ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចការ…

tikchhang

(ភ្នំពេញ)៖​ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ 

នៅក្នុងដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងទំនាក់ទំនងជាមួយសភាបារាំង ដើម្បីផ្លាស់ប្តូរបទ ពិសោធ និងរបៀបរបបការងារពាក់ព័ន្ធនឹងការងារទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិ និងលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង ពាក់ព័ន្ធនឹងការធ្វើទំនើបកម្ម និងការអភិវឌ្ឍបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏នឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃស្ថាប័នក្រុមប្រឹក្សារដ្ឋ (Conseil d’Etat) និងទីភ្នាក់ងារព័ត៌មានផ្នែកច្បាប់និងរដ្ឋបាល (Direction de l’informationlégale et administrative) ព្រមទាំងអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលបារាំង (Secrétariat général du Gouvernement) ដើម្បីផ្លាស់ប្តូរ បទពិសោធ និងឧត្តមានុវត្តន៍ល្អៗលើការងារពាក់ព័ន្ធនឹងវិស័យច្បាប់ ពិសេសលើការពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត,ការកែទម្រង់ច្បាប់ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តព្រមទាំងការកសាងមូលទិន្នន័យច្បាប់និងគេហទំព័រច្បាប់។

ក្រៅពីនេះ គណៈប្រតិភូក៏នឹងធ្វើទស្សនកិច្ចសិក្សាទៅកាន់បណ្ណសារដ្ឋានជាតិឯនាយសមុទ្រ (Archives nationales d’outre-mer) ដែលមានរក្សាទុកនូវបណ្ណសារដែលជាឯកសារមានតម្លៃជាប្រវត្តិសាស្រ្តជាច្រើនរបស់កម្ពុជា និងជួបពិភាក្សាពិគ្រោះយោបល់ជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យ និងសាស្រ្តាចារ្យច្បាប់ល្បីៗរបស់បារាំងលើការងារកាត់តែងច្បាប់ ពិសេសការរៀបចំតាក់តែងក្រមរដ្ឋបាល និងក្រមពាណិជ្ជកម្មកម្ពុជា។ 

គួរបញ្ជាក់ផងដែរថា កម្ពុជា និងបារាំង មានប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធច្បាប់ប្រហាក់ប្រហែលគ្នា ដោយសារឥទ្ធិពលនៃមរតករបស់អាណាព្យាបាលបារាំងនៅកម្ពុជាចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។

ក្នុងន័យនេះ ដំណើរទស្សនកិច្ចការងារនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការទទួលបាននូវបទពិសោធ និងឧត្តមានុវត្តន៍ល្អៗបន្ថែមទៀតពីក្រសួង ស្ថាប័នធំៗរបស់សាធារណរដ្ឋបារាំង សម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ពិសេសការពង្រឹងសមត្ថភាពមន្រ្តី និងស្ថាប័នបន្ថែមទៀត ក៏ដូចជាការធ្វើទំនើបកម្មស្ថាប័ន និងការកែទម្រង់ស្ថាប័នទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។

0.000 SRY
Khmer Brief
Write your comment...

Comments