តៃវ៉ាន់ស្នើជាផ្លូវការបង្កើនការចំណាយវិស័យការពារជាតិឆ្នាំ២០២៧

tikchhang

(តៃប៉ិ)៖ រដ្ឋាភិបាលកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បានដាក់សំណើជាផ្លូវការ នូវបំណងបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងអត្រា១៨ភាគរយ សម្រាប់ឆ្នាំក្រោយ ដែលធ្វើឱ្យថវិកានេះលើសពី ១ទ្រីលានដុល្លារតៃវ៉ាន់ (៣១,៤១ ពាន់លានដុល្លារអាមេរិក) ជាលើកដំបូង ស្របពេលដែលទីក្រុងតៃប៉ិ បន្តប្រឹងប្រែងពង្រឹងកម្លាំងយោធារបស់ខ្លួន ដើម្បីត្រៀមទប់ទល់ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តកញ្ចប់ថវិកាទូទៅសម្រាប់ឆ្នាំ២០២៧ រដ្ឋាភិបាលតៃវ៉ាន់ បានប្រកាសថា ការចំណាយលើវិស័យការពារជាតិក្នុងឆ្នាំ២០២៧ នឹងឈានដល់ ១,១២២៥ ទ្រីលានដុល្លារតៃវ៉ាន់ ដែលលើសពី ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP។ ថវិកានេះរួមបញ្ចូលទាំងមូលនិធិ សម្រាប់អតីតយុទ្ធជន និងកងកម្លាំងឆ្មាំសមុទ្រ ដែលមានតួនាទីជួយគាំទ្រដល់កងទ័ពជើងទឹក ក្នុងកិច្ចការពារតំបន់ដែនសមុទ្ររបស់តៃវ៉ាន់។ ដែនកោះនេះ ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំងមិនដែលបោះបង់ចោលជម្រើស ប្រើកម្លាំងដើម្បីគ្រប់គ្រងតៃវ៉ាន់ឡើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់ បានដាក់ការធ្វើទំនើបកម្មយោធា ជាគោលនយោបាយដ៏សំខាន់ ហើយបានប្តេជ្ញាជាបន្តបន្ទាប់ថា នឹងចំណាយឱ្យកាន់តែច្រើនទៅលើកិច្ចខិតខំការពារខ្លួន ក្នុងនោះរួមទាំងការអភិវឌ្ឍនាវាមុជទឹកផលិតនៅតៃវ៉ាន់ផ្ទាល់ ដោយសារការកើនឡើងការគំរាមកំហែងពីចិន។ កងទ័ពចិនបាននិងកំពុងប្រតិបត្តិការស្ទើរតែរាល់ថ្ងៃនៅក្នុងដែនទឹក និងដែនអាកាសជុំវិញតៃវ៉ាន់។ កាលពីសប្តាហ៍មុន តៃវ៉ាន់បានបញ្ចប់សមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន ហៅថា Han Kuang ដោយផ្តោតលើសេណារីយ៉ូប្រយុទ្ធជាច្រើន រួមមានទាំងរបៀបបំបែកការបិទខ្ទប់ដែនសមុទ្ររបស់ចិន។ ក្រសួងការពារជាតិចិន បានហៅសមយុទ្ធនោះថាជា ការសម្តែងល្ខោនឥតប្រយោជន៍ ដែលបង្កឱ្យមានភាពភ័យស្លន់ស្លោអំពីសង្គ្រាម៕

585.220 SRY
Khmer Dispatch
Write your comment...

Comments