និទានគំនិត !

T
top-share

និទានគំនិត !
១- ជីដូនម្នាក់ចៅគាត់ឈឺរ៉ាំរៃយូរពេក គាត់បានទៅសុំស្បង់លោកយកមកកាត់អាវឲ្យចៅពាក់ដើម្បីកុំឲ្យចៅឈឺច្រើន ។ គាត់ទៅសុំចំលោកកំពុងអាពាធដោយសារជំងឺហឺត លោកតបថា ហើយចុះញោមមិនមើលអាត្មាទេហ្អី ! បើស្បង់នោះវាអាចជួយបាន ម៉្លេះអាត្មាមិនអង្គុយហត់ងឺតៗអញ្ចឹងទេ ។
២- នៅសមរភូមិមួយ មានទាហានម្នាក់បានរត់ទៅវត្តថ្វាយបង្គំសុំវត្ថុសក្តិសិទ្ធពីលោក លោកតាពោលថា អាត្មាគិតថាគ្មានអីសក្ត័សិទ្ធជាងក្រាបក្នុងរណ្តៅទេចៅ ហើយកុំរត់កាត់គ្រាប់ផ្តេសផ្តាស់ ! មើលចុះអាត្មាកំពុងតែជីករណ្តៅដែរហ្នឹងណា ! ។
៣- ដោយមួរម៉ៅនឹងការរកសុីខាត សុខទ្រាំមិនបានក៏ទៅរកហោរទាយបៀរនៅវត្តភ្នំ សុខពោលថា មើលអ្នកគ្រូ វាសនាខ្ញុំអីក៏អភ័ព្វម៉្លេះរកសុីចេះតែខាត តើឆ្នាំណា បានមានយីអ៊ុនឡើងនឹងគេ ? អ្នកគ្រូហុចបៀរមកឲ្យហើយនិយាយថា សាប់៩ដង ! ។ ក្រោយពីរាយសន្លឹកបៀរតាមក្បួនហើយ អ្នកគ្រូចាប់ទាយ ៖ ប្អូនឯងឆ្នាំក្រោយដឹងតែពីអណ្តែតហើយ បើប្អូនឯងរៀបគ្រូបាធ្យាយត្រូវ ! ចាំបងទៅជួយរៀបឲ្យ បើកមុខហុងស៊ុយកាត់ស៊យពីថ្ងៃរៀបចំទៅ ប្អូនឯងដឹងតែពីចូលឈឹបៗម៉ង ! បងអាណិតប្អូនឯងឃើញដូចមាននិស្ស័យ បងយកថ្លៃរៀបបាយសីថោកទេ យកតែបីរយដុល្លារចុះ ! សុខក៏ព្រម ហើយឲ្យលេខទូរស័ព្ទទៅគ្រូ ។ សុខដើរតយ ង៉យមកផ្ទះវិញ គេបានជួបភិក្ខុមួយអង្គនិមន្តតាមផ្លូវ លោកសួរថា ញោមមកពីណានឹង ? កូណាមកពីទស្សន៍ទាយរាសីឆ្នាំថ្មីនឹងណា (សុខបានរ៉ាយរ៉ាប់ទូលរឿងរ៉ាវដល់លោក) លោកញញឹមបន្តិចទើបពោល ញោមអើយ ! បើគ្រូអស់នោះគាត់ដឹងពីរបៀបមាន ម៉េចក៏គាត់មិនក្លាយជាអ្នកមានខ្លួនឯងទៅ ចាំឲ្យគេមានធ្វើអី ហើយបើថាក្លាយជាអ្នកមានមិនបានព្រោះខុសគ្រូ ចុះគ្រូអីក៏រហេមរហាមម៉្លេះ សិស្សអីក៏ល្ងង់ទៅរៀនវិជ្ជាពីគ្រូក្រីក្របែបនេះ ? កំពុងតែក្រផង អស់លុយរៀបបាយសីទៀត ! ញោមមើលពួកមហាសេដ្ឋីពិភពលោកមើល តើគេមានរៀបបាយសីគ្រូបាធ្យាយទេ ?ជីវិតតែងជួបរឿងឡើងចុះជាធម្មតាទេ បើឡើងហើយមិនចុះមានតែមិនងាប់ វាមិនដែលមានទេ ! សុខស្រាប់តែភ្លឺភ្នែកចែស លាន់មាត់ មែនផងតេជគុណ ! នៅមិននៅដើរឲ្យគេបោកលេង ! ហាៗៗៗ ។

Comments