រឿងតំបូងបំផុតដែលមាននៅក្នុងគំនិតរបស់អ្នក គឺអ្នកបានគិតថា សមាធិគឺជាអ្វី ? មានការអនុវត្តផ្សេងគ្នាជាច្រើនទំរង់ ប៉ុន្តែនៅស្រុកខ្មែរភាគច្រើនគឺអនុវត្តការពិនិត្យខ្យល់ដង្ហើមតាមការបង្រៀនរបស់ព្រះពុទ្ធដែលមានកត់ត្រាទុកនៅក្នុងបិដកខ្មែរ ។ តំបូងគឺអ្នកត្រូវរក្សាសីល៥ឲ្យបានល្អជាមុនសិន ដើម្បីជួយឲ្យកើតសមាធិចិត្តផង នឹងដើម្បីការពារកុំឲ្យយកឋាមពលចិត្តទៅប្រើក្នុងផ្លូវខុសផង ។ សមាធិមិនមែនជាការស្វែងរកឬទ្ធិបារមី មិនមែនជាការអធិដ្ឋានបួងសួងសុំអង្វរករ មិនមែនជាការអនុវត្តតាមប្រពៃណីសាសនា គឺជាវិទ្យាសាស្ត្រអប់រំផ្លូវចិត្តថ្នាក់កំពូល(Super scientific)ដើម្បីគ្រប់គ្រងផ្លូវកាយនិងផ្លូវចិត្តរបស់ខ្លួនផ្ទាល់ នឹងនាំឲ្យមានការគិតផ្តោត សេចក្តីស្មោះត្រង់និងសប្បុរសធម៌ ។ ជាបច្ចេកទេសដោះស្រាយបញ្ហាពីជំរៅចិត្ត ដើម្បីជួយខ្លួនឯងនិងជួយអ្នកដទៃ គេអាចតាមដានអង្កេតដោយខ្លួនគេផ្ទាល់ ។ សមាធិដឹកនាំឲ្យអ្នកក្លាយជាមនុស្សដែលពោរពេញទៅដោយគំនិត ដែលមិនមែនជាគំនិតរវើរវាយ ហើយគេអាចទាញយកប្រយោជន៍ពីចិត្តបានយ៉ាងទូលំទូលាយទៀតផង !

