ដោយសារតែមនុស្សគ្រប់រូបសុទ្ធតែបានឆ្លងកាត់ជាតិកំណើតរាប់មិនអស់នៅក្នុងសង្សារវដ្តដ៏វែងឆ្ងាយ យើងខ្លួនឯងក៏ធ្លាប់បានកើតជាសត្វច្រើនជាតិផងដែរ ។ គ្រាន់តែនឹកស្រមៃថា យើងត្រូវគេធ្វើទារុណកម្មនិងសម្លាប់យើង តើគួរឲ្យភ័យខ្លាចប៉ុណ្ណា ? ក្រៅពីនេះសត្វជាច្រើន នៅជុំវិញយើង អាចជាឪពុកម្តាយ កូនប្រុស កូនស្រី ឬ ជាសាច់ញាតិរបស់យើងពីអតីតជាតិ មនុស្សដែលយើងស្អប់បំផុត អាចជាឪពុកម្តាយដែលធ្លាប់បានថែថ្នមបីបាច់រក្សាការពារយើង មនុស្សដែលយើងស្រឡាញ់បំផុតក៏អាចជាមនុស្សដែលធ្លាប់បានធ្វើបាបយើងកាលជាតិមុន ! យើងមិនមានញាណទិព្វអាចដឹងរឿងនេះបានឡើយ ! ហេតុនេះ មានតែការរក្សាចិត្តកុំឲ្យស្រឡាញ់ស្អប់ខ្លាំងពេក កុំទើសទាស់ខ្លាំងពេក ! ។ពេលជិតស្លាប់ នឹកដល់អ្នកស្អប់ខ្លាំងក៏អាចកើតជាមួយ នឹកដល់អ្នកស្រឡាញ់ខ្លាំងក៏អាចកើតជាមួយ នឹកតែនិព្វានទើបផុតទុក្ខ ! សត្វទាំងឡាយតែងតក់ស្លុុតនឹងអាជ្ញា ព្រោះហេតុនេះបុគ្គលគប្បីធ្វើខ្លួនជាឧបមា(បើជាខ្លួនយើងវិញ តើយើងមានអារម្មណ៍បែបណា ?)មុននឹងធ្វើអំពើអ្វីៗទៅលើអ្នកដទៃ ! ។

