ពលវញាណ(កម្លាំងញាណ)នៃព្រះសម្មាសម្ពុទ្ធ
ដោយសារតែមានពាក្យសរសើរពីមហាជនថា ព្រះពុទ្ធមានបញ្ញាខ្លាំង ពូកែត្រិះរិះ ទើបព្រះពុទ្ធបានត្រាស់ជាមួយព្រះសារីបុត្តថា៖ ម្នាលសារីបុត្ត ! បុគ្គលណាពោលថា ធម៌ដែលតថាគតត្រាស់ដឹង បានមកពីការពិនិត្យត្រិះរិះពិចារណា បានមកពីការសិក្សាស្រាវជ្រាវដោយខ្លួនឯង បុគ្គលនោះបើមិនលះបង់គំនិតនេះទេ បើមិនលះបង់ចិត្តនេះទេ បើមិនលះបង់ទិដ្ឋិនេះទេ នឹងធ្លាក់នរកដូចជាគេយកទៅទំលាក់ ។ ព្រោះបុគ្គលកាលបើបរិបូណ៌ដោយសីល បរិបូណ៌ដោយសមាធិ បរិបូណ៌ដោយបញ្ញា រមែងបានសម្រេចជាព្រះអរហន្តអស់នូវអាសវៈធម៌ជាមិនខាន ! ។ ពុទ្ធវចនៈនេះចង់បញ្ជាក់ថា ធម៌ត្រាស់ដឹងដែលព្រះអង្គបានសម្តែង មិនមែនបានពីបញ្ញាថ្នាក់ពិចារណាស្រាវជ្រាវដូចជាអ្នកវិទ្យាសាស្ត្រធម្មតានោះទេ ព្រះធម៌នេះគឺកើតពីកម្លាំងសីល សមាធិ វិបស្សនា ដែលនាំឲ្យមានចក្ខុដ៏បរិសុទ្ធិ ញាណដ៏បរិសុទ្ធិកន្លងមនុស្សធម្មតា ដែលនាំឲ្យមានការសម្តែងដោយប្រពៃមិនឲ្យខុសភ្លាំងភ្លាត់ មិនអាចដកចេញឬថែមចូលបាន « ធម្មសច្ចៈ - បរិសុទ្ធំ - បរិបុណ្ណំ » ហើយព្រះអង្គបានប្រកាសសម្តែងដល់ជនទូទៅថា ធម៌ត្រាស់ដឹងនេះនឹងច្បាស់ពិតប្រាកដ នឹងបានរួចរំដោះពិតប្រាកដ គឺតាមរយះការបរិបូណ៌ដោយសីល សមាធិ បញ្ញា តែប៉ុណ្ណោះ ! ។

