ក៏ក្នុងន័យនេះ មានពុទ្ធបរិស័ទមួយចំនួនបានពោលថា ការដុតធូបទៀនជាដើម មិនមែនជាពុទ្ធសាសនាទេ។ រីឯបុគ្គលមួយចំនួន ក៏បានលើកឡើងថា លោកអ្នកប្រាជ្ញខ្មែរ តែងធម៌ «រតនបូជា» ដោយបទថា “ឥមេហិ ទីបធូបាទិ”ជាដើម ព្រោះអ្នកតែងជាកូនកាត់ចិន (អំណះអំណាងដោយច្រើនបានលើកឡើងថា សម្ដេចព្រះពោធិវ័ង្ស ហួត តាត ជាអ្នកតែងបទគាថានេះឡើង)។ ប៉ុន្តែក្នុងទីនេះ ខ្ញុំមិនលើកវែកញែកច្រើនទេ សូមលើកត្រឹមពំនោលថា «តើការអុជធូបទៀនជាដើម ជាពុទ្ធសាសនាដែរឬទេ?» ហើយអ្នកពោលថា ពុទ្ធសាសនាគ្មានការអុជធូបឡើយ មានតែបូជាទៀន តើពិតជាអ៊ីចឹងមែនឬ?
ពាក្យថា «ធូប» ក្នុងវចនានុក្រមខ្មែរ ភាគ១ បានពន្យល់ថា ជាគ្រឿងក្រអូបធ្វើដោយលម្អិតសំបកឈើ, ខ្លឹមឈើឬជ័រឈើមានក្លិនក្រអូបប្រហើរ, លញ់សូនដោយបន្ទោះជាស្នូលឬឥតស្នូលក៏មានខ្លះ សម្រាប់អុជបង្ហុយផ្សែងជាគ្រឿងបូជា (ជាគូគ្នានឹងទៀន)។ នៅក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ត្រង់បិលិន្ទវច្ឆត្ថេរបទានទី១ បានពោលពីអានិសង្សអ្នកថ្វាយ ប្រគេនធូបក្រអូបដល់ព្រះសាស្តា និងព្រះភិក្ខុសង្ឃមាន ១០ប្រការគឺ៖
១. សុគន្ធទេហោ មានរាងកាយក្រអូប
២. យសវា មានយស
៣. សីឃបញ្ញោ មានប្រាជ្ញារហ័ស
៤. កិត្តិមា មានកេរ្តិ៍ឈ្មោះ
៥. តិក្ខប្បញ្ញោ មានប្រាជ្ញាមុត
៦. ភូរិប្បញ្ញោ មានប្រាជ្ញាដូចផែនដី
៧. ហាសប្បញ្ញោ មានប្រាជ្ញាស្រស់ស្រាយ
៨. គម្ភីរបញ្ញវា មានប្រាជ្ញាជ្រៅ
៩. វេបុល្លបញ្ញោ មានប្រាជ្ញាទូលាយ
១០. ជវនសប្បញ្ញោ មានប្រាជ្ញាស្ទុះលឿន។
ចំណែកឯអ្នកថ្វាយ ប្រគេននូវប្រទីប បានអានិសង្ស ៣ប្រការ៖
១. ជាតិមា មានជាតិខ្ពង់ខ្ពស់
២. អង្គសម្បន្នោ បរិបូណ៌ដោយអវយវៈ
៣. បញ្ញវា ពុទ្ធសម្មតោ មានប្រាជ្ញាដែលព្រះពុទ្ធសន្មតហើយ។
ចំណែកខាងគម្ពីរអដ្ឋកថាក៏មានពោលដល់ ដូចជាក្នុងនិទានវគ្គអដ្ឋកថា កស្សបសំយុត្ត, ខុទ្ទកនិកាយ ថេរគាថាអដ្ឋកថា ត្រង់ចត្តាលីសនិបាតោ, អដ្ឋកថាអបទាន ត្រង់ពុទ្ធវគ្គោ ក៏បានពោលពីការថ្វាយ ប្រគេននូវធូបផងដែរ។ ប៉ុន្តែធូបទាំងនេះ ជាធូបដែលមានក្លិនក្រអូប ច្នៃពីខ្លឹមឈើ សម្បកឈើ ជាជ័រឈើជាដើម សម្រាប់ជាគ្រឿងសក្ការៈ។ ការបូជានូវធូបទៀនជាដើម ហៅថា អាមិសបូជា មានអានិសង្សដូចៗគ្នានឹងការបូជាគ្រឿងសក្ការៈនានាផងដែរ។
អាស្រ័យហេតុនេះ សូមពុទ្ធបរិស័ទកុំច្រឡំតទៀតថា វាមិនមែនមាននៅក្នុងពុទ្ធសាសនា ព្រោះតែការឮតៗគ្នា ដោយមិនបានឆ្លងកាត់ការសិក្សានូវព្រះត្រៃបិដក អដ្ឋកថា នាំឱ្យពោលវាទៈខុស ឬរហូតដល់ដៀមដាមដល់ដូនតាខ្មែរ ដែលបង្កើតឱ្យមានធម៌ «ឥមេហិ…»ជាដើមនេះ លោកមិនល្ងង់ខ្លៅនោះឡើយ។ គ្រាន់តែថា យើងបូជាដោយអាមិសបូជាទាំងនេះ ក៏ល្មមសមសួន កុំឱ្យជ្រុលពេក ដែលជាហេតុធ្លាក់ជ្រៅក្នុងជំនឿមិនសមគួរ។ សទ្ធាដែលមាន ត្រូវសម្បយុត្តជាមួយនឹងបញ្ញា។ រីឯអ្នកពន្យល់ធម៌ដល់ពុទ្ធបរិស័ទ ក៏គួរឆ្លៀតសិក្សាបន្ថែមជាប្រចាំ ចៀសវាងឮពីអ្នកនេះ អ្នកនោះ យកមកពោលតៗគ្នា ដឹកនាំឱ្យបរិស័ទឈ្លោះគ្នា យល់តាមទិដ្ឋិខ្លួន មិនចម្រើនដល់ព្រះសាសនាឡើយ៕


