វល្លិ៍ខ្លូត Gnetum Montanan Markgr


ឈ្មោះខ្មែរហៅថា វល្លិខ្លូត ឈ្មោះវិទ្យាសាស្ត្រ ៖ Gnetum montanum Markgr  មានដុះនៅក្នុង ប្រទេសប៊ូតាន ជួរភ្នំហិមាល័យ ប្រទេសនេបាល់ ចិន  ឥណ្ឌា លាវ ភូមា ថៃ  ម៉ាឡេសុី កម្ពុជា និង វៀតណាម នៅប្រទេសថៃមានដុះនៅខេត្ត ៖ អូប៊ុន  ឈៀងរាយ ឈៀងម៉ៃ ខ្លូត ជាលតាជាតិម្យ៉ាងច្រើនមានដុះក្នុងតំបន់ព្រៃវាលទំនាប ដើមអាចមានកម្ពស់រហូតដល់ ១០ម ស្លឹកស្រួចចុង ខ្លះទាល , ដើមខ្លូតនៅប្រទេសកម្ពុជាយើងមាន ៣ ប្រភេទ ដូចជា ៖ + វល្លិ៍ ខ្លូត ឈ្មោះវិទ្យាសាស្ត្រ ( Gnetum montanum Markgr ) + វល្លិ៍ ខ្លូតញី ឈ្មោះវិទ្យាសាស្ត្រ ( Gnetum gnemon ) + វល្លិ៍ ក្រអោ វល្លិ៍ ខ្លើត ឬ វល្លិ៍ខ្លូត ឈ្មោះវិទ្យាសាស្ត្រ ( Gnetum latifolium blume ) ស្ថិតក្នុងគ្រួសារតែមួយបែបនេះមែនប៉ុន្តែយើងពិបាកនឹងបែងចែកប្រភេទរបស់វាណាស់ ដោយសារតែផ្កានឹងដើមស្លឹក មានសណ្ឋានស្រដៀងគ្នាច្រើន ដែលជាហេតុធ្វើអោយយើងមិនអាចកំណត់អត្តសញ្ញាណនឹងភ្នែកផ្ទាល់បានថាមួយណាជាមួយណា ! ខ្លូតមានតួរដើមធំណាស់ខ្លះអាចមានមុខកាត់រហូតដល់កន្លះម៉ែត្រក៏មានដែរ មែកច្រើនដុះចេញនៅតាមតួរដើម មានរាងដូចទងស្លឹក ស្លឹកមានរាងពងក្រពើស្រួចចុង ដុះទល់មុខគ្នាលើទងស្លឹកតែមួយ និងមានចំនួនស្លឹកចាប់ពី ១ - ២គូ ! ផ្កាមានរាងជាគួរវែងលូតត្រង់បញ្ឈរឡើងលើ ផ្កាឈ្មោល មានរាងបង្កង់លូតតគ្នាដូចស្វេតច្ឆត្រ ផ្កាញី ដុះជាកញ្ចំ ក្នុងមួយកញ្ចំមានចំនួនប្រហែល ២០ផ្កា ! ផ្លែខ្លូតពេលខ្ចីមានពណ៌បៃតងខៀវ ពេលទំច្រើនមានពណ៌លឿង ប្រភេទខ្លះពេលទំមានពណ៌ក្រហម ផ្កាច្រើនចេញពីខែ ៦ - ៨ នឹងផ្លែច្រើនចេញនៅខែ ១០ - ១២ មានប្រភេទខ្លះចេញនៅចន្លោះ ខែ ៣ - ៥ ! នៅប្រទេសអាសានមួយចំនួនដូចជា ឥណ្ឌូណេស៊ី , ម៉ាលេសុី គេច្រើនយកផ្លែខ្ចីមកជាធ្វើម្ហូបញាំ និងស្លឹកធ្វើជាបន្លែស្រស់ ! អត្ថប្រយោជន៍ ៖ + ដើមគេអាចប្រើការជាងអុសដុតបាន + សរសៃយកចេញពីដើមអាចយកធ្វើបាវសម្រាប់ច្រកបានដូចក្រចៅដែរ + សរសៃដើមអាចយកធ្វើជាខ្សែសន្ទួចបាន និងអាចវេញសម្រាប់ធ្វើខ្សែរចំនងផ្សេងៗទៀតបានផងដែរ + ផ្លែទំនិងខ្ចីយើងអាចបរិភោគបានព្រោះវាមានជាតិម្សៅច្រើន + គ្រាប់អាចយកមកបំពងហូបបាន និងអាចប្រើសម្រាប់បិតជាស្រាក៏បាន + ជ័រដែលហូរចេញពីដើមអាចយកផលិតជាភេសជ្ជ សម្រាប់បរិភោគបានដូចជ័រដើមគដែរ + ស្លឹកខ្ចី ផ្កា និងផ្លែខ្ចីគេអាចហូបជាបន្លែបាន គុណសម្បត្តិរបស់រុក្ខជាតិ ៖ + ឬស នឹងដើមគេច្រើនប្រើជាថ្នាំបំបាត់ការឈឺចុកចាប់ ឈឺសន្លាក់ដៃសន្លាក់ជើង + ជួយបន្សាបការពុលអាហារ + ជួយបន្សាបពិសពស់ + ប្រើជាថ្នាំទំលាក់ព្រូន + ប្រើជាថ្នាំព្យាបាលជម្ងឺគ្រុនចាញ់ + ឬស ប្រើជាថ្នាំព្យាបាល រដូវស្រ្តីមកមិនទៀងទាត់ + ស្លឹកបុកហើយយកមកបិតនៅកន្លែងពស់ចិក + អាចប្រើបន្សាបសម្រាប់អ្នកញៀនអាភៀន ឬញៀនថ្នាំបាន កំរិតប្រើ ៖ ចន្លោះ ២០ - ៣០ក្រាមប៉ុន្នោះក្នុងមួយថ្ងៃ តម្រាឱសថបុរាណសៀម ៖ + តាមតម្រាឱសថបុរាណសៀមគេយកគល់ស្លឹកគ្រៃ លាយជាមួយនឹងសរសៃដើមខ្លូតខ្ចីស្រស់ យកមកស្ងោរជាមួយគ្នា អាចជួយបំបាត់អាការឈឺចុកចាប់តាមរាងកាយបាន ! + ដើមខ្លូត យកស្ងោរផឹក អាចជួយរក្សាកម្តៅក្នុងរាងកាយ + សំបកខ្លូត យកមកស្ងោរទឹកផឹក ជួយព្យាបាលជម្ងឺហើម + ឫសយកទៅស្ងោរផឹក ជួយព្យាបាលអាការៈពុល + គ្រាប់ខ្លូតយកមកបរិភោគ ជួយព្យាបាលជម្ងឺគ្រុនចាញ់ នៅប្រទេសឥណ្ឌា គេបានយកផ្លែខ្លូតមកផលិតជាថ្នាំបញ្ចុះជាតិអាសុីតក្នុងរាងកាយ និងជាថ្នាំសម្រាប់គ្រប់គ្រងជាតិស្ករនៅក្នុងឈាមផងដែរ ជួយរក្សាទម្ងន់អោយនៅថេរល្អ និងជាថ្នាំជំនួយដល់ប្រព័ន្ធការពាររាងកាយទៀតផង ! ទំនាក់ទំនងក្នុងសិល្បៈប្រពៃណីខ្មែរ ៖ ដូចយើងទាំងអស់គ្នាបានដឹងមកហើយថាផ្កាខ្លូតត្រូវបានបុព្វបុរសខ្មែរយើងយកមកប្រើជាគ្រឿងលម្អរតុបតែងកាយសម្រាប់ស្ត្រីខ្មែរនាសម័យបុរាណ នេះជាចំនុចមួយដែលគួរអោយកត់សំគាល់ឃើញថា ខ្លូតត្រូវបានប្រជាជនខ្មែរយើងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃតាំងពីសម័យបុរាណមកម្ល៉េះ ដូចជាការប្រើជា ឱសថបុរាណ ប្រើក្នុងការធ្វើអាហារ និងសម្រាប់តុបតែងកាយជាដើម។


ដូច្នេះហើយបានជាពួកគាត់បានឆ្លាក់ចេញនៅចម្លាក់អប្សារាដែលមានមានការរចនាម្កុដ និងចម្លាក់ផ្សេងៗទៀតចេញពីរុក្ខជាតិជាច្រើនប្រភេទ ប៉ុន្តែខ្ញុំជឿងថាពួកគាត់មិនមែនចេះតែចម្លងទៅលើគ្រប់រុក្ខជាតិនោះទេ ទាល់តែរុក្ខជាតិនោះមានទំនាក់ទំនងទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនាសម័យនោះផងដែរទើបគេលើកយកមកជាសំខាន់ ក្នុងការចម្លងការរចនាបែបធម្មជាតិមកជាសិល្បៈទំនើបនាសម័យនោះផងដែរ ! នៅសម័យដែលប្រទេសកម្ពុជាកំពុងមានវិបត្តិសង្រ្គាម ផ្លែខ្លូតត្រូវបានប្រជាជនកម្ពុជានិយមយកមកស្ងោរហូបជំនួសបាយ នេះក៏ព្រោះតែផ្លែរបស់វាមានជាតិម្សៅច្រើនអាចអោយយើងបរិភោគបាន ( តាមកំណត់ត្រាលោកស្រី ឌីផុន ប៉ូលីន សាស្ត្រាចារ្យ ផ្នែករុក្ខវិទូខ្មែរ ) ! នៅខេត្តកំពង់ចាម មានភូមិមួយនិយមធ្វើនំខ្លូតលក់ណាស់ តាមខ្ញុំគិតនំខ្លូតនេះពីមុនគេយកម្សៅចំរាញ់ចេញពីផ្លែខ្លូតមកធ្វើ ទើបបានជាគេដាក់ឈ្មោះវាថា នំខ្លូត លុះសម័យក្រោយគេយកម្សៅសម័យថ្មីដែលផលិតដោយសិប្បកម្មទំនើបមកធ្វើទើបបានជាគេលេងសូវស្គាល់ ចំនែកឯរូបរាងនំវិញនៅរក្សាជារាងផ្កាខ្លូតដដែល ! 


Comments