅនៃវិបត្តិយើងត្រូវមើលរូបភាពរួមនៃរចនាសម្ព័ន្ធជាតិរបស់មីយ៉ាន់ម៉ា៖ 
- ប្រជាជនសរុប៖ ប្រមាណ ៥៤,៥លាននាក់ (២០២៥)
- ភាពចម្រុះនៃជនជាតិ៖ មាន ១៣៥ជនជាតិ ដែលទទួលស្គាល់ផ្លូវការ
- ជនជាតិបាម៉ា (Bamar)៖ ៦៨% (កាន់កាប់អំណាច និងទីក្រុង)
- ជនជាតិភាគតិច៖ ៣២% (រស់នៅតំបន់ព្រំដែន និងជួរភ្នំ) រួមមាន ហ្សាន (Shan ៩%), ការ៉េន (Karen ៧%), រ៉ាឃីន (Rakhine ៤%), កាឈីន (Kachin ១,៥%) និងជិន (Chin ១%)។

ចាប់តាំងពីរដ្ឋប្រហារយោធានៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១មក មីយ៉ាន់ម៉ាមិនត្រឹមតែធ្លាក់ចូលក្នុងវិបត្តិនយោបាយផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជា «សមរភូមិប្រូកស៊ី» ដ៏ស្មុគស្មាញ រវាងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃរបបយោធាតាតម៉ាដាវ (Tatmadaw ដឹកនាំដោយឧត្តមសេនីយ៍ឯក មីន អ៊ុងលាំង) ជាមួយរដ្ឋាភិបាលរួបរួមជាតិ (NUG ដឹកនាំដោយឌូវ៉ា ឡាស៊ីឡា ) និងសម្ព័ន្ធមិត្តក្រុមប្រដាប់អាវុធជនជាតិភាគតិច (EAOs) មានដូចជាឧត្តមសេនីយ៍ Yawd Serk ឧត្តមសេនីយ៍ N'Ban La ជាដើម )។ តើមានអាថ៌កំបាំង និងផលប្រយោជន៍អ្វីខ្លះដែលលាក់ខ្លួននៅពីក្រោយ «វាំងនន» នៃសង្គ្រាមមួយនេះ?

២. ឫសគល់ប្រវត្តិសាស្ត្រ៖ តើសង្គ្រាមនេះទើបតែផ្ទុះឡើង ឬជាជំងឺរ៉ាំរ៉ៃរាប់ទសវត្សរ៍?
ឫសគល់នៃវិបត្តិនេះបានកកើតឡើងតាំងពីមុនសម័យទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨ម្ល៉េះ។ កិច្ចព្រមព្រៀងប៉ាងឡុង (Panglong Agreement) ឆ្នាំ១៩៤៧ ដែលបន្សល់ទុកដោយវីរបុរសជាតិ អ៊ុងសាន (Aung San) បានសន្យាផ្តល់ «ស្វ័យភាព និងសហព័ន្ធនិយម» ដល់ក្រុមជនជាតិភាគតិច ដូចជា កាឈីន (Kachin), ហ្សាន (Shan), ការ៉េន (Karen) និងជិន (Chin)។

ទោះជាយ៉ាងណាការធ្វើឃាតលោក អ៊ុងសាន និងការឡើងក្តាប់អំណាចរបស់ឧត្តមសេនីយ៍ នេ វិន (Ne Win) ក្នុងឆ្នាំ ១៩៦២ បានបង្កើតនូវរបបផ្តាច់ការយោធាតឹងរ៉ឹង ដោយផ្អែកលើមនោគមវិជ្ជាជាតិនិយមបាម៉ា (Bamar chauvinism)។ ការលុបបំបាត់សិទ្ធិស្វ័យតនេះហើយ ដែលបានបង្ខំឱ្យក្រុមជនជាតិភាគតិចបង្កើតកងទ័ពប្រដាប់អាវុធ (EAOs) ដើម្បីតស៊ូការពារខ្លួន រហូតបង្កើតបានជា «សង្គ្រាមស៊ីវិលអូសបន្លាយយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក»។

សង្គ្រាមស៊ីវិលមីយ៉ាន់ម៉ា មិនមែនទើបតែចាប់ផ្តើមនៅឆ្នាំ២០២១នោះទេ (រយៈពេលជាង ៥ឆ្នាំ នៃការវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរដែលយើងចាប់អារម្មណ៍) ប៉ុន្តែរដ្ឋប្រហារឆ្នាំ២០២១ គ្រាន់តែជា «ប្រេងសាំង» ដែលចាក់បន្ថែមលើភ្នំភ្លើងគុំនុំចាស់ ធ្វើឱ្យជម្លោះប្រែក្លាយពីសង្គ្រាមព្រំដែន មកជា «សង្គ្រាមស៊ីវិលទូទាំងប្រទេស» រហូតមកទល់សព្វថ្ងៃ។

៣. សេដ្ឋកិច្ចស្រមោល និងឧក្រិដ្ឋកម្មសាយប័រ៖ តើអ្នកណាកំពុងទាញយកផលប្រយោជន៍ពីសង្គ្រាម?
នៅពេលដែលសង្គ្រាមស៊ីវិលផ្ទុះឡើង តើប្រភពលុយរាប់ពាន់លានដុល្លារសម្រាប់ទិញអាវុធមកពីណា?
នៅពីក្រោយផ្សែងកាំភ្លើង មីយ៉ាន់ម៉ាបានប្រែក្លាយទៅជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆ្លងដែន និង «សេដ្ឋកិច្ចស្រមោល» យ៉ាងធំសម្បើម៖

- សំបុកជំរិតប្រាក់តាមអ៊ីនធឺណិត(Scam Centers)៖ តំបន់ដាច់ស្រយាលដូចជា Shwe Kokko, KK Park និងតំបន់កូកាំង (Kokang) បានក្លាយជាទីតាំងឆបោកតាមប្រព័ន្ធឌីជីថល (Pig-butchering scams) និងការជួញដូរមនុស្ស។ ផ្អែកតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (OHCHR) មនុស្សរាប់សែននាក់ត្រូវគេបោកបញ្ឆោតឱ្យទៅធ្វើការក្នុងមជ្ឈមណ្ឌលទាំងនេះ ដោយរកចំណូលខុសច្បាប់បានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

- ជំនួញគ្រឿងញៀន និងរ៉ែដ៏មានតម្លៃ៖ អង្គការ UNODC បានបញ្ជាក់ថា មីយ៉ាន់ម៉ាបានហក់ឡើងជា «ប្រទេសផលិតអាភៀនធំបំផុតលើពិភពលោក» ដោយសារសង្គ្រាមបានបំផ្លាញសេដ្ឋកិច្ចផ្លូវការ ហើយជំរុញឱ្យភាគីជម្លោះបែរមកពឹងផ្អែកលើការជួញដូរអាភៀន និងរ៉ែត្បូងភេស្ដ (Jade) ដើម្បីទ្រទ្រង់កងទ័ព។

៤. ល្បែងភូមិសាស្ត្រនយោបាយ៖ តើមហាអំណាច និងប្រទេសជិតខាងណាខ្លះកំពុងដើរតួជាអ្នកកេងចំណេញ?
សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ាមិនមែនជាវិបត្តិក្នុងស្រុកសាមញ្ញទៀតឡើយ ប៉ុន្តែវាបានក្លាយជាសមរភូមិប្រជែងឥទ្ធិពល និងផលប្រយោជន៍រវាងប្រទេសជិតខាង មហាអំណាចតំបន់ និងពិភពលោក៖

* រុស្ស៊ី (Russia) អាវុធ ថាមពល និងខ្នងបង្អែកការទូតយុទ្ធសាស្ត្រ៖
- ជំនួយយោធា និងបច្ចេកវិទ្យា៖ រុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់អាវុធ និងគ្រឿងយុទ្ធភណ្ឌធំបំផុតដល់របបតាតម៉ាដាវ រួមមាន យន្តហោះចម្បាំង Su-30, យន្តហោះប្រយុទ្ធ Yak-130 ឧទ្ធម្ភាគចក្រ Mi-35 និងប្រព័ន្ធការពារអាកាស។ អាវុធ និងបច្ចេកវិទ្យាសង្គ្រាមសាយប័ររបស់រុស្ស៊ី គឺជាឧបករណ៍ដ៏សំខាន់ដែលយោធាមីយ៉ាន់ម៉ាប្រើប្រាស់ក្នុងការវាយប្រហារផ្លូវអាកាសលើកងទ័ពតស៊ូ និងភាគតិចផ្តាច់ខ្លួន។
- កិច្ចសហប្រតិបត្តិការថាមពល និងនុយក្លេអ៊ែរ៖ ក្រុងម៉ូស្គូ និងក្រុងណៃពិដោ (Naypyidaw) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតមជ្ឈមណ្ឌលព័ត៌មានបច្ចេកវិទ្យានុយក្លេអ៊ែរ (Modular Small Reactor - SMR) និងការនាំចូលប្រេងក្នុងតម្លៃសម្បទានពីរុស្ស៊ី ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចយោធាដែលកំពុងរងទណ្ឌកម្ម។
- ការការពារលើឆាកអន្តរជាតិ៖ រុស្ស៊ីបានប្រើប្រាស់សិទ្ធិវេតូ (Veto) ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីរារាំងរាល់វិធានការ ឬទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងរបបយោធា។ ជាថ្នូរមកវិញ រុស្ស៊ីទទួលបានច្រកចេញឆ្ពោះទៅមហាសមុទ្រឥណ្ឌា និងការគាំទ្រនយោបាយពីតាតម៉ាដាវលើសង្គ្រាមនៅអ៊ុយក្រែន។

* ចិន (China) យុទ្ធសាស្ត្រ «ដើរខ្សែសងខាង» ដើម្បីផលប្រយោជន៍ផ្ទាល់ខ្�������ួន៖
- ប៉េកាំងត្រូវការស្ថិរភាពជាចាំបាច់ដើម្បីការពារ «ច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា (CMEC)» និងបំពង់ប្រេង/ឧស្ម័នធម្មជាតិឆ្ពោះទៅខេត្តយូនណាន។
- ចិនអនុវត្តនយោបាយពីរមុខ៖ ម្ខាងគាំទ្រ និងទទួលស្គាល់របបតាតម៉ាដាវផ្លូវការ ប៉ុន្តែម្ខាងទៀតបានបន្តផ្តល់ជំនួយ និងបើកដៃឱ្យសម្ព័ន្ធភាពបងប្អូនទាំង៣ (TNLA មានទ័ព ១៥,០០០, MNDAA មាន១០,០០០, AA មាន ៤៥,០០០) បើក «ប្រតិបត្តិការ ១០២៧» ដើម្បីបង្រ្កាបសំបុក Scam នៅតំបន់កូកាំង និងការពារព្រំដែនភាគខាងជើងរបស់ខ្លួនដោយមិនឆ្លងរបបកណ្តាល (នេះជាចំណុចដែលតាតម៉ាដាវមិនពេញចិត្ត)។

* សហរដ្ឋអាមេរិក (USA) ច្បាប់ BURMA Act និងទណ្ឌកម្មសេដ្ឋកិច្ច៖
- វ៉ាស៊ីនតោនប្រកាន់ជំហរប្រឆាំងរបបតាតម៉ាដាវយ៉ាងដាច់អហង្ការ តាមរយៈការអនុវត្ត «ច្បាប់ BURMA Act» ដើម្បីផ្តល់ជំនួយមិនមែនយុទ្ធភណ្ឌដល់រដ្ឋាភិបាលស្រមោល (NUG), កងទ័ព PDF និងក្រុមប្រជាធិបតេយ្យតាមរយៈព្រំដែនថៃ។
- អាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើធនាគាររដ្ឋ ក្រុមហ៊ុនប្រេង និងមេដឹកនាំយោធាមីយ៉ាន់ម៉ា ប៉ុន្តែការអន្តរាគមន៍នៅតែមានកម្រិត ដោយសារបារម្ភពីការបង្កើនសង្គ្រាមប្រូកស៊ី ផ្ទាល់ជាមួយចិន និងរុស្ស៊ី។

* ឥណ្ឌា (India) យុទ្ធសាស្ត្រសន្តិសុខព្រំដែន និងការរក្សាប្រៀបប្រកួតប្រជែង៖
- ញូវដេលីអនុវត្តនយោបាយ «ទន់ភ្លន់ និងប្រាកដនិយម» ដោយបន្តធ្វើការជាមួយរបបតាតម៉ាដាវ ដើម្បីធានាសន្តិសុខនៅតំបន់ប្រឈមមុខភាគឦសានរបស់ខ្លួន និងដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលចិន។
- ឥណ្ឌាបន្តវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា Kaladan Multi-Modal Transit Transport Project ទោះបីជាតំបន់ខ្លះត្រូវបានគ្រប់គ្រងដោយកងទ័ពអារ៉ាកាន (Arakan Army) ក៏ដោយ។

* ថៃ (Thailand) ផលចំណេញពីបញ្ហាជម្លោះ៖
ថៃឆ្លៀតទាញយកផលចំណេញផ្នែក សេដ្ឋកិច្ច (ការនាំចូលទំនិញ និងក្រុមហ៊ុនថាមពល PTTEP), ផ្នែក ភូមិសាស្ត្រនយោបាយ (ការធ្វើជាស្ពានតភ្ជាប់រវាងភាគីជម្លោះទាំងសងខាង ដើម្បីរក្សាឥទ្ធិពលបាងកក និងយកមុខមាត់ចំពោះចិន) និងផ្នែកកម្លាំងពលកម្ម (ការស្រូបយកកម្លាំងពលកម្មជំនាញ និងពលករមីយ៉ាន់ម៉ា ដើម្បីបំពេញចន្លោះប្រហោងសេដ្ឋកិច្ចរបស់ខ្លួន)។
វិបត្តិនយោបាយ និងសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ាបានប្រែក្លាយពីជម្លោះផ្ទៃក្នុង ទៅជា «សង្គ្រាមប្រូកស៊ី» រវាងមហាអំណាចពិភពលោក និងតំបន់យ៉ាងពេញទំហឹង ព្រោះទាំងរបបយោធាតាតម៉ាដាវ និងក្រុមប្រឆាំង (NUG/EAOs) បានធ្លាក់ចូលក្នុងអន្ទាក់នៃការពឹងផ្អែកលើអាវុធ ជំនួយហិរញ្ញវត្ថុ និងខ្នងបង្អែកការទូតពីបរទេសដែលធ្វើឱ្យពួកគេបាត់បង់ម្ចាស់ការលើការសម្រេចជោគវាសនាប្រទេសខ្លួន។

៥. សេណារីយោអនាគត និងច្រកចេញ៖ តើអាស៊ានអាចដោះស្រាយវិបត្តិនេះបានដែរឬទេ?
សរុបមកសំណួរថា «តើអាស៊ានអាចដោះស្រាយវិបត្តិមីយ៉ាន់ម៉ាបានដែរឬទេ?» ត្រូវឆ្លើយតបយ៉ាងច្បាស់ដូចតទៅ អាស៊ានគ្មានសមត្ថភាព ឬឥទ្ធិពលគ្រប់គ្រាន់ក្នុងការបញ្ចប់សង្គ្រាមនេះដោយផ្ទាល់បានឡើយ ដរាបណាគោលការណ៍ «មិនជ្រៀតជ្រែក» និងការធ្វើសេចក្តីសម្រេចតាម «កុងសង់ស៊ីស» នៅតែជាចំណងចងដៃតំបន់មួយនេះ។

ដើម្បីឱ្យវិបត្តិនេះឈានទៅដល់ «ចំណុចបញ្ចប់» ឬផ្លាស់ប្តូរទម្រង់ជាវិជ្ជមាន ទាមទារឱ្យមានលក្ខខណ្ឌវិនិច្ឆ័យសំខាន់ៗដូចខាងក្រោម៖
- ការផ្លាស់ប្តូរជញ្ជីងអំណាចយោធាទាំងស្រុង (Military Breakthrough)៖ លុះត្រាតែភាគីម្ខាង (កងទ័ពតស៊ូ NUG/EAOs ឬយោធាតាតម៉ាដាវ) អាចវាយបំបែកជញ្ជីងសមរភូមិ និងគ្រប់គ្រងដែនដីយុទ្ធសាស្ត្របានដាច់ស្រឡះ ដែលបង្ខំឱ្យភាគីម្ខាងទៀតទទួលស្គាល់បរាជ័យ ឬព្រមចូលតុចរចាដោយគ្មានលក្ខខណ្ឌ។
- កិច្ចព្រមព្រៀងរវាងមហាអំណាច (Great Power Alignment)៖ លុះត្រាតែចិន រុស្ស៊ី អាមេរិក និងឥណ្ឌាឈានដល់ចំណុចរួមមួយ ដោយយល់ឃើញថា «សង្គ្រាមអូសបន្លាយនៅមីយ៉ាន់ម៉ាកំពុងខាតបង់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់ពួកគេរៀងៗខ្លួន» ហើយកាត់ផ្តាច់ការផ្គត់ផ្គង់អាវុធ/លុយកាក់ដល់ភាគីជម្លោះ។
- ការផ្លាស់ប្តូរទម្រង់ការទូតអាស៊ាន (ASEAN Reform)៖ អាស៊ានត្រូវបង្កើតយន្តការ «ផ្សះផ្សាតាមឆន្ទៈនយោបាយឈ្នះ-ឈ្នះ» ដើម្បីជះឥទ្ធិពលលើរបបតាតម៉ាដាវ ជាជាងការប្រកាន់ខ្ជាប់នូវកុងសង់ស៊ីសដាច់ខាត។
- ការដួលរលំនៃសេដ្ឋកិច្ចស្រមោល៖ ការបង្រ្កាបជាសកលលើបណ្តាញឧក្រិដ្ឋកម្មឌីជីថល និងជំនួញគ្រឿងញៀនឆ្លងដែន ដើម្បីកាត់ផ្តាច់ប្រភពលុយដែលកំពុងចិញ្ចឹមសង្គ្រាមស៊ីវិលនេះ។

ត��មរយៈ កត្តាសំខាន់ៗទាំង៥ចំណុចខាងលើ លោកបណ្ឌិត ញិល រដ្ឋា មើលវាយតម្លៃថា សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា មិនមែនជា «រឿងផ្ទៃក្នុង» របស់ប្រទេសមួយទៀតឡើយ ប៉ុន្តែវាបានក្លាយជា «មហារីកសន្តិសុខ» សម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ជនភៀសខ្លួនជិត ៣,៥លាននាក់ ការរីកសាយភាយនៃគ្រឿងញៀន និងអំពើឆបោកតាមអ៊ីនធឺណិត កំពុងគំរាមកំហែងដល់ស្ថិរភាពតំបន់យ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើគ្មានដំណោះស្រាយយុត្តិធម៌ និងការរួមដៃគ្នាស៊ីជម្រៅពីសហគមន៍អន្តរជាតិទេនោះ «វាំងនននៃសង្គ្រាម» មួយនេះ នឹងបន្តបិទបាំងអនាគត និងក្តីសង្ឃឹមរបស់ប្រជាជនមីយ៉ាន់ម៉ារាប់លាននាក់ជារៀងរហូត។

ជាងនេះទៅទៀតវិបត្តិនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា «ការបែកបាក់សាមគ្គីភាពផ្ទៃក្នុង គឺជាដើមហេតុនៃការទាញខ្សែពីបរទេស និងក្រុមទុច្ចរិត»។ សន្តិភាព និងភាពរួបរួមជាតិ គឺជាខែលការពារតែមួយគត់ដែលទប់ស្កាត់មិនឱ្យជាតិសាសន៍មួយធ្លាក់ចូលក្នុងសោកនាដកម្មសង្គ្រាមស៊ីវិល និងជាន់ដានប្រវត្តិសាស្ត្រដ៏ឈឺចាប់៕

605.929 SRY
Khmer Dispatch
Write your comment...

Comments