សូមក្រាបថ្វាយបង្គំលោកតា ពេលចៅអង្គុយពិចារណា រូបកាយ ខ្លួនឯងនិងអ្នកដ៏ទៃ ដោយញែកផ្នែកផ្សេងៗនៃរាងកាយមកដាក់ដោយឡែក សាច់ ស្បែក ឆ្អឹង ក្រចក ធ្មេញ សក់ ខ្ទុះ ឈាម ស្លេស ខ្លាញ់ គ្រឿងក្នុង ....ឃើញថាដូចជាមានអារម្មណ៍ស្ងប់ហើយ ពេលពិចារណាបែបនេះរឿយៗ ចិត្តចៅដូចជា លែងសូវខឹងប្រកាន់ដូចមុន ពេលជួបរឿងមិនសមបំណង។ ហើយអារម្មណ៏ការភ័យខ្លាច សេចក្តីស្លាប់ ជម្ងឺ ការព្រាត់ប្រាស ដូចជា លែងសូវមានខ្លាំងដូចមុន។ ហើយអារម្មណ៍ខ្លាចខ្មោចឬសាកសព ក៏កាត់បន្ថយបានច្រើន ។ ចៅព្យាយាមរក្សាសីលប្រាំជាប្រចាំ ឧបោសថរាល់ថ្ងៃសីល អោយទានចំពោះព្រះសង្ឃ ម្តាយឪពុក មនុស្សចាស់ សត្វអានាថា ហើយ ចម្រើននូវ អាការៈខាងលើរឿយៗ ចៅសង្កេតឃើញថា ស្រាលចិត្តស្រាលកាយ និង មានអារម្មណ៍ថាលែងសូវប្រកាន់នឹងរឿងក្នុងលោក ហើយកើតក្តីសង្វេគចំពោះសត្វដែលកំពុងទទួលនូវវិបាកកម្មឬកំពុងសាងនូវកម្មថ្មី។ សូមតា រីករាយអនុមោទនានូវចំនែកបុណ្យទាំងនេះផង។
សាធុៗ តាសូមអនុមោទនាបុណ្យចៅ ខំទៅណាចៅ ផ្លូវនេះរួចចាកទុក្ខបាន ព្យាយាមដដែលៗឲ្យបានច្រើនថ្ងៃច្រើនខែទៅចៅ កុំឆាប់ចូលកម្មដ្ឋានផ្សេងទៀតអី ព្រោះត្រូវអាធ្យាស្រ័យចៅហើយ។

